Khmer

Acts

25

1បន្ទាប់ពីបានទៅដល់ស្រុកនោះបីថ្ងៃ លោកភេស្ទុសធ្វើដំណើរពីក្រុងសេសារា ឆ្ពោះទៅក្រុងយេរូសាឡឹម។2ពួកនាយកបូជាចារ្យ និង ពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។3ពួកគេបានទទូចសុំអោយលោកភេស្ទុសមេត្ដាអនុគ្រោះបញ្ជូនលោកប៉ូលមកក្រុងយេរូសាឡឹម ព្រោះពួកគេបានឃុបឃិតគ្នាថានឹងពួនស្ទាក់ ចាំសម្លាប់លោកតាមផ្លូវ។4ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។5លោកមានប្រសាសន៍ថា៖ «សុំអោយអ្នកដែលមានសមត្ថភាពក្នុងចំណោមអស់លោក អញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាបុរសនោះមានកំហុសអ្វី សុំចោទប្រកាន់គាត់ទៅ»។6លោកភេស្ទុសស្នាក់នៅជាមួយពួកគេ បួនដប់ថ្ងៃប៉ុណ្ណោះ រួចលោកចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់លោកបានអង្គុយនៅទីកាត់ក្ដី ហើយបង្គាប់អោយគេនាំលោកប៉ូលមក។7ពេលលោកប៉ូលមកដល់ ជនជាតិយូដាដែលមកពីក្រុងយេរូសាឡឹម បាននាំគ្នាចោមរោមលោក ហើយចោទប្រកាន់យ៉ាងធ្ងន់ៗជាច្រើន តែគេពុំអាចបង្ហាញភស្ដុតាងអ្វីបានទេ។8លោកប៉ូលមានប្រសាសន៍ការពារខ្លួនថា៖«ខ្ញុំពុំបានប្រព្រឹត្ដអ្វីខុសនឹងវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬ ក៏ខុសនឹងព្រះចៅអធិរាជឡើយ»។9ដោយលោកភេស្ទុសចង់យកចិត្ដជនជាតិយូដា លោកមានប្រសាសន៍មកកាន់លោកប៉ូលថា៖«តើអ្នកចង់ឡើងទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអ្នកអំពីរឿងទាំងនេះនៅចំពោះមុខខ្ញុំឬទេ?»។10លោកប៉ូលតបថា៖«ខ្ញុំបាទឈរនៅមុខតុលាការរបស់ព្រះចៅអធិរាជដូច្នេះ គឺទីនេះហើយដែលឯកឧត្ដមត្រូវកាត់ក្ដីអោយខ្ញុំបាទ។ ខ្ញុំបាទពុំបានធ្វើអ្វីខុសនឹងសាសន៍យូដាទេ ដូចឯកឧត្ដមជ្រាបច្បាស់ហើយ។11ប្រសិនបើខ្ញុំបាទមានទោសអ្វីឬ បានប្រព្រឹត្ដអ្វីខុសសមនឹងមានទោសដល់ជីវិតនោះខ្ញុំបាទមិនរួញរានឹងស្លាប់ទេ។ ប៉ុន្ដែ ប្រសិនបើពាក្យដែលលោកទាំងនេះចោទខ្ញុំបាទមិនពិតទេ គ្មាននរណាម្នាក់មានសិទ្ធិប្រគល់ខ្ញុំបាទទៅអោយគេឡើយ។ ខ្ញុំបាទសូមឡើងទៅព្រះចៅអធិរាជវិញ»។12លោកភេស្ទុសពិភាក្សាជាមួយក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖«អ្នកបានសុំឡើងទៅព្រះចៅអធិរាជ ដូច្នេះ អ្នកនឹងទៅជួបព្រះចៅអធិរាជ!»។13ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស យាងមកដល់ក្រុងសេសារាដើម្បីសួរសុខទុក្ខលោកភេស្ទុស។14ដោយស្ដេចគង់នៅទីនោះជាច្រើនថ្ងៃ លោកភេស្ទុសក៏ទូលស្ដេចពីរឿងលោកប៉ូលថា៖ «លោកភេលិចបានទុកបុរសម្នាក់ នៅក្នុងទីឃុំឃាំង។15កាលទូលបង្គំទៅក្រុងយេរូសាឡឹមពួកនាយកបូជាចារ្យ និង ពួកព្រឹទ្ធាចារ្យ នៃសាសន៍យូដាបាននាំគ្នាប្ដឹងពីគាត់ ដោយសុំអោយទូលបង្គំកាត់ទោសគាត់។16ទូលបង្គំបានប្រាប់លោកទាំងនោះវិញថា ជនជាតិរ៉ូម៉ាំងពុំធ្លាប់បញ្ជូននរណាម្នាក់ទៅអោយគេសម្លាប់ ដោយមិនបានអោយនិយាយតទល់ជាមួយអ្នកដើមចោទ ព្រមទាំងឆ្លើយការពារខ្លួនចំពោះពាក្យចោទជាមុនសិននោះឡើយ។17លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និង អោយគេនាំបុរសនោះមក ឥតបង្អង់ឡើយ។18ពួកដើមចោទក៏នៅទីកាត់ក្ដីដែរ តែគេពុំបានចោទគាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះទេ19គឺមានតែជជែកវែកញែកអំពីរឿងសាសនារបស់គេ និង អំពីបុរសម្នាក់ឈ្មោះយេស៊ូ ដែលបានស្លាប់ហើយលោកប៉ូលថានៅមានជីវិតរស់នោះតែប៉ុណ្ណោះ។20ចំណែកឯទូលបង្គំវិញ ទូលបង្គំមិនដឹងជាត្រូវគិតដូចម្ដេច ចំពោះការជជែកវែកញែកបែបនេះ ទូលបង្គំបានសួរគាត់ថា ចង់ទៅក្រុងយេរូសាឡឹម អោយគេកាត់ក្ដីអំពីរឿងទាំងនេះឬទេ21តែលោកប៉ូលបានសុំឡើងទៅព្រះមហាក្សត្រាធិរាជ ដើម្បីសុំអោយព្រះអង្គកាត់ក្ដី។ ទូលបង្គំចេញបញ្ជាអោយគេឃុំគាត់ទុករហូតដល់ពេលទូលបង្គំនឹងបញ្ជូនគាត់ទៅព្រះចៅអធិរាជ»។22ព្រះបាទអគ្រីប៉ា មានរាជឱង្ការទៅលោកភេស្ទុសថា៖ «ខ្ញុំក៏ចង់ស្ដាប់បុរសនោះនិយាយដែរ»។ លោកតបវិញថា៖ «ព្រះករុណាអាចស្ដាប់គាត់នៅថ្ងៃស្អែក»។23លុះស្អែកឡើងព្រះបាទអគ្រីប៉ា និង ម្ចាស់ក្សត្រីយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និង ពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។24លោកភេស្ទុសមានប្រសាសន៍ថា៖«សូមទូលព្រះរាជា និង ជំរាបអស់លោក ដែលនៅទីនេះ។ បុរសដែលព្រះរាជា និង អស់លោកឃើញនេះ ជាអ្នកដែលជនជាតិយូដាទាំងមូល ទាំងនៅក្រុងយេរូសាឡឹម ទាំងនៅក្រុងនេះ បាននាំគ្នាមកជួបខ្ញុំ ហើយស្រែកថា គាត់មិនត្រូវរស់តទៅទៀតទេ។25ចំពោះខ្ញុំវិញ ខ្ញុំយល់ឃើញថាគាត់ពុំបានប្រព្រឹត្ដអ្វីខុស ដែលត្រូវមានទោសដល់ជីវិតនោះឡើយ ប៉ុន្ដែ ដោយខ្លួនគាត់ផ្ទាល់បានសុំឡើងទៅព្រះចៅអធិរាជ ខ្ញុំក៏សំរេចចិត្ដបញ្ជូនគាត់ទៅព្រះអង្គ។26ខ្ញុំគ្មានមូលហេតុអ្វីច្បាស់លាស់ ដើម្បីសរសេរសេចក្ដីរាយការណ៍ថ្វាយព្រះមហាក្សត្រាធិរាជ អំពីសំណុំរឿងគាត់ទាល់តែសោះ។ ហេតុនេះហើយបានជាខ្ញុំអោយគេនាំគាត់មកជួបអស់លោក ជាពិសេស ជួបព្រះករុណាផ្ទាល់។ ដូច្នេះនៅពេលសួរចម្លើយគាត់រួច ខ្ញុំនឹងមានមូលហេតុ សរសេរសេចក្ដីរាយការណ៍បាន។27ខ្ញុំយល់ឃើញថា បើបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ អំពីពាក្យចោទទៅជាមួយផងទេនោះ ដូចជាគ្មានន័យអ្វីសោះឡើយ»។