1«បងប្អូន និង ចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។2កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖3«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុសក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមក្រឹត្យវិន័យនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបំរើព្រះជាម្ចាស់ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។4ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ រហូតដល់សម្លាប់គេហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង5ដូចមានលោកមហាបូជាចារ្យ និង ក្រុមព្រឹទ្ធាចារ្យ ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។6ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។7ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា "សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?"។8ខ្ញុំបានសួរវិញថា "លោកម្ចាស់អើយ តើលោកជានរណា?"។ សំឡេងនោះឆ្លើយមកខ្ញុំថា "ខ្ញុំជាយេស៊ូ អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន"។9រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮព្រះសូរសៀងទេ។10ខ្ញុំក៏សួរថា "ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវធ្វើដូចម្ដេច?"។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា"ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅនៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បង្គាប់អោយអ្នកធ្វើ"។11ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។12នៅក្រុងនោះមានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។13គាត់មកឈរជិតខ្ញុំ ហើយពោលថា"បងសូលអើយ សូមអោយបងមើលឃើញវិញចុះ!"។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំមើលឃើញគាត់។14គាត់មានប្រសាសន៍ថា "ព្រះនៃបុព្វបុរស របស់យើង បានជ្រើសរើសបង ដើម្បីអោយបងស្គាល់ព្រះហឫទ័យរបស់ព្រះអង្គ អោយបងបានឃើញព្រះដ៏សុចរិត និង អោយបងបានឮព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់តែម្ដង15ដ្បិតបងនឹងធ្វើជាបន្ទាល់របស់ព្រះអង្គ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និង អំពីសេចក្ដីដែលបងបានឮ។16ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកព្រះនាមព្រះអង្គទៅ ដើម្បីព្រះអង្គលាងបាប អោយ។17ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងអធិស្ឋានក្នុងព្រះវិហារ ខ្ញុំលង់ស្មារតី18ឃើញព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា "ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីយើងទេ"។19ខ្ញុំទូលថា "បពិត្រព្រះអម្ចាស់ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ទូលបង្គំធ្លាប់ចូលទៅសាលាប្រជុំ នានា ចាប់អស់អ្នកដែលជឿព្រះអង្គយកទៅឃុំឃាំង និង វាយដំទៀតផង។20នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់ព្រះអង្គ ទូលបង្គំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតលោកផងដែរ"។21ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ទៅចុះ ដ្បិតយើងនឹងចាត់អ្នកអោយទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ"»។22បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកអោយនៅរស់ឡើយ!»។23គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និង បាចធូលីដីឡើងលើទៀតផង។24លោកមេបញ្ជាការបង្គាប់អោយគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និង អោយគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំអោយបណ្ដាជនស្រែកប្រឆាំងនឹងលោកបែបនេះ។25នៅពេលគេកំពុងយកខ្សែចងលោក លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។26នាយទាហានឮពាក្យនេះ ក៏ទៅជំរាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។27លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ លោកឆ្លើយថា៖«បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។28លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីអោយបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖«រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។29ពួកអ្នកដែលបំរុងនឹងសួរចម្លើយលោក នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានអោយគេដាក់ច្រវាក់លោក។30នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំអោយជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏អោយគេដោះច្រវាក់ចេញពីលោក។ គាត់បញ្ជាអោយពួកនាយកបូជាចារ្យ និង ក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងមូលជួបជុំគ្នា ហើយអោយនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។