1មានអ្នកខ្លះមកពីស្រុកយូដានាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួល ពិធីកាត់ស្បែក តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។2លោកប៉ូល និង លោកបារណាបាសបានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសំរេចចិត្ដចាត់លោកប៉ូល និង លោកបារណាបាសអោយទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីអោយទៅជំរាបក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ អំពីរឿងនេះ។3ក្រុមជំនុំ បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្ដមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើអោយបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។4កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជំរាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។5ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកអោយសាសន៍ដទៃ ហើយត្រូវបង្គាប់គេអោយប្រតិបត្ដិតាមវិន័យ របស់លោកម៉ូសេដែរ។6ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។7ពេលនោះ មានការជជែកវែកែញកគ្នាយ៉ាងខ្លាំងទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីអោយខ្ញុំផ្សព្វផ្សាយដំណឹងល្អ ដល់សាសន៍ដទៃ អោយគេបានឮ និង បានជឿដែរ។8ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្ដគំនិតរបស់មនុស្ស ទ្រង់បានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួល ពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ អោយគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។9ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេអោយបានបរិសុទ្ធ ដោយជំនឿ។10ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹម ដែលបុព្វបុរសរបស់យើង និង ខ្លួនយើងផ្ទាល់ មិនអាចទ្រំាទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!11ទេមិនបានទេ!ដ្បិតយើងជឿថាទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។12ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និង លោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសំគាល់ដ៏អស្ចារ្យ និង ឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសំដែង នៅកណ្ដាលចំណោមសាសន៍ដទៃតាមរយៈលោក។13លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖14«បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាអោយធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។15រីឯព្រះបន្ទូលដែលពួកព្យាការី បានថ្លែងក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖16លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទីឡើងវិញ17ពេលនោះមនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ដ្រ របស់យើងក៏នឹងស្វែងរកយើងដែរ។18នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល សំដែងការទាំងនេះអោយមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។19ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើអោយមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្ដវិលមករកព្រះជាម្ចាស់វិញនោះឡើយ20ប៉ុន្ដែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំអោយបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាតកុំអោយរួមរស់ជាមួយគ្នា ដោយមិនរៀបការ កុំអោយបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់ក និង កុំអោយបរិភោគឈាម21ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗគេតែងប្រកាសវិន័យ របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោក រៀងរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំ »។22ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និង ក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរពដើម្បីចាត់អោយទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និង លោកបារណាបាស។ គេបានជ្រើសយកលោកយូដាសហៅបារសាបាស និង លោកស៊ីឡាស។23ក្រុមជំនុំបានប្រគល់សំបុត្រមួយ អោយលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និង ជាបងប្អូន សូមជំរាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និង ស្រុកគីលីគា។24យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំអោយបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលអោយបងប្អូនមានកង្វល់ក្នុងចិត្ដ។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះអោយមកទេ។25យើងខ្ញុំទាំងអស់គ្នាបានសំរេចចិត្ដជ្រើសរើសយកគ្នាយើងខ្លះ ចាត់អោយមកជួបបងប្អូនជាមួយលោកប៉ូល និង លោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង26ជាអ្នកដែលបានសុខចិត្ដបូជាជីវិតរបស់ខ្លួនបំរើព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។27ហេតុនេះយើងខ្ញុំសុំចាត់លោកយូដាស និង លោកស៊ីឡាស អោយនាំពាក្យដដែលនេះ យកមកជំរាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។28ព្រះវិញ្ញាណដ៏វិសុទ្ធ និង យើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ ណាផ្សេងទៀតដែលមិនចាំបាច់មកបង្ខំបងប្អូនអោយប្រតិបត្ដិតាមឡើយ29យើងគ្រាន់តែសុំអោយបងប្អូនចៀសវាងកុំប្រព្រឹត្ដដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាកកុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់ក និង កុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្ដិដូច្នេះបាន នោះប្រពៃហើយ។ សូមអោយបងប្អូនបានប្រកបដោយសេចក្ដីសុខ»។30ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។31គេបានអានសំបុត្រហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។32លោកយូដាស និង លោកស៊ីឡាស ដែលជាព្យាការី មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និង ពង្រឹងជំនឿរបស់បងប្អូន។33បន្ដិចក្រោយមក ពួកបងប្អូនសុខចិត្ដអោយលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំដែលបានចាត់គេអោយមកនោះវិញ ទាំងជូនពរអោយលោកធ្វើដំណើរប្រកបដោយសុខសាន្ដ។34ប៉ុន្ដែ លោកស៊ីឡាសសំរេចចិត្ដស្នាក់នៅទីនោះបន្ដទៅទៀត។35រីឯលោកប៉ូល និង លោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និង ផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។36ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។37លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ38ប៉ុន្ដែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។39លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាស បាននាំលោកម៉ាកុសទៅជាមួយរួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។40រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើ ព្រះហឫទ័យប្រណីសន្ដោសរបស់ ព្រះអម្ចាស់41លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និង ស្រុកគីលីគាទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។