Khmer

Acts

21

1ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅ តំរង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូស ទៅដល់ក្រុងប៉ាតារ៉ា។2មានសំពៅមួយត្រូវទៅស្រុកភេនីសយើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។3ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្ដដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។4យើងបានជួបពួកសិស្ស នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសំដែងអោយគេដឹង គេបានឃាត់លោកប៉ូល មិនអោយឡើងទៅក្រុងយេរូសាឡឹមឡើយ។5លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និង កូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។6បន្ទាប់មក យើងបានជំរាបលាគ្នារួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។7យើងបានបន្ដដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជំរាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និង ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។8នៅថ្ងៃបន្ទាប់ យើងបន្ដដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និង ជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។9លោកភីលីពមានកូនក្រមុំបួននាក់ដែលថ្លែងព្រះបន្ទូល របស់ព្រះជាម្ចាស់។10យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូសធ្វើដំណើរមកពីស្រុកយូដា។11គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួនទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹមសាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។12កាលបានឮពាក្យនេះ ទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនអោយឡើងទៅក្រុងយេរូសាឡឹមឡើយ។13ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើអោយខ្ញុំពិបាកចិត្ដដូច្នេះ?ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែអោយគេចងប៉ុណ្ណោះទេ គឺថែមទាំងអោយគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។14ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមអោយបានសំរេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។15ក្រោយពីបានស្នាក់នៅទីនោះយូរបន្ដិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។16ពួកសិស្ស នៅក្រុងសេសារាខ្លះ បានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះម៉្នាសុន ជាអ្នកកោះគីប្រុស និង ជាសិស្ស តាំងដើមដំបូងមក។17ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។18នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុប ជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។19ក្រោយពីបានជំរាបសួរពួកបងប្អូនរួចហើយ លោកប៉ូលរៀបរាប់យ៉ាងល្អិតល្អន់អំពីកិច្ចការដែលព្រះអម្ចាស់បានធើ្វក្នុងចំណោមសាសន៍ដទៃ តាមរយៈការងាររបស់លោក។20កាលបានឮលោកប៉ូលមានប្រសាសន៍ដូច្នេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពោលមកកាន់លោកថា៖ «បងអើយ បងឃើញទេ មានជនជាតិយូដារាប់ម៉ឺននាក់បានជឿ ហើយបងប្អូនទាំងនោះជាប់ចិត្ដនឹងក្រឹត្យវិន័យ ខ្លាំងណាស់។21ប៉ុន្ដែ គេបានឮដំណឹងថា បងបានបង្រៀនជនជាតិយូដាទាំងអស់ដែលរស់នៅក្នុងចំណោមសាសន៍ដទៃ មិនអោយប្រតិបត្ដិតាមគម្ពីរវិន័យរបស់លោកម៉ូសេ ទេ គឺឮថាបងប្រាប់គេមិនអោយធ្វើពិធីកាត់ស្បែក កូនចៅ និង មិនអោយកាន់តាមទំនៀមទម្លាប់ផ្សេងៗឡើយ។22បើដូច្នេះ តើត្រូវធ្វើដូចម្ដេច? គេមុខជាដឹងថាបងនៅទីនេះមិនខាន។23សូមធ្វើតាមយោបល់យើងចុះ ដ្បិតគ្នាយើងបួននាក់មានជាប់បំណន់24សូមបងនាំគេទៅ ហើយធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ជាមួយគេ ព្រមទាំងចេញប្រាក់អោយគេកោរសក់ផង ដើម្បីអោយមនុស្សម្នាដឹងគ្រប់គ្នាថា ដំណឹងដែលគេបានឮអំពីបងនោះមិនពិតទេ ផ្ទុយទៅវិញបងក៏ប្រព្រឹត្ដតាមក្រឹត្យវិន័យ ដែរ។25រីឯសាសន៍ដទៃដែលបានជឿនោះ យើងបានសរសេរសេចក្ដីដែលយើងបានសំរេចជូនទៅគេរួចហើយថាកុំអោយបរិភោគសាច់ដែលបានសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលសម្លាប់ដោយច្របាច់ក និង កុំរួមរស់ជាមួយគ្នាដោយឥតរៀបការ »។26នៅថ្ងៃបន្ទាប់ លោកប៉ូលបាននាំបងប្អូនទាំងបួននាក់នោះទៅធ្វើពិធីជំរះកាយអោយបានបរិសុទ្ធ ជាមួយលោក។ លោកក៏ចូលទៅក្នុងព្រះវិហារ ប្រាប់គេអំពីពេលកំណត់ដែលពិធីជំរះកាយអោយបានបរិសុទ្ធនេះនឹងត្រូវចប់ និង ពេលកំណត់ ដែលម្នាក់ៗត្រូវថ្វាយតង្វាយ។27លុះរយៈពេលមួយសបា្ដហ៍នោះជិតផុត មានជនជាតិយូដាមកពីស្រុកអាស៊ី បានឃើញលោកនៅក្នុងព្រះវិហារ ក៏បំបះបំបោរបណ្ដាជនទាំងមូលអោយនាំគ្នាចាប់លោក។28ពួកគេស្រែកឡើងថា៖ «បងប្អូនជនជាតិអ៊ីស្រាអែលអើយ សូមជួយផង! ជននេះហើយដែលបានប្រៀនប្រដៅមនុស្សម្នានៅគ្រប់ទីកន្លែងអោយប្រឆាំងនឹងប្រជារាស្ដ្រអ៊ីស្រាអែល ប្រឆាំងនឹងក្រឹត្យវិន័យ ហើយប្រឆាំងនឹងព្រះវិហារ ។ គាត់ថែមទាំងបាននាំសាសន៍ក្រិកចូលមកក្នុងព្រះវិហារ គឺបង្អាប់បង្អោនទីកន្លែងដ៏វិសុទ្ធ នេះ»។29គេថាដូច្នេះ មកពីគេបានឃើញលោកត្រូភីម ជាអ្នកក្រុងអេភេសូ នៅជាមួយលោកប៉ូលក្នុងទីក្រុង ហើយគេស្មានថា លោកបាននាំគាត់ចូលក្នុងព្រះវិហារដែរ។30ពេលនោះ មានកើតចលាចលពេញទីក្រុង ប្រជាជននាំគ្នារត់មកពីគ្រប់ទិសទី។ គេបានចាប់លោកប៉ូលអូសចេញពីព្រះវិហារ រួចបិទទ្វារភ្លាម។31នៅពេលដែលពួកគេបំរុងនឹងសម្លាប់លោកប៉ូល ដំណឹងអំពីចលាចលនៅក្រុងយេរូសាឡឹមក៏បានឮទៅដល់មេបញ្ជាការកងទាហានរ៉ូម៉ាំង32គាត់នាំកូនទាហាន និង នាយទាហាន រត់ទៅកាន់បណ្ដាជនភ្លាម។ កាលប្រជាជនបានឃើញមេបញ្ជាការ និង ពួកទាហាន គេឈប់វាយលោកប៉ូល។33ពេលនោះ មេបញ្ជាការបានចូលទៅជិត ហើយចាប់លោក ព្រមទាំងបញ្ជាគេអោយដាក់ច្រវាក់ពីរថែមទៀតផង រួចទើបសាកសួរថា លោកប៉ូលនេះជានរណា បានធ្វើអ្វី។34ប៉ុន្ដែ ក្នុងចំណោមបណ្ដាជនមានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ។ ដោយមានសំឡេងអឺងកងពេក លោកមេបញ្ជាការពុំអាចដឹងរឿងហេតុច្បាស់លាស់ឡើយ គាត់ក៏បញ្ជាគេអោយនាំលោកប៉ូលទៅបន្ទាយ។35ពេលលោកប៉ូលមកដល់ជណ្ដើរបន្ទាយ ពួកទាហាននាំគ្នាសែងលោកព្រោះបណ្ដាជនមកតាមទាំងកំរោល36និង ស្រែកថា៖«សម្លាប់ចោលទៅ!»។37នៅពេលគេហៀបនឹងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេបញ្ជាការថា៖ «តើខ្ញុំមានសិទ្ធិនិយាយជាមួយលោកបន្ដិចបានឬទេ?»។ មេបញ្ជាការពោលមកលោកថា៖«អ្នកចេះនិយាយភាសាក្រិកដែរ!38ដូច្នេះ អ្នកមិនមែនជាជនជាតិអេស៊ីបដែលបានបំបះបំបោរប្រជាជនប៉ុន្មានថ្ងៃមុននេះ ហើយនាំពួកឧទ្ទាមបួនពាន់នាក់ ចូលព្រៃនោះទេឬ?»។39លោកប៉ូលមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំជាជនជាតិយូដា កើតនៅក្រុងតើសុស ជាក្រុងដ៏ល្បីល្បាញក្នុងស្រុកគីលីគានោះទេតើ! សូមលោកមេត្ដាអនុញ្ញាតអោយខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។40លោកមេបញ្ជាការក៏អនុញ្ញាតអោយ។ លោកប៉ូលឈរ នៅលើកាំជណ្ដើរ ហើយលើកដៃធ្វើសញ្ញាទៅប្រជាជនពេលនោះប្រជាជននៅស្ងាត់ជ្រៀប ហើយលោកមានប្រសាសន៍ទៅគេជាភាសាហេប្រឺថា៖