Khmer

Acts

3

1នៅពេលអធិស្ឋាន ម៉ោងបីរសៀលលោកពេត្រុស និង លោកយ៉ូហានបានឡើងទៅព្រះវិហារ ជាមួយគ្នា។2រៀងរាល់ថ្ងៃ មានគេសែងអ្នកពិការជើងពីកំណើតម្នាក់ មកដាក់នៅខ្លោងទ្វារព្រះវិហារឈ្មោះ «ទ្វារលំអ» ដើម្បីសុំទានអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។3កាលគាត់ឃើញលោកពេត្រុស និង លោកយ៉ូហានកំពុងដើរចូលព្រះវិហារ គាត់ក៏សុំទាន។4លោកពេត្រុស និង លោកយ៉ូហានសំឡឹងមើលមុខគាត់ រួចពោលថា៖ «សូមមើលមកយើង!»។5គាត់ក៏ក្រឡេកមើលទៅលោកទាំងពីរ ដោយសង្ឃឹមនឹងទទួលប្រាក់។6ប៉ុន្ដែ លោកពេត្រុសមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំគ្មានប្រាក់ គ្មានមាសទេតែអ្វីៗដែលខ្ញុំមាន ខ្ញុំសុំជូនអ្នក ដូច្នេះ ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាអ្នកភូមិណាសារ៉ែត ចូរក្រោកឡើង ដើរទៅចុះ!»។7លោកចាប់ដៃស្ដាំគាត់អោយក្រោកឈរឡើង។ រំពេចនោះជើងរបស់គាត់ និង សន្លាក់ឆ្អឹង ក៏ប្រែជាមាំមួន8គាត់ក៏ស្ទុះឈរឡើងហើយដើរបាន។ គាត់ចូលក្នុងព្រះវិហារជាមួយសាវ័កទាំងពីររូប ទាំងដើរផង លោតផង និង សរសើរតម្កើងព្រះជាម្ចាស់ផង។9ប្រជាជនទាំងអស់បានឃើញគាត់ដើរ និង ឮគាត់សរសើរតម្កើងព្រះជាម្ចាស់10គេស្គាល់ជាក់ថាអ្នកនោះហើយដែលតែងអង្គុយសុំទាននៅខ្លោងទ្វារព្រះវិហារ ឈ្មោះ «ទ្វារលំអ» គេក៏ភ័យស្ញប់ស្ញែង ហើយងឿងឆ្ងល់ជាខ្លាំងអំពីហេតុការណ៍ដែលកើតមានដល់គាត់។11បុរសនោះនៅជាប់ជាមួយលោកពេត្រុស និង លោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវសាឡូម៉ូន។12លោកពេត្រុសឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអ៊ីស្រាអែលអើយ! ហេតុដូចម្ដេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្ដេចបានជាបងប្អូនសំឡឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថាយើងខ្ញុំបានប្រោសបុរសនេះអោយដើររួច មកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬ មកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?។13ព្រះរបស់លោកអប្រាហំា របស់លោកអ៊ីសាក និង របស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូ ជាអ្នកបំរើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនព្រះយេស៊ូទៅអោយគេកាត់ទោស ថែមទាំងបដិសេធមិនទទួលស្គាល់ព្រះអង្គ នៅចំពោះមុខលោកពីឡាត នៅពេលដែលលោកចង់ដោះលែងព្រះអង្គទៀតផង។14បងប្អូនបានបដិសេធមិនទទួលស្គាល់ព្រះដ៏វិសុទ្ធ ព្រះដ៏សុចរិត ហើយបែរជាទាមទារសុំអោយគេដោះលែងឃាតកទៅវិញ។15បងប្អូនបានអោយគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្ដែ ព្រះជាម្ចាស់បានប្រោសអោយព្រះអង្គមានព្រះជន្មរស់ឡើងវិញ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។16ដោយសារយើងខ្ញុំជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើអោយបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុង ដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។17បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និង ពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។18ប៉ុន្ដែ ព្រះជាម្ចាស់បានធ្វើអោយហេតុការណ៍នេះកើតឡើង ស្របតាមសេចក្ដីដែលព្រះអង្គប្រកាសទុកជាមុន តាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រិស្ដរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។19ហេតុនេះ សូមកែប្រែចិត្ដគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីអោយព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។20ព្រះអម្ចាស់នឹងប្រទានអោយបងប្អូនបានស្គាល់ពេលសំរាក ព្រមទាំងប្រទានព្រះគ្រិស្ដយេស៊ូមកបងប្អូន ដូចព្រះអង្គគ្រោងទុកជាមុន។21ឥឡូវនេះ ព្រះយេស៊ូគ្រិស្ដគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុក តាមរយៈពួកព្យាការីដ៏វិសុទ្ធ របស់ព្រះអង្គ នៅជំនាន់ដើមស្រាប់។22លោកម៉ូសេមានប្រសាសន៍ថាៈ "ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើអោយមានព្យាការីម្នាក់ដូចខ្ញុំងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា អ្នករាល់គ្នាត្រូវស្ដាប់តាមសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ប្រាប់។23រីឯអស់អ្នកដែលមិនព្រមស្ដាប់ព្យាការីនេះ នឹងត្រូវដកចេញពីចំណោមប្រជារាស្ដ្រ"។24ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាំយូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។25បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរស ដែរដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហំាថា "ក្រុមគ្រួសារទាំងអស់នៅផែនដីនឹងទទួលពរ តាមរយៈពូជពង្សរបស់អ្នក"។26ព្រះជាម្ចាស់បានអោយអ្នកបំរើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកអោយមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗអោយងាកចេញពីអំពើទុច្ចរិត»។