1ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖2«បពិត្រព្រះរាជា ទូលបង្គំមានកិត្ដិយសធំណាស់ ដោយអាចឆ្លើយការពារខ្លួន នៅចំពោះព្រះភ័ក្ដ្រព្រះករុណាថ្ងៃនេះ អំពីពាក្យបណ្ដឹងទាំងប៉ុន្មានដែលសាសន៍យូដាចោទទូលបង្គំ3ដ្បិតព្រះករុណាជ្រាបយ៉ាងច្បាស់ អំពីទំនៀមទម្លាប់ផ្សេងៗរបស់សាសន៍យូដា និង អំពីសេចក្ដីដែលគេនិយមជជែកវែកែញក។ ហេតុនេះ សូមទ្រង់មេត្ដាព្រះសណ្ដាប់ទូលបង្គំ ដោយអនុគ្រោះផង។4ជនជាតិយូដាទាំងមូលស្គាល់ប្រវត្ដិរបស់ទូលបង្គំ តាំងពីក្មេងមកស្រាប់ហើយ គេក៏ដឹងថាតាំងពីដើមមក ទូលបង្គំរស់នៅកណ្ដាលចំណោមជនជាតិរបស់ទូលបង្គំ និង នៅក្រុងយេរូសាឡឹម របៀបណាដែរ។5គេបានស្គាល់ទូលបង្គំ តាំងពីយូរមកហើយ ពីដើម ទូលបង្គំជាអ្នកខាងគណៈផារីស៊ី ដែលជាគណៈតឹងរ៉ឹងជាងគេក្នុងសាសនារបស់យើង ប្រសិនបើពួកគេចង់ ពួកគេអាចធ្វើជាសាក្សីបាន។6ប៉ុន្ដែ ឥឡូវនេះ គេយកទូលបង្គំមកវិនិច្ឆ័យទោស ព្រោះតែសេចក្ដីសង្ឃឹមលើព្រះបន្ទូល ដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរស របស់យើង។7កុលសម្ព័ន្ធ ទាំងដប់ពីររបស់យើងនាំគ្នាគោរពបំរើព្រះជាម្ចាស់ ទាំងយប់ ទាំងថ្ងៃ ឥតឈប់ឈរ ដោយសង្ឃឹមថា ព្រះបន្ទូលសន្យានោះ នឹងបានសំរេច។ បពិត្រព្រះរាជា ជនជាតិយូដាបានចោទប្រកាន់ទូលបង្គំ ព្រោះតែសេចក្ដីសង្ឃឹមនេះហើយ។8ចុះហេតុដូចម្ដេចបានជាអស់លោកយល់ថា ការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ អោយរស់ឡើងវិញ ជាការមួយមិនគួរអោយជឿដូច្នេះ!9ចំណែកឯទូលបង្គំផ្ទាល់ ពីដើមទូលបង្គំយល់ឃើញថា ត្រូវតែប្រឆាំងនឹងព្រះនាមព្រះយេស៊ូ ជាអ្នកភូមិណាសារ៉ែតគ្រប់យ៉ាងទាំងអស់10ហើយទូលបង្គំបានប្រព្រឹត្ដដូច្នេះ នៅក្រុងយេរូសាឡឹមមែន គឺទូលបង្គំបានទទួលច្បាប់អនុញ្ញាតពីក្រុមនាយកបូជាចារ្យ ដើម្បីចាប់អស់អ្នកដែលជឿលើព្រះអម្ចាស់ជាច្រើននាក់យកទៅឃុំឃាំង។ នៅពេលគេសម្លាប់អ្នកទាំងនោះទូលបង្គំក៏យល់ស្របជាមួយដែរ។11ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំអោយគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។12ហេតុនេះហើយបានជាទូលបង្គំធ្វើដំណើរទៅក្រុងដាម៉ាសទាំងទទួលអំណាច និង ការអនុញ្ញាតពីក្រុមនាយកបូជាចារ្យ។13បពិត្រព្រះរាជា នៅតាមផ្លូវ ប្រមាណជាថ្ងៃត្រង់ទូលបង្គំបានឃើញពន្លឺមួយភ្លឺជាងពន្លឺថ្ងៃទៅទៀតចាំងពីលើមេឃមកលើទូលបង្គំ និង លើអ្នកដែលរួមដំណើរជាមួយទូលបង្គំ។14ពេលនោះ យើងខ្ញុំដួលទាំងអស់គ្នា ហើយទូលបង្គំបានឮសំឡេងពោលមកកាន់ទូលបង្គំជាភាសាហេប្រឺថា "សូលសូលអើយ! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ? អ្នកខំប្រឹងតយុទ្ធនឹងខ្ញុំ ដូចគោជល់នឹងជន្លួញដូច្នេះ មិនកើតទេ"។15ទូលបង្គំបានតបទៅវិញថា "លោកម្ចាស់អើយ តើលោកជានរណា?"។ ព្រះអម្ចាស់មានព្រះបន្ទូលមកទូលបង្គំវិញថា "ខ្ញុំជាយេស៊ូដែលអ្នកកំពុងតែបៀតបៀន។16ចូរក្រោកឈរឡើង ខ្ញុំបង្ហាញខ្លួនអោយអ្នកឃើញ មកពីខ្ញុំបានជ្រើសរើសអ្នកអោយបំរើ ព្រមទាំងធ្វើជាបន្ទាល់អំពីហេតុការណ៍ដែលខ្ញុំបង្ហាញអោយអ្នកឃើញនៅពេលនេះ និង ហេតុការណ៍ឯទៀតៗ ដែលខ្ញុំនឹងបង្ហាញអោយអ្នកឃើញនៅពេលខាងមុខ។17ខ្ញុំបានរំដោះអ្នកអោយរួចពីសាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ។ ខ្ញុំចាត់អ្នកអោយទៅរកសាសន៍ទាំងនោះ18ដើម្បីបើកភ្នែកគេអោយភ្លឺអោយគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និង ងាកចេញពីអំណាចរបស់មារ សាតាំង បែរមករកព្រះជាម្ចាស់វិញ ព្រមទាំងទទួលការអត់ទោសអោយរួចពីបាប និង ទទួលមត៌ករួមជាមួយអស់អ្នកដែលព្រះជាម្ចាស់ប្រោសអោយបានវិសុទ្ធ ដោយមានជំនឿលើខ្ញុំ"។19បពិត្រព្រះរាជា ទូលបង្គំពុំបានជំទាស់នឹងការអស្ចារ្យដែលទូលបង្គំនិមិត្ដឃើញនោះឡើយ។20ទូលបង្គំបានប្រាប់ប្រជាជននៅក្រុងដាម៉ាសមុនគេបង្អស់ បន្ទាប់មក ប្រាប់ប្រជាជននៅក្រុងយេរូសាឡឹមនៅស្រុកយូដាទាំងមូល ហើយប្រាប់សាសន៍ដទៃអោយកែប្រែចិត្ដគំនិត និង បែរមករកព្រះជាម្ចាស់ ដោយប្រព្រឹត្ដអំពើផ្សេងៗបញ្ជាក់ថា គេពិតជាកែប្រែចិត្ដគំនិតមែន។21មកពីហេតុនេះហើយបានជាសាសន៍យូដានាំគ្នាចាប់ទូលបង្គំនៅក្នុងព្រះវិហារ ព្រមទាំងប៉ុនប៉ងប្រហារជីវិតទូលបង្គំផង។22ប៉ុន្ដែ ដោយព្រះជាម្ចាស់ការពារទូលបង្គំរហូតមកទល់ថ្ងៃនេះ បានជាទូលបង្គំនៅតែផ្ដល់សក្ខីភាពអំពីព្រះអង្គ នៅចំពោះមុខអ្នកតូចអ្នកធំ។ ទូលបង្គំពុំបាននិយាយអ្វីក្រៅពីសេចក្ដីដែលពួកព្យាការី និង លោកម៉ូសេ បានថ្លែងទុកអំពីហេតុការណ៍ដែលត្រូវតែកើតមាននោះឡើយ23ពោលគឺព្រះគ្រិស្ដ បានរងទុក្ខលំបាក ហើយមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ទ្រង់នឹងប្រទានដំណឹងអំពីពន្លឺនៃការសង្គ្រោះ ប្រាប់សាសន៍អ៊ីស្រាអែល និង សាសន៍ដទៃ»។24កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារ ខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។25លោកប៉ូលតបវិញថា៖ «សូមជំរាបឯកឧត្ដមភេស្ទុសខ្ញុំបាទមិនមែនវង្វេងស្មារតីទេ ផ្ទុយទៅវិញ ខ្ញុំបាទនិយាយតែពាក្យពិត មានន័យត្រឹមត្រូវ។26ព្រះរាជាក៏ជ្រាបអំពីហេតុការណ៍ទាំងនេះ រួចស្រេចទៅហើយដែរ ខ្ញុំបាទហ៊ាននិយាយនៅ ចំពោះមុខព្រះអង្គដោយឥតភ័យខ្លាចឡើយ ដ្បិតខ្ញុំបាទជឿជាក់ថាព្រះរាជាជ្រាបទាំងអស់ ព្រោះហេតុការណ៍នេះមិនមែនកើតឡើងស្ងាត់ៗ នៅកៀនកោះណាមួយនោះទេ។27បពិត្រព្រះរាជា តើព្រះអង្គជឿពួកព្យាការីឬទេ? ទូលបង្គំដឹងថាព្រះអង្គពិតជាជឿមែន!»។28ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «នៅតែបន្ដិចទៀត អ្នកមុខជាធ្វើអោយខ្ញុំទៅជាគ្រិស្ដបរិស័ទហើយ!»។29លោកប៉ូលទូលតបវិញថា៖ «ទោះបីនៅតែបន្ដិចទៀត ឬ យូរទៀតក្ដី ទូលបង្គំអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រោសប្រណី មិនត្រឹមតែដល់ព្រះរាជាប៉ុណ្ណោះទេ គឺដល់អស់លោកដែលកំពុងស្ដាប់ទូលបង្គំនៅថ្ងៃនេះ សូមអោយព្រះរាជា និង អស់លោកបានដូចទូលបង្គំដែរ លើកលែងតែការជាប់ច្រវាក់នេះចេញ!»។30ព្រះរាជា លោកទេសាភិបាល ព្រមទាំងម្ចាស់ក្សត្រីយ៍បេរេនីស និង អ្នកឯទៀតៗដែលអង្គុយនៅទីនោះ បាននាំគ្នាក្រោកឡើង31ហើយចាកចេញទៅទាំងនិយាយគ្នាថា៖ «បុរសនេះពុំបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬ ត្រូវជាប់ច្រវាក់ឡើយ»។32ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅកាន់ លោកភេស្ទុសថា៖«ប្រសិនបើបុរសនេះមិនបានសុំឡើងទៅដល់ព្រះចៅអធិរាជទេនោះ យើងអាចដោះលែងគាត់បាន»។