1បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជំរះខ្លួនអោយបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីអោយបានវិសុទ្ធ ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។2សូមបងប្អូនយល់ចិត្ដយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើអោយនរណាហិនហោច ឬ ក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។3ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជំរាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និង ស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។4ខ្ញុំទុកចិត្ដលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្ដយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។5តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសំរាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាងគឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ដ យើងចេះតែបារម្ភ។6ក៏ប៉ុន្ដែ ព្រះជាម្ចាស់ដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។7យើងធូរចិត្ដ មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្ដចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើអោយខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។8ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើអោយបងប្អូនព្រួយចិត្ដ ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំអោយបងប្អូនព្រួយចិត្ដមួយគ្រាមែន)9ក៏ខ្ញុំសប្បាយចិត្ដនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្ដនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំអោយបងប្អូនកែប្រែចិត្ដគំនិត ដ្បិតបងប្អូនព្រួយចិត្ដដូច្នេះស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើអោយបងប្អូនខូចខាតអ្វីឡើយ។10តាមពិតទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំអោយកែប្រែចិត្ដគំនិតដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំអោយស្លាប់វិញ។11សូមគិតមើល៍ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្ដខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្ដនឹងអំពើអាក្រក់ មានចិត្ដគោរពកោតខ្លាចមានចិត្ដប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្ដឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្ដអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញអោយឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។12ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្ដអាក្រក់ ឬ គិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមក ដើម្បីអោយបងប្អូនមានឱកាសបង្ហាញទឹកចិត្ដខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខព្រះជាម្ចាស់។13ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្ដែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់អោយស្ងប់ចិត្ដ លែងព្រួយបារម្ភ។14ប្រសិនបើខ្ញុំបានខ្ពស់មុខបន្ដិចដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។15ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្ដទុកដាក់ស្ដាប់បង្គាប់ និង ទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្ដស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។16ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្ដបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។