1ដោយយើងធ្វើការរួមជាមួយព្រះជាម្ចាស់ យើងសូមទូន្មានបងប្អូនថា កុំទទួលព្រះគុណរបស់ព្រះអង្គ យកមកទុកចោលជាអសារឥតការឡើយ2ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលថា: «យើងបានឆ្លើយតបមកអ្នក នៅគ្រាណាដែលយើងគាប់ចិត្ដ យើងបានជួយអ្នកនៅថ្ងៃណាដែលយើង សង្គ្រោះមនុស្សលោក។ គ្រាដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ គឺឥឡូវនេះហើយ! គឺឥឡូវនេះហើយ ជាថ្ងៃដែលព្រះជាម្ចាស់សង្គ្រោះមនុស្សលោក!3យើងមិនចង់អោយកើតមានរឿងអ្វីមួយដែលបណ្ដាលអោយនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយដើម្បីកុំអោយគេបន្ទោសមុខងាររបស់យើង។4ផ្ទុយទៅវិញ យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយស៊ូទ្រាំយ៉ាងខ្លាំង ដោយជួបនឹងទុក្ខលំបាកខ្វះខាត ភ័យបារម្ភ5គេវាយដំយើងគេឃុំឃាំងយើង គេលើកគ្នាមកប្រឆាំងនឹងយើង។ យើងធ្វើការធ្ងន់ អត់ងងុយ អត់អាហារ។6យើងតាំងខ្លួនជាអ្នកបំរើរបស់ព្រះជាម្ចាស់ ដោយមានចិត្ដបរិសុទ្ធ ដោយស្គាល់ព្រះជាម្ចាស់ ដោយមានចិត្ដអត់ធ្មត់ ចិត្ដសប្បុរស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដោយមានចិត្ដស្រឡាញ់ឥតពុតត្បុត7ដោយប្រកាសសេចក្ដីពិត ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ យើងយកសេចក្ដីសុចរិត ធ្វើជាអាវុធវាយប្រយុទ្ធ និង ការពារ8ទាំងទ្រាំទ្រ នៅពេលគេគោរពយើងក្ដី បន្ទាបបន្ថោកយើងក្ដី នៅពេលគេនិយាយអាក្រក់ ឬ និយាយល្អពីយើងក្ដី។ គេចាត់ទុកយើងថាជាជនបោកប្រាស់ តែយើងជាមនុស្សទៀងត្រង់។9គេចាត់ទុកយើងដូចជាអ្នកដែលគ្មាននរណាស្គាល់ តែមនុស្សទាំងអស់ស្គាល់យើងយ៉ាងច្បាស់។ គេចាត់ទុកយើងដូចជាមនុស្សហៀបនឹងស្លាប់ តែយើងពិតជានៅមានជីវិត។ គេធ្វើទារុណកម្មយើងតែយើងគ្មានទោសដល់ស្លាប់ទេ។10គេធ្វើអោយយើងមានទុក្ខព្រួយ តែយើងសប្បាយចិត្ដជានិច្ច។ យើងដូចជាអ្នកក្រ តែយើងបានធ្វើអោយមនុស្សជាច្រើនទៅជាអ្នកមាន យើងដូចជាគ្មានអ្វីសោះតែយើងមានសព្វគ្រប់ទាំងអស់វិញ។11បងប្អូនអ្នកក្រុងកូរិនថូសអើយ យើងនិយាយមកបងប្អូនដោយស្មោះអស់ពីចិត្ដឥតលាក់លៀមអ្វីឡើយ12យើងមិនចង្អៀតចង្អល់ចំពោះបងប្អូនទេ គឺបងប្អូនទេតើ ដែលមានចិត្ដចង្អៀតចង្អល់។13ខ្ញុំនិយាយមកបងប្អូន ដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្ដទូលាយជាមួយយើង ដូចជាយើងមានចិត្ដទូលាយចំពោះបងប្អូនដែរ។14សូមកុំសេពគប់ជាមួយអ្នកមិនជឿឡើយ។ តើសេចក្ដីសុចរិត និង សេចក្ដីទុច្ចរិតចូលរួមជាមួយគ្នាកើតឬទេ? តើពន្លឺ និង ភាពងងឹត ចូលរួមជាមួយគ្នាកើតឬទេ?15តើព្រះគ្រិស្ដ និង មារ សាតាំងចុះសំរុងគ្នាកើតឬទេ? តើអ្នកជឿ និង អ្នកមិនជឿមានទំនាក់ទំនងអ្វីនឹងគ្នា?16តើព្រះវិហារ របស់ព្រះជាម្ចាស់ និង ព្រះក្លែងក្លាយចូលគ្នាចុះឬទេ? យើងទាំងអស់គ្នាជាព្រះវិហាររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ដូចព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងស្ថិតនៅជាមួយពួកគេ ព្រមទាំងរស់នៅជាមួយពួកគេដែរ។ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ដ្ររបស់យើង»។17ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថាៈ «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញអោយដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ ឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា18យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រីរបស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។