1អ្នកត្រូវដឹងអោយច្បាស់ថា នៅពេលចុងក្រោយបង្អស់ នឹងមានគ្រាលំបាក2មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ3គេជាមនុស្សអត់ចិត្ដ គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ដ ឃោរឃៅ ស្អប់អំពើល្អ4ជាមនុស្សមានចិត្ដក្បត់ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្ដសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។5គេសំដែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្ដែ គេបដិសេធមិនទទួល ស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញអោយឆ្ងាយ ពីមនុស្សប្រភេទនេះទៅ។6ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ដ្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ដ្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។7ស្ដ្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។8យ៉ាណែស និង យ៉ាមប្រេស បានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។9គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និង យ៉ាមប្រេសដែរ។10ចំពោះអ្នកវិញ អ្នកបានយកចិត្ដទុកដាក់ស្ដាប់ខ្ញុំនៅពេលដែលខ្ញុំបង្រៀន អ្នកបានឃើញកិរិយារបស់ខ្ញុំឃើញគំរោងការ ជំនឿ ការអត់ធ្មត់ការស្រឡាញ់ និង ការស៊ូទ្រាំរបស់ខ្ញុំ11អ្នកបានឃើញគេបៀតបៀនខ្ញុំ និង ឃើញទុក្ខលំបាកដែលកើតមានដល់ខ្ញុំ នៅក្រុងអន់ទីយ៉ូក ក្រុងអ៊ីកូនាម និង ក្រុងលីស្ដ្រា។ ខ្ញុំបានរងទុក្ខវេទនាដោយគេបៀតបៀនយ៉ាងខ្លាំង ក៏ប៉ុន្ដែ ព្រះអម្ចាស់បានរំដោះខ្ញុំអោយរួចផុតទាំងអស់។12អស់អ្នកដែលចង់រស់នៅ ដោយគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងព្រះគ្រិស្ដយេស៊ូ មុខជាត្រូវគេបៀតបៀនដូច្នេះឯង។13រីឯមនុស្សអាក្រក់ និង អ្នកបោកប្រាសវិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗទាំងនាំអ្នកផ្សេងអោយវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។14ចំពោះអ្នក ត្រូវកាន់តាមសេចក្ដីដែលអ្នកបានរៀន និង យកធ្វើជាគោលជំនឿ អោយខ្ជាប់ខ្ជួនឡើង! អ្នកដឹងច្បាស់ហើយថា អ្នកបានរៀនសេចក្ដីទាំងនេះពីនរណាមក!។15អ្នកស្គាល់ព្រះគម្ពីរតាំងតែពីនៅកុមារម៉្លេះ ហើយព្រះគម្ពីរអាចផ្ដល់អោយអ្នកមានប្រាជ្ញាដើម្បីនឹងទទួលការសង្គ្រោះ ដោយមានជំនឿលើព្រះគ្រិស្ដយេស៊ូ។16គ្រប់អត្ថបទគម្ពីរ សុទ្ធតែព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកបំភ្លឺអោយតែង និង មានប្រយោជន៍សំរាប់បង្រៀន រកខុសត្រូវ កែតម្រង់ និង អប់រំអោយរស់តាមសេចក្ដីសុចរិត17ក្នុងគោលបំណងអោយអ្នកបំរើរបស់ព្រះជាម្ចាស់ មានសមត្ថភាព និង ប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។