Khmer

Acts

17

1លោកប៉ូល និង លោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និង ក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ មួយរបស់សាសន៍យូដា។2លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ ក្នុងអំឡុងបីសបា្ដហ៍។3លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្ដត្រូវតែរងទុក្ខវេទនា និង មានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ដគឺព្រះយេស៊ូដែលខ្ញុំបានជំរាបបងប្អូននេះហើយ»។4ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និង លោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និង មានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។5រីឯជនជាតិយូដាវិញ គេមានចិត្ដច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវមកបំបះបំបោរប្រជាជន អោយកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និង លោកស៊ីឡាស យកទៅអោយប្រជាជនកាត់ទោស6តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និង បងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កអោយជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។7យ៉ាសូនបានទទួលពួកគេអោយស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្ដខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថាមានស្ដេចមួយអង្គទៀត នាមយេស៊ូ»។8ពាក្យនេះបានធ្វើអោយបណ្ដាជន និង លោកអភិបាលក្រុងខ្វល់ចិត្ដ។9គេបានសុំអោយលោកយ៉ាសូន និង អ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្ដដោះលែងអោយទៅវិញ។10ពួកបងប្អូនបានបណ្ដោះលោកប៉ូល និង លោកស៊ីឡាស អោយចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ របស់សាសន៍យូដា។11សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្ដល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្ដស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីអោយដឹងថាសេចក្ដីដែលលោកប៉ូល និង លោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬ យ៉ាងណា។12ក្នុងចំណោមពួកគេមានច្រើននាក់បានជឿ ហើយមានស្ដ្រីៗអ្នកមុខអ្នកការជាតិក្រិក និង មានបុរសជាច្រើនបានជឿដែរ។13ប៉ុន្ដែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិក ដឹងថាលោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនអោយជ្រួលច្របល់ឡើង។14ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និង លោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។15ពួកអ្នកជូនដំណើរលោកប៉ូល បានមកជាមួយលោករហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជំរាបលោកស៊ីឡាស និង លោកធីម៉ូថេ អោយមកតាមលោកយ៉ាងប្រញាប់បំផុត។16ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និង លោកធីម៉ូថេ នៅក្រុងអាថែនលោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។17លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និង ជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។18មានទស្សនវិទូខ្លះខាងអេពីគួរ និង ខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «ប្រហែលគាត់ជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ ស្ដីអំពីព្រះយេស៊ូ និង អំពីការរស់ឡើងវិញ។19គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូសហើយពោលមកលោកថា៖ «តើលោកអាចប្រាប់អោយយើងដឹង អំពីលទ្ធិថ្មីដែលលោកបង្រៀននោះបានឬទេ?20ដ្បិតយើងបានឮលោកថ្លែងរឿងចំឡែកៗ យើងចង់ដឹងអត្ថន័យណាស់»។21អ្នកក្រុងអាថែន និង ជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយឬ ស្ដាប់រឿងថ្មីៗនោះឡើយ។22លោកប៉ូលក្រោកឈរ នៅកណ្ដាលអង្គប្រជុំនៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖«អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់23ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយដែលមានចារឹកអក្សរថា "សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់"។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។24ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និង បង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ និង ព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារដែលមនុស្សសង់នោះឡើយ25ហើយព្រះអង្គក៏មិនត្រូវការអោយមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និង ប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។26ព្រះអង្គប្រទានអោយប្រជាជាតិនានា កើតចេញមកពីមនុស្សតែម្នាក់ ហើយអោយគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និង កំណត់ព្រំដែនអោយមនុស្សរស់នៅ។27ព្រះជាម្ចាស់ធ្វើដូច្នេះដើម្បីអោយគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះប្រហែលជាគេនឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ28ដ្បិតយើងមានជីវិត មានចលនា និង មានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ "យើងក៏ជាពូជរបស់ព្រះអង្គដែរ"។29ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬ ថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។30ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោកក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែងអោយគេកែប្រែចិត្ដគំនិត31ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះអោយរស់ឡើងវិញ ទុកជាភស្ដុតាងសំរាប់មនុស្សទាំងអស់»។32កាលពួកគេបានឮសូរពាក្យ"រស់ឡើងវិញ" ដូច្នេះអ្នកខ្លះក៏ចំអកអោយ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។33លោកប៉ូលក៏ចាកចេញពីចំណោមពួកគេ។34ប៉ុន្ដែ មានអ្នកខ្លះបានមកចូលរួមជាមួយលោកហើយជឿ។ ក្នុងចំណោមអ្នកទាំងនោះ មានលោកឌេវនីស ជាសមាជិកសភាក្រុង នៅទួលអើរីយ៉ូស និង មានស្ដ្រីម្នាក់ឈ្មោះនាងដាម៉ារីស ព្រមទាំងអ្នកឯទៀតៗផង។