Khmer

Acts

16

1លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ដ្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក2គាត់មានកេរ្ដិ៍ឈ្មោះល្អ ក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និង បងប្អូននៅក្រុងអ៊ីកូនាម។3លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើ ពិធីកាត់ ស្បែក អោយព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។4នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿអោយដឹង អំពីសេចក្ដីសំរេចរបស់ក្រុមសាវ័ក និង ក្រុមព្រឹទ្ធាចារ្យ នៅក្រុងយេរូសាឡឹម ហើយសុំអោយគេអនុវត្ដតាម។5ក្រុមជំនុំនានា ក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។6ព្រះវិញ្ញាណដ៏វិសុទ្ធ បានឃាត់ពួកលោកប៉ូល មិនអោយទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និង ដែនដីកាឡាទី។7ពេលទៅដល់ជិតស្រុកមីស៊ាលោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្ដែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតអោយទៅទេ។8ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។9នៅពេលយប់ លោកប៉ូលបាននិមិត្ដឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។10ក្រោយពេលលោកបានឃើញនិមិត្ដហេតុអស្ចារ្យនេះ ហើយយើង ក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងអោយទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។11នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតំរង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើងយើងបានទៅដល់ក្រុងនាប៉ូល12រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។13នៅថ្ងៃសប្ប័ទ យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន ។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ដ្រីដែលមកជួបជុំគ្នានៅទីនោះ។14មានស្ដ្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និង ជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ព្រះអម្ចាស់ក៏បានបំភ្លឺចិត្ដគំនិតនាង អោយយកចិត្ដទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។15បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថានាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំអោយ យើងយល់ព្រមតាមសេចក្ដីអញ្ជើញរបស់នាង។16មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន មានស្រីបំរើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូលនាំអោយនាងចេះទាយ ធ្វើអោយពួកម្ចាស់របស់នាងបានទទួលកំរៃយ៉ាងច្រើន។17នាងដើរតាមក្រោយលោកប៉ូល និង យើងទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបំរើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។18នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។19កាលពួកម្ចាស់របស់ស្រីបំរើនោះឃើញថាលែងមានសង្ឃឹមនឹងបានកំរៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និង លោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅលានសាធារណៈក្នុងទីក្រុង។20ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កអោយមានចលាចលនៅក្នុងក្រុងយើង។21គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើងជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬ អនុវត្ដតាមបានឡើយ»។22បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាអោយគេដោះសម្លៀកបំពាក់លោកប៉ូល និង លោកស៊ីឡាសចេញ រួចបញ្ជាអោយវាយនឹងរំពាត់។23ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាអោយយាមយ៉ាងមធ្យ័តផង។24ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និង ដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។25ប្រមាណជាពាក់កណ្ដាលអាធ្រាត្រ លោកប៉ូល និង លោកស៊ីឡាស នាំគ្នាអធិស្ឋាន និង ច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។26រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលអោយកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។27ពេលនោះឆ្មាំគុកភ្ញាក់ឡើងលុះគាត់ឃើញទ្វារគុករបើកដូច្នេះគាត់ក៏ហូតដាវបំរុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។28ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅ ឯនេះទេ!»។29ឆ្មាំគុកសុំអោយគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខ លោកប៉ូល និង លោកស៊ីឡាស ទាំងញាប់ញ័រ។30គាត់នាំលោកទាំងពីរចេញមកក្រៅពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណាដើម្បីអោយបានទទួលការសង្គ្រោះ?»។31លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅនោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។32បន្ទាប់មកលោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និង ប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។33ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និង ក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។34គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និង ក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយដោយបានជឿលើព្រះជាម្ចាស់។35លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតអោយទៅប្រាប់ឆ្មាំគុកថា៖«ចូរដោះលែងអ្នកទាំងនោះទៅ!»។36ឆ្មាំគុកបាននាំដំណឹងនេះទៅជំរាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់អោយដោះលែងលោកហើយដូច្នេះ សូមលោកចេញទៅអោយបានសុខសាន្ដចុះ»។37ប៉ុន្ដែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជំរះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ!ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដងទើបបាន»។38ពួកតំរួតនាំពាក្យនេះទៅជំរាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ញាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។39គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោក និង អង្វរអោយលោកចាកចេញពីក្រុងនោះផង។40លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្ដគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។