Khmer

2 Timothy

2

1ដូច្នេះ កូនអើយ ចូរមានកម្លាំងឡើង ដោយពឹងផ្អែកលើព្រះគុណដែលយើងមានដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ។2សេចក្ដីទាំងអស់ដែលអ្នកបានឮពីខ្ញុំនៅមុខសាក្សីជាច្រើននាក់ ត្រូវប្រគល់អោយបងប្អូនណាដែលស្មោះត្រង់ និង មានសមត្ថភាពអាចបង្រៀនបន្ដទៅអ្នកផ្សេងទៀតចុះ។3ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។4ពេលទាហានចេញទៅច្បំាង គេមិនគិតពីបញ្ហាក្នុងជីវិតសាមញ្ញនេះទេ គឺគេគិតតែធ្វើយ៉ាងណា អោយអ្នកដែលកេណ្ឌខ្លួនពេញចិត្ដ។5រីឯកីឡាករវិញ គេអាចទទួលភួងជ័យបាន លុះត្រាតែគេប្រកួតត្រឹមត្រូវតាមក្បួន។6កសិករដែលបានធ្វើការយ៉ាងនឿយហត់ ត្រូវតែទទួលភោគផលមុនគេ។7ចូរពិចារណាអោយយល់សេចក្ដីដែលខ្ញុំនិយាយនេះ ដ្បិតព្រះអម្ចាស់នឹងប្រទានអោយអ្នក មានប្រាជ្ញា អាចយល់បានទាំងអស់។8ចូរនឹកដល់ព្រះយេស៊ូគ្រិស្ដ ដែលមានព្រះជន្មរស់ឡើងវិញ ព្រះអង្គជាប់ព្រះញាតិវង្សនឹងព្រះបាទដាវីឌស្របតាមដំណឹងល្អដែលខ្ញុំប្រកាស។9ខ្ញុំរងទុក្ខលំបាកព្រោះតែដំណឹងល្អនេះ រហូតដល់ត្រូវគេចាប់ចង ដូចជាបានប្រព្រឹត្ដអំពើអាក្រក់។ រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់វិញ គេពុំអាចចាប់ចងបានឡើយ។10ហេតុនេះហើយបានជាខ្ញុំសុខចិត្ដស៊ូទ្រាំគ្រប់យ៉ាង ដោយយល់ដល់អ្នកដែលព្រះជាម្ចាស់ បានជ្រើសរើស ដើម្បីអោយពួកគេទទួលការសង្គ្រោះ ដោយរួមក្នុងអង្គព្រះគ្រិស្ដយេស៊ូ ព្រមទាំងទទួល សិរីរុងរឿងដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចនោះដែរ។11ពាក្យនេះគួរអោយជឿ គឺថាៈ ប្រសិនបើយើងរួមស្លាប់ជាមួយព្រះអង្គ យើងក៏នឹងមានជីវិតរស់ រួមជាមួយព្រះអង្គដែរ។12ប្រសិនបើយើងស៊ូទ្រាំ យើងនឹងបានគ្រងរាជ្យជាមួយព្រះអង្គ។ ប្រសិនបើយើងបដិសេធមិនទទួលស្គាល់ព្រះអង្គ ព្រះអង្គក៏នឹងបដិសេធមិនទទួលស្គាល់យើងវិញដែរ។13ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់បានឡើយ។14អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឹងម៉ាត់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់អោយគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។15ចូរខំប្រឹងធ្វើយ៉ាងណា អោយបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និង ចូលជិតព្រះអង្គក្នុងឋានៈជាកម្មករដែលគ្មានអ្វីនាំអោយអៀនខ្មាស ព្រោះខ្លួនបានចែកផ្សាយព្រះបន្ទូលនៃសេចក្ដីពិត យ៉ាងត្រឹមត្រូវ។16ត្រូវចៀសវាងពាក្យព្រោកប្រាជ្ញដែលគ្មានន័យ គ្មានខ្លឹមសារ ដ្បិតពួកអ្នកចូលចិត្ដពាក្យព្រោកប្រាជ្ញបែបនេះ រមែងតែងតែឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។17ពាក្យសំដីរបស់ពួកគេ ប្រៀបបីដូចជាដំបៅ ស៊ីរូងកាន់តែជ្រៅទៅៗ ក្នុងចំណោមអ្នកទាំងនោះមានហ៊ីមេណាស និង ភីលេត។18អ្នកទាំងពីរបានឃ្លាតឆ្ងាយពីសេចក្ដីពិត ដោយពោលថា មនុស្សស្លាប់បានរស់ឡើងវិញ រួចហើយ គេក៏បានបង្វែរបងប្អូនខ្លះអោយលះបង់ជំនឿ។19ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលព្រះជាម្ចាស់បានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «ព្រះអម្ចាស់ស្គាល់កូនចៅរបស់ព្រះអង្គ» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពព្រះនាមព្រះអម្ចាស់ អ្នកនោះត្រូវតែងាកចេញអោយផុតពីអំពើទុច្ចរិត»។20នៅក្នុងផ្ទះមួយដ៏ធំ មិនមែនមានតែគ្រឿងប្រដាប់ធ្វើពីមាស ឬ ពីប្រាក់ប៉ុណ្ណោះទេ គឺមានគ្រឿងប្រដាប់ធ្វើពីឈើ និង ធ្វើពីដីដែរ មួយផ្នែកសំរាប់ប្រើប្រាស់ក្នុងឱកាសពិសេស មួយផ្នែកទៀត សំរាប់ប្រើប្រាស់ជាធម្មតា។21ដូច្នេះ ប្រសិនបើអ្នកណាម្នាក់ជំរះខ្លួនបានបរិសុទ្ធ ផុតពីអំពើអាក្រក់ទាំងនេះហើយ ព្រះជាម្ចាស់នឹងប្រើអ្នកនោះទុកដូចជាឧបករណ៍វិសេស វិសុទ្ធ មានប្រយោជន៍ដល់ម្ចាស់ និង ប្រើប្រាស់សំរាប់ធ្វើអំពើល្អគ្រប់យ៉ាង។22ចូរគេចចេញអោយផុតពីតណ្ហានៃយុវវ័យ ហើយខំប្រឹងស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីសុខសាន្ដ ជាមួយអស់អ្នកដែលគោរពព្រះអម្ចាស់ដោយចិត្ដបរិសុទ្ធ នោះវិញ។23ចូរចៀសវាងការជជែកវែកញែកដ៏ល្ងីល្ងើផ្ដេសផ្ដាស ត្រូវដឹងថា ការជជែកវែកញែកបែបនេះ បង្កអោយតែមានជម្លោះប៉ុណ្ណោះ24រីឯអ្នកបំរើរបស់ព្រះអម្ចាស់ មិនត្រូវអោយមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និង អធ្យាស្រ័យដល់គេ25ត្រូវមានចិត្ដស្លូតបូត ប្រដៅពួកអ្នកប្រឆាំង ក្រែងលោព្រះជាម្ចាស់នឹងប្រោសប្រទានអោយគេកែប្រែចិត្ដគំនិត ដើម្បីអោយគេបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់26ព្រមទាំងភ្ញាក់ស្មារតីឡើងវិញ ហើយដោះខ្លួនរួចពីអន្ទាក់របស់មារ ដែលបានចាប់ចងគេ បង្ខំអោយធ្វើតាមបំណងរបស់វា។