1នៅបុណ្យថ្ងៃទីហាសិប ពួកសិស្សបានរួមប្រជុំទាំងអស់គ្នា នៅកន្លែងតែមួយ។2រំពេចនោះ ស្រាប់តែមានឮស្នូរសន្ធឹកពីលើមេឃ ដូចខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។3ពួកសិស្សបានឃើញហាក់ដូចជា មានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។4អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានអោយ។5ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។6ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។7អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះ សុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។8ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ?9គឺទាំងអ្នកស្រុកផាថុស ស្រុកមេឌី ស្រុកអេឡំា ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុសស្រុកអាស៊ី10ស្រុកព្រីគាស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរ៉េន និង អស់អ្នកមកពីក្រុងរ៉ូម11ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។12អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ មិនដឹងគិតយ៉ាងណា គេសួរគ្នាទៅវិញទៅមកថា៖«តើហេតុការណ៍នេះ មានន័យដូចម្ដេច?»។13ប៉ុន្តែ មានអ្នកខ្លះទៀតបែរជានិយាយចំអកថា៖ «ពួកអស់ហ្នឹងសុទ្ធតែស្រវឹងស្រាទេតើ!»។14លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និង បងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។15អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួន ព្រឹកប៉ុណ្ណោះ!។16ហេតុការណ៍នេះកើតមាន ស្របតាមសេចក្ដីដែលព្យាការី យ៉ូអែលបានថ្លែងទុកមកថា៖17"ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្ដឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ដ។18នៅគ្រានោះយើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបំរើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។19យើងនឹងសំដែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សំដែងទីសំគាល់ផ្សេងៗនៅលើផែនដី គឺមានឈាមមានភ្លើង និង មានកំសួលផ្សែង។20ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះចន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម21ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ"។22បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសំដែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និង ទីសំគាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។23បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅអោយពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។24ព្រះជាម្ចាស់បានប្រោសលោកអោយរស់ឡើងវិញ ទ្រង់ដោះលែងលោកអោយរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកបានឡើយ។25ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនអោយទូលបង្គំត្រូវញាប់ញ័រឡើយ។26ហេតុនេះហើយបានជាចិត្ដទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសំរាកដោយសេចក្ដីសង្ឃឹមដែរ27ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយអោយ សពអ្នកបំរើរបស់ព្រះអង្គត្រូវរលួយដែរ។28ព្រះអង្គបានបង្ហាញអោយទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានអោយទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ»។29បងប្អូនអើយ! ខ្ញុំសូមជំរាបបងប្អូនអោយបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើង រហូតដល់សព្វថ្ងៃដែរ។30ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ជាមួយព្រះអង្គថា នឹងប្រទានអោយព្រះរាជវង្សរបស់ទ្រង់មួយអង្គ ឡើងស្នងរាជ្យ។31ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ដ មានព្រះជន្មរស់ឡើងវិញ គឺទ្រង់មានរាជឱង្ការថាព្រះជាម្ចាស់ពុំទុកព្រះគ្រិស្ដចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកអោយសពព្រះអង្គត្រូវរលួយដែរ។32ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះអោយរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។33ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើងដោយឫទ្ធិបារមី របស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតា តាមព្រះបន្ទូលសន្យាហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញបានឮស្រាប់។34ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ ទេ តែព្រះអង្គមានរាជឱង្ការថាៈ "ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង35ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ"។36ហេតុនេះ សូមអោយជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និង ជាព្រះគ្រិស្ដ ហើយ»។37កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្ដជាខ្លាំង ហើយសួរលោកពេត្រុស និង សាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើអោយយើងខ្ញុំធ្វើដូចម្ដេច?»។38លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្ដគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនអោយរួចពីបាប ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់39ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និង ចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។40លោកពេត្រុសបានពន្យល់បញ្ជាក់ និង ដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀតគឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ អោយរួចផុតពីមនុស្សអាក្រក់សម័យនេះ»។41អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ ចូលមករួមក្នុងក្រុមសិស្ស ។42សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំបុ័ង និង ព្យាយាមអធិស្ឋាន។43មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសំដែងឫទ្ធិបាដិហារិយ៍ និង ធ្វើទីសំគាល់ផ្សេងៗជាច្រើន។44អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្ដគំនិតតែមួយហើយយករបស់របរ ដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។45គេលក់ទ្រព្យសម្បត្ដិ និង អ្វីៗជារបស់ខ្លួនយកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។46ជារៀងរាល់ថ្ងៃ គេរួមចិត្ដគំនិតគ្នាព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និង ដោយចិត្ដស្មោះសរផង។47គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។