1លោកពេត្រុស និង លោកយ៉ូហានកំពុងតែមានប្រសាសន៍ទៅកាន់ប្រជាជននៅឡើយ ស្រាប់តែពួកបូជាចារ្យ មេកងរក្សាព្រះវិហារ និង ពួកខាងគណៈសាឌូស៊ី មកដល់។2ពួកគេទាស់ចិត្ដនឹងសាវ័កបង្រៀនប្រជាជន ទាំងប្រកាសថាមនុស្សស្លាប់នឹងរស់ឡើងវិញ ដោយសំអាងលើព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។3ពួកគេនាំគ្នាចាប់សាវ័កទាំងពីររូបយកទៅឃុំ ទុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ។4ប៉ុន្ដែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។5លុះស្អែកឡើង ពួកមេដឹកនាំ ពួកព្រឹទ្ធាចារ្យ និង ពួកអាចារ្យ ប្រជុំគ្នានៅក្រុងយេរូសាឡឹម6ជាមួយលោកមហាបូជាចារ្យ អាណលោកកៃផា លោកយ៉ូហាន លោកអលេក្សានត្រុស និង ក្រុមគ្រួសាររបស់នាយកបូជាចារ្យទាំងអស់។7លោកទាំងនោះបានបញ្ជាអោយគេនាំលោកពេត្រុស និង លោកយ៉ូហានមកឈរនៅមុខអង្គប្រជុំ រួចសួរថា៖ «អ្នកបានធ្វើការនេះសំអាងលើអំណាចអ្វី? ក្នុងនាមនរណា?»។8ពេលនោះ លោកពេត្រុសបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកមានប្រសាសន៍ទៅគេថា៖9«សូមជំរាបអស់លោកជាអ្នកដឹកនាំប្រជាជន និង អស់លោកព្រឹទ្ធាចារ្យ! ថ្ងៃនេះអស់លោកសួរចម្លើយយើងខ្ញុំ ពីអំពើល្អដែលយើងខ្ញុំសង្គ្រោះអ្នកពិការអោយបានជា តាមរបៀបណានោះ។10សូមអស់លោក និង ប្រជារាស្ដ្រអ៊ីស្រាអែលទាំងមូលជ្រាបថា បុរសដែលឈរនៅមុខអស់លោកទាំងមានសុខភាពល្អនេះ បានជាដោយសារព្រះនាមព្រះយេស៊ូគ្រិស្ដ ជាអ្នកភូមិណាសារ៉ែត ដែលអស់លោកបានឆ្កាង ហើយព្រះជាម្ចាស់បានប្រោសព្រះអង្គអោយមានព្រះជន្មរស់ឡើងវិញ។11ព្រះអង្គហ្នឹងហើយជា "ថ្មដែលលោកទាំងអស់គ្នាជាជាងសំណង់បោះចោល បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុតវិញ"។12ក្រៅពីព្រះយេស៊ូ គ្មាននរណាម្នាក់អាចសង្គ្រោះមនុស្សបានទាល់តែសោះ ដ្បិតនៅក្រោមមេឃនេះ ព្រះជាម្ចាស់ពុំបានប្រទាននាមណាមួយផ្សេងទៀតមកមនុស្ស ដើម្បីសង្គ្រោះយើងនោះឡើយ»។13កាលក្រុមប្រឹក្សាជាន់ខ្ពស់ ឃើញលោកពេត្រុស និង លោកយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។14ប៉ុន្ដែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។15ពួកគេក៏បញ្ជាអោយលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖16«តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេធ្វើទីសំគាល់អស្ចារ្យមួយដ៏វិសេស ដែលយើងមិនអាចបដិសេធបាន។17ដូច្នេះតោងយើងហាមប្រាម និង គំរាមគេ កុំអោយប្រកាសប្រាប់នរណា អំពីឈ្មោះនោះតទៅទៀតឡើយដើម្បីកុំអោយរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។18ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាម មិនអោយនិយាយ និង បង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។19លោកពេត្រុស និង លោកយ៉ូហាន មានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើលនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ គួរអោយយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬ ធ្វើតាមបង្គាប់របស់ព្រះអង្គ?20យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតទេ»។21ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងអោយទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។22រីឯបុរសដែលបានជាដោយរបៀបអស្ចារ្យនោះ មានអាយុជាងសែសិបឆ្នាំហើយ។ ពួកសិស្សអធិស្ឋានទូលអង្វរ23ក្រោយពីបានរួចខ្លួនហើយ លោកពេត្រុស និង លោកយ៉ូហាន នាំគ្នាទៅជួបពួកបងប្អូន រៀបរាប់អំពីសេចក្ដីទាំងប៉ុន្មានដែលពួកមហាបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យបាននិយាយ។24កាលពួកគេឮដូច្នោះ គេរួមចិត្ដគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដីសមុទ្រ និង អ្វីៗសព្វសារពើនៅទីនោះ25ព្រះអង្គមានព្រះបន្ទូល ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបំរើរបស់ព្រះអង្គ គឺព្រះបាទដាវីឌ ជាបុព្វបុរស យើងខ្ញុំថា៖ "ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយ នាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្ដ្រនានា មានគំនិតឥតខ្លឹមសារដូច្នេះ?26ពួកស្ដេចនៅលើផែនដី និង ពួកមេដឹកនាំពួតដៃ រួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រិស្ដ របស់ព្រះអង្គ"។27ប្រាកដមែន! នៅក្នុងក្រុងនេះ ស្ដេចហេរ៉ូដ និង លោកប៉ុនទាស-ពីឡាត់ បានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូជាអ្នកបំរើដ៏វិសុទ្ធ របស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងអភិសេកទាំងមានសាសន៍ដទៃទៀត និង ប្រជារាស្ដ្រអ៊ីស្រាអែលសមគំនិតផង។28គេនាំគ្នាប្រព្រឹត្ដដូចព្រះអង្គបានកំណត់ទុកជាមុន តាមឫទ្ធិបារមី និង តាមព្រះតំរិះរបស់ព្រះអង្គ។29ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានអោយពួកអ្នកបំរើ ព្រះអង្គថ្លែងព្រះបន្ទូលដោយចិត្ដអង់អាចមោះមុតផង30សូមសំដែងបារមីអោយអ្នកជំងឺបានជា អោយមានទីសំគាល់ និង ឫទ្ធិបាដិហារិយ៍កើតឡើង ក្នុងព្រះនាមព្រះយេស៊ូជាអ្នកបំរើដ៏វិសុទ្ធ របស់ព្រះអង្គ»។31កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្ដអង់អាច។32អ្នក ជឿ ទាំង អំបាលម៉ាន មាន ចិត្ដថ្លើម តែ មួយ គ្មានអ្នកណាម្នាក់នឹកគិតថា ទ្រព្យសម្បត្ដិដែលខ្លួនមានជារបស់ខ្លួនផ្ទាល់នោះឡើយ គឺគេយកមកដាក់ជាសម្បត្ដិរួម ទាំងអស់។33ក្រុមសាវ័ក បានប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា ហើយនាំគ្នាផ្ដល់ សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូមានព្រះជន្មរស់ឡើងវិញ។ ព្រះជាម្ចាស់ទ្រង់សំដែងព្រះហឫទ័យប្រណីសន្ដោសដ៏លើសលប់ ដល់ពួកគេទាំងអស់គ្នា។34ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លី ឬ ផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និង ផ្ទះនោះយកប្រាក់35មកជូនក្រុមសាវ័ក។ បន្ទាប់មកអ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។36មានបុរសម្នាក់ ឈ្មោះយ៉ូស្វេ ជាពួកលេវី ស្រុកកំណើតនៅកោះគីប្រុស ក្រុមសាវ័កបានដាក់ឈ្មោះគាត់ថា បារណាបាស ប្រែថា «អ្នកលើកទឹកចិត្ដគេ»។37គាត់បានលក់ចំការរបស់គាត់ ហើយយកប្រាក់មកជូនក្រុមសាវ័កដែរ។