1លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖«បងប្អូនអើយ ខ្ញុំដឹងថាអំពើដែលខ្ញុំប្រព្រឹត្ដ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះសុទ្ធតែត្រឹមត្រូវទាំងអស់»។2លោកមហាបូជាចារ្យ អណាណាស បង្គាប់អោយអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។3លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ!ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់អោយគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។4ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោក មហាបូជាចារ្យរបស់ ព្រះ ជាម្ចាស់ ផងឬ!»។5លោកប៉ូលតបវិញថា៖ «បងប្អូនអើយខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថាៈ "អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ" »។6ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំមានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី និង មួយផ្នែកទៀតខាងគណៈផារីស៊ី លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖«បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។7លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី និង ពួកខាងគណៈសាឌូស៊ី ឈ្លោះប្រកែកគ្នាធ្វើអោយបាក់បែកអង្គប្រជុំ។8ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និង ពុំជឿថា មានទេវតា ឬ មានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញគេជឿថាមានទាំងអស់។9ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬ ទេវតា ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។10ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាអោយកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។11នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។12នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។13អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។14គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ ជំរាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។15ចំណែកខាងអស់លោកសូមចុះសំរុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ឥឡូវនេះទៅ ហើយសុំអោយលោកមេបញ្ជាការនាំប៉ូលមកធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ អោយបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់ មុននឹងគាត់មកជិតដល់»។16ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជំរាបលោកប៉ូលអោយបានជ្រាប។17លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជំរាបលោក»។18នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជំរាបថា៖«អ្នកទោសឈ្មោះ ប៉ូលបានហៅខ្ញុំបាទ ហើយសុំអោយខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជំរាបលោក»។19លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖«តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។20យុវជននោះជំរាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថានឹងមកសុំលោកអោយបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើល សំណុំរឿងរបស់គាត់អោយបានដិតដល់ថែមទៀត។21សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬ ផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។22លោកមេបញ្ជាការបានអោយយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនអោយនិយាយប្រាប់នរណាថាខ្លួនបានជំរាបគាត់អំពីរឿងនេះឡើយ។23បន្ទាប់មក លោកបានហៅនាយទាហានរបស់លោក ពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និង ពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារានៅវេលាម៉ោងប្រាំបួនយប់។24សុំរៀបចំសេះ ជាជំនិះ សំរាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ដ»។25លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖26«ខ្ញុំបាទឈ្មោះក្លូឌាសលូស៊ាសូមជំរាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។27ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បំរុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំងខ្ញុំបាទអោយទាហានទៅធ្វើអន្ដរាគមន៍រំដោះគាត់មក។28ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំអោយគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់ របស់ពួកគេ។29ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ជាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ឃុំឃាំងឡើយ។30បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ អោយនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។31ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។32នៅថ្ងៃបន្ទាប់គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះអោយបន្ដដំណើរជាមួយលោកប៉ូល។33លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និង ប្រគល់លោកប៉ូលជូនផងដែរ។34លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា35លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់អោយគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។