1យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។2ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត3គឺអោយតែយើងបានរូបកាយថ្មីប្រសើរជាជាងគ្មាន។4ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និង ពិបាកចិត្ដ។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីអោយជីវិតលេបបំបាត់នូវអ្វីៗដែលរមែងតែងតែស្លាប់នេះ។5ព្រះជាម្ចាស់ផ្ទាល់បានតំរូវអោយយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចំាចិត្ដយើងផងដែរ។6ដូច្នេះ យើងមានចិត្ដក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់7ដ្បិតយើងដើរដោយមានជំនឿមិនមែនដោយមើលឃើញនោះទេ។8យើងមានចិត្ដក្លាហាន យើងចូលចិត្ដឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។9ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬ ក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាអោយតែបានគាប់ព្រះហឫទ័យព្រះអង្គ10ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីអោយម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ដ កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។11ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកអោយជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្ដយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្ដយើងដែរ)។12យើងមិនតែងតាំងខ្លួនឯង នៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសអោយបងប្អូនបានខ្ពស់មុខ ព្រោះតែយើងវិញ ដើម្បីអោយបងប្អូនអាចឆ្លើយតប នឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅហើយមិនគិតពីអ្វីៗក្នុងចិត្ដទេ។13ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតីនោះយើងវង្វេងស្មារតី ព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន14ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សំរាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។15ព្រះអង្គបានសោយទិវង្គតសំរាប់មនុស្សទាំងអស់ ដើម្បីអោយអស់អ្នកដែលមានជីវិត លែងរស់សំរាប់ខ្លួនឯងទៀតហើយ គឺរស់សំរាប់ព្រះអង្គដែលបានសោយទិវង្គត និង មានព្រះជន្មរស់ឡើងវិញសំរាប់គេ។16ដូច្នេះ ពីពេលនេះតទៅយើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀត ហើយទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដកាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។17ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មីអ្វីៗពីអតីតកាលបានកន្លងផុតទៅហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។18ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសំរុះសំរួលយើង អោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានអោយយើងមានមុខងារសំរុះសំរួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញដែរ។19នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសំរុះសំរួលមនុស្សលោកអោយជានានឹងព្រះអង្គដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។20ដូច្នេះយើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកអោយព្រះជាម្ចាស់សំរុះសំរួលបងប្អូនអោយជានានឹងព្រះអង្គវិញទៅ។21ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើអោយព្រះអង្គទៅជាតួបាបសំរាប់យើង ដើម្បីប្រោសយើងអោយបានសុចរិត រួមជាមួយព្រះគ្រិស្ដដែរ។