Khmer

Acts

14

1នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និង លោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ របស់ជនជាតិយូដាហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និង ជនជាតិក្រិកដ៏ច្រើន លើសលប់នាំគ្នាជឿ។2ប៉ុន្ដែ ជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និង ជំរុញគេអោយមានចិត្ដប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។3លោកប៉ូល និង លោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្ដអង់អាច ដោយទុកចិត្ដលើព្រះអម្ចាស់ ដែលទ្រង់បានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺទ្រង់ប្រោសប្រទានអោយលោកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ផ្សេងៗ។4មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដាអ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក ។5សាសន៍ដទៃ និង សាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និង ចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។6លោកប៉ូល និង លោកបារណាបាសយល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និង ក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ7ហើយផ្សព្វផ្សាយដំណឹងល្អ នៅទីនោះ។8នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ9គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសំឡឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន10លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរអោយត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។11កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។12គេហៅលោកបារណាបាសថា «ព្រះសេយូស» និង ហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។13បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុងបានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។14កាលសាវ័ក បារណាបាស និង សាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖15«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ មកជំរាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និង អ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។16នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយអោយជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។17ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសំដែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយដើម្បីអោយគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និង ប្រទានភោគផលមកបងប្អូនតាមរដូវកាលធ្វើអោយបងប្អូន មានម្ហូបអាហារដ៏បរិបូណ៌ និង មានអំណរសប្បាយក្នុងចិត្ដផង»។18ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនអោយធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។19បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និង ក្រុងអ៊ីកូនាម បានទាក់ទាញចិត្ដមហាជនអោយចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។20ប៉ុន្ដែ ក្រុមសិស្ស នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។21លោកប៉ូល និង លោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនអោយធ្វើជាសិស្ស ។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និង ក្រុងអន់ទីយ៉ូកវិញ។22លោកដាស់តឿនពួកសិស្សអោយតាំងចិត្ដមាំមួន និង លើកទឹកចិត្ដគេអោយមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីអោយបានចូលក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់»។23លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន និង តមអាហាររួចហើយលោកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។24បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។25លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។26នៅទីនោះលោកនាំគ្នាចុះសំពៅវិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសំរេចនេះ។27កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំអោយមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និង រៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវអោយសាសន៍ដទៃជឿ។28បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។