Khmer

Acts

27

1នៅពេលគេសំរេចអោយចុះសំពៅចេញដំណើរ ឆ្ពោះទៅស្រុកអ៊ីតាលីគេប្រគល់លោកប៉ូល និង អ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ ឈ្មោះលោកយូលាសក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។2យើងបានចុះសំពៅដែលមកពីក្រុងអាដ្រាមីត រួចចេញដំណើរទៅ។ សំពៅនោះត្រូវចូលចតនៅស្រុកអាស៊ី។ លោកអើរីស្ដាកជាអ្នកស្រុកម៉ាសេដូន ដែលរស់នៅក្រុងថេស្សាឡូនីក ក៏បានរួមដំណើរជាមួយយើងដែរ។3នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្ដសប្បុរសចំពោះលោកប៉ូលណាស់គាត់អនុញ្ញាតអោយលោកប៉ូលទៅផ្ទះមិត្ដភក្ដិ ដើម្បីអោយគេជួយឧបត្ថម្ភលោក។4បន្ទាប់មកទៀត យើងបានចេញសំពៅពីក្រុងនោះ សសៀរតាមបណ្ដោយកោះគីប្រុស ព្រោះបញ្ច្រាសខ្យល់។5យើងបានឆ្លងសមុទ្រជិតស្រុកគីលីគា និង ស្រុកប៉ាមភីលា ហើយមកដល់ក្រុងមីរ៉ាក្នុងស្រុកលូគា។6នៅក្រុងនោះ លោកនាយទាហានរកបានសំពៅមួយ មកពីស្រុកអលេក្សានទ្រា ហើយត្រូវចេញទៅស្រុកអ៊ីតាលីគាត់ក៏នាំយើងចុះសំពៅនោះ។7សំពៅទៅមុខសន្សឹមៗអស់រយៈពេលជាច្រើនថ្ងៃ ហើយបានមកដល់ទន្ទឹមនឹងក្រុងគ្នីដូស ទាំងលំបាកបំផុត។ ដោយខ្យល់បក់មកពីមុខ យើងក៏បត់សំពៅទៅរកជ្រោយសាលម៉ូនសសៀរតាមបណ្ដោយកោះក្រែតវិញ។8យើងបន្ដដំណើរយ៉ាងលំបាកតាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ"កំពង់ស្អាត" ដែលនៅជិតក្រុងឡាសេ។9យើងបានខាតពេលជាច្រើនថ្ងៃ ហើយសំពៅទៅមុខកាន់តែពិបាក ដ្បិតពេលនោះ ជាពេលក្រោយថ្ងៃពិធីបុណ្យតមអាហារ។ លោកប៉ូលជូនយោបល់គេថា៖10«ខ្ញុំយល់ថាបើយើងបន្ដដំណើរទៅមុខទៀតនោះ គ្រោះថ្នាក់ណាស់ មិនត្រឹមតែធ្វើអោយខូចខាតទំនិញ និង សំពៅប៉ុណ្ណោះទេ គឺថែមទាំងមានគ្រោះថ្នាក់ដល់ជីវិតយើងទៀតផង»។11ប៉ុន្ដែ លោកនាយទាហានបានទុកចិត្ដអ្នកបើកសំពៅ និង នាយសំពៅជាងពាក្យរបស់លោកប៉ូល។12ដោយកំពង់ផែនោះមិនមែនជាកន្លែងស្រួលស្នាក់អាស្រ័យ នៅរដូវរងា អ្នកសំពៅភាគច្រើនបានសំរេចចិត្ដអោយចេញសំពៅទៅមុខទៀត។ ប្រសិនបើអាចធ្វើបាន គេចង់ទៅដល់ក្រុងភេនីច ជាកំពង់ផែមួយនៅកោះក្រែតដែលបែរទៅរកទិសនិរតី និង ទិសពាយ័ព្យ ដើម្បីស្នាក់នៅទីនោះក្នុងរដូវរងា។13ពេលនោះ មានខ្យល់បក់មកតិចៗពីទិសខាងត្បូង ពួកគេយល់ឃើញថាជាឱកាសល្អសំរាប់គំរោងការរបស់គេ គេក៏នាំគ្នាស្រាវយុថ្កា ហើយចេញសំពៅសសៀរៗកោះក្រែតទៅ។14ប៉ុន្ដែ បន្ដិចក្រោយមក មានខ្យល់ព្យុះមួយយ៉ាងខ្លាំង ឈ្មោះ«ខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន» បក់ពីកោះមក15នាំសំពៅទៅតាមខ្យល់ ហើយដោយយើងពុំអាចធ្វើអោយសំពៅបើកបញ្ច្រាសខ្យល់វិញបាន យើងក៏បណ្ដោយអោយសំពៅរសាត់ទៅតាមខ្យល់ទៅ។16ពេលមកដល់ខាងត្បូងកោះតូចមួយឈ្មោះកោះក្លូដេ យើងបានលើកសំប៉ាន ឡើង ទាំងពិបាក17បន្ទាប់មកយើងយកខ្សែពួរ សំរាប់ប្រើនៅគ្រាមានអាសន្នមកចងព័ទ្ធជុំវិញសំពៅ ការពារកុំអោយធ្លាយ។ យើងក៏បានទម្លាក់ឈើបណ្ដែតចុះដែរ ក្រែងលោសំពៅទៅកឿងនៅឈូងសមុទ្រសៀរទីស រួចហើយទុកអោយសំពៅរសាត់ទៅតាមខ្យល់។18នៅថ្ងៃបន្ទាប់ដោយខ្យល់ព្យុះបក់បោកមកខ្លាំងពេក គេបានទម្លាក់ទំនិញចោល។19នៅថ្ងៃទីបី សូម្បីតែពួកអ្នកសំពៅ ក៏បោះគ្រឿងប្រដាប់សំពៅចោលដែរ។20យើងមើលថ្ងៃ ឬ ផ្កាយមិនឃើញអស់រយៈពេលជាច្រើនថ្ងៃ ហើយដោយខ្យល់ព្យុះនៅតែមានសន្ទុះខ្លំាងដដែល នៅទីបំផុត យើងក៏លែងមានសង្ឃឹមថានឹងបានរួចជីវិត។21យើងពុំបានបរិភោគអ្វី ជាយូរថ្ងៃ មកហើយ។ លោកប៉ូលក៏ក្រោកឈរ នៅកណ្ដាលចំណោម អស់អ្នកដែលនៅក្នុងសំពៅ ហើយមានប្រសាសន៍ថា៖ «បើបងប្អូនស្ដាប់ខ្ញុំ ហើយមិនចាកចេញពីកោះក្រែតមកទេនោះ បងប្អូនពិតជាមិនត្រូវអន្ដរាយខូចខាតដូច្នេះទេ។22ប៉ុន្ដែ សូមបងប្អូនកុំអស់សង្ឃឹមអី! គ្មាននរណាម្នាក់ក្នុងចំណោមបងប្អូនត្រូវបាត់បង់ជីវិតឡើយ គឺមានតែសំពៅប៉ុណ្ណោះទេដែលត្រូវអន្ដរាយ។23ព្រោះពីយប់មិញ មានទេវតា របស់ព្រះជាម្ចាស់ដែលខ្ញុំជឿ និង គោរពបំរើ បានមកជិតខ្ញុំ24ប្រាប់ថា "ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខព្រះចៅអធិរាជ ហើយដោយព្រះជាម្ចាស់ប្រោសប្រណីអ្នក ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកអោយបានរួចជីវិតផងដែរ"។25ហេតុនេះបងប្អូនអើយ ចូរមានចិត្ដក្លាហានឡើង ដ្បិតខ្ញុំជឿទុកចិត្ដលើព្រះជាម្ចាស់ថានឹងបានសំរេចដូចព្រះអង្គមានព្រះបន្ទូលមែន26គឺសំពៅយើងនឹងត្រូវទៅកឿង នៅកោះណាមួយ ជាមិនខាន»។27សំពៅយើងបានរសាត់អណ្ដែតលើផ្ទៃសមុទ្រអាឌ្រា អស់រយៈពេលដប់បួនថ្ងៃមកហើយ។ ពេលនោះ ប្រមាណជាពាក់កណ្ដាលអធ្រាត្រពួកអ្នកសំពៅនឹកសង្ស័យថា ប្រហែលជាមកជិតដល់ដីគោកហើយ។28គេបោះខ្សែសម្ទង់ទៅក្នុងទឹកឃើញថា មានជំរៅសាមសិបប្រាំពីរម៉ែត្រ។ លុះទៅមុខបន្ដិច គេបោះខ្សែសម្ទង់ទៅក្នុងទឹកម្ដងទៀត ឃើញថាមានជំរៅ ម្ភៃប្រាំបីម៉ែត្រ។29ដោយខ្លាចក្រែងសំពៅរសាត់ទៅប៉ះនឹងថ្មពួកគេទម្លាក់យុថ្កាបួន នៅខាងកន្សៃ ហើយទន្ទឹងរង់ចាំភ្លឺ។30ពួកអ្នកសំពៅចង់រត់ចោលសំពៅ គេក៏នាំគ្នាសំរូតសំប៉ានចុះទៅក្នុងសមុទ្រ ដោយយកលេសថាគេចង់ទាញយុថ្កាទៅដាក់នៅខាងក្បាលសំពៅវិញ។31លោកប៉ូលមានប្រសាសន៍ទៅនាយទាហាន និង កូនទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ អស់លោកប្រាកដជាពុំអាចរួចជីវិតបានឡើយ»។32ពួកទាហានក៏កាប់ផ្ដាច់ខ្សែ ទម្លាក់សំប៉ាននោះទៅក្នុងសមុទ្របាត់ទៅ។33លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាអោយបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។34ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីអោយបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូន ក៏មិនបាត់ផង»។35លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំបុ័ងមកអរព្រះគុណព្រះជាម្ចាស់នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។36ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្ដឡើងវិញគេក៏បរិភោគទាំងអស់គ្នា។37នៅក្នុងសំពៅនោះ យើងមានគ្នាទាំងអស់ពីររយចិតសិបប្រាំមួយនាក់។38កាលបរិភោគឆ្អែតហើយ គេក៏លើកបាវស្រូវទម្លាក់ទៅក្នុងសមុទ្រ ដើម្បីអោយស្រាលសំពៅ។ សំពៅលិច39លុះភ្លឺឡើង អ្នកសំពៅមើលស្រុកនោះមិនស្គាល់ទេគេឃើញតែឆកសមុទ្រ ដែលមានវាលខ្សាច់។ គេបានសំរេចចិត្ដចូលសំពៅទៅបង្កឿងនៅទីនោះ ប្រសិនបើអាចចូលទៅបាន។40គេក៏ស្រាយខ្សែយុថ្កាទម្លាក់ចោលទៅក្នុងសមុទ្រ ព្រមទាំងស្រាយខ្សែចង្កូតចោលផងដែរ រួចគេលើកក្ដោងខាងមុខឡើង អោយសំពៅចូលទៅរកច្រាំង41ប៉ុន្ដែ សំពៅបានបុកខ្សាច់ ដែលនៅចន្លោះខ្សែទឹកពីរ បណ្ដាលអោយសំពៅកឿងនៅទីនោះទៅ ក្បាលសំពៅនៅជាប់នឹងថ្កល់ រីឯកន្សៃវិញ បានត្រូវបាក់បែក ដោយទឹករលកបក់បោកផ្ទប់មកយ៉ាងខ្លាំង។42ពួកទាហានមានបំណងសម្លាប់អ្នកទោសទាំងអស់ចោល ដើម្បីកុំអោយនរណាម្នាក់ហែលទឹកគេចខ្លួនបានឡើយ។43ប៉ុន្ដែ ដោយនាយទាហានចង់សង្គ្រោះជីវិតលោកប៉ូល គាត់ក៏ជំទាស់នឹងគោលបំណងរបស់កូនទាហានទាំងនោះ។ គាត់បានបញ្ជាអោយអស់អ្នកដែលចេះហែលទឹកលោតទៅក្នុងទឹក ហែលទៅរកគោកមុន44រីឯអ្នកមិនចេះហែលទឹក ត្រូវតោងបន្ទះក្ដារ ឬ តោងបំណែកសំពៅហែលទៅតាមក្រោយ។ ធ្វើដូច្នេះ គេបានទៅដល់ដីគោកដោយសុខសាន្ដគ្រប់ៗគ្នា។