1ដោយមានមនុស្សជាច្រើនឥតគណនា ធ្វើជាបន្ទាល់ទុកអោយយើងយ៉ាងនេះទៅ ហើយយើងត្រូវលះបង់ចោលអ្វីៗទាំងអស់ដែលជាបន្ទុកពីលើយើង និង លះបង់អំពើបាបដែល រឹបរួតយើងនេះចោលទៅ ហើយព្យាយាមរត់តំរង់ទៅមុខតាមព្រះអម្ចាស់ដាក់អោយយើងរត់។2ត្រូវសំឡឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើអោយជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្ដលះបង់អំណរ ដែលបំរុងទុកសំរាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាងឥតខ្លាចខ្មាសសោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។3សូមបងប្អូនគិតពីព្រះអង្គដែលបានស៊ូទ្រាំនឹងមនុស្សបាបដែលប្រឆាំងព្រះអង្គយ៉ាងខ្លាំងនោះទៅ ដើម្បីកុំអោយបងប្អូននឿយណាយបាក់ទឹកចិត្ដឡើយ។4បងប្អូនពុំទាន់បានតយុទ្ធទល់នឹងបាបរហូតដល់ទៅបង្ហូរឈាមទេ5តែបងប្អូនបែរជាភ្លេចព្រះបន្ទូលទូន្មានរបស់ព្រះជាម្ចាស់មកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរគឺថាៈ «កូនអើយមិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់ព្រះអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលព្រះអង្គស្ដីបន្ទោសដែរ6ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។7បងប្អូនស៊ូទ្រាំនឹងការប្រដៅបែបនេះ មកពីព្រះជាម្ចាស់រាប់បងប្អូនថាជាកូន។ តើមានកូនណាដែលឪពុកមិនវាយប្រដៅ?8ប្រសិនបើបងប្អូនមិនបានទទួលការវាយប្រដៅ ដូចកូនឯទៀតៗទទួលទេនោះ បានសេចក្ដីថា បងប្អូនជាកូនឥតខាន់ស្លាមិនមែនជាកូនពេញច្បាប់ឡើយ។9ឪពុករបស់យើងផ្នែកខាងសាច់ឈាមធ្លាប់វាយប្រដៅយើងហើយយើងនៅតែគោរពគាត់។ រីឯព្រះបិតាជាម្ចាស់លើជីវិតទាំងអស់នោះវិញ យើងត្រូវស្ដាប់បង្គាប់ព្រះអង្គអោយរឹតតែខ្លាំងទៅទៀត ដើម្បីអោយបានទទួលជីវិត។10ឪពុកយើងតែងវាយប្រដៅតែមួយរយៈពេលខ្លី តាមគាត់យល់ឃើញ។ រីឯព្រះជាម្ចាស់វិញ ព្រះអង្គវាយប្រដៅជាប្រយោជន៍ដល់យើង ដើម្បីប្រទានអោយយើងបានវិសុទ្ធ រួមជាមួយព្រះអង្គដែរ។11ការវាយប្រដៅតែងតែធ្វើអោយមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើអោយសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់អោយអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ដ និង សេចក្ដីសុចរិត ទុកជាផល។12ហេតុនេះ«ចូរលើកដៃដែលរួយឡើងហើយតំរង់ជង្គង់ដែលទន់នោះអោយរឹងប៉ឹងឡើងដែរ»។13ត្រូវរៀបចំផ្លូវអោយបានត្រង់ដើម្បីស្រួលដើរកុំអោយអ្នកខូចជើងរឹតតែខូចជើងថែមទៀត គឺអោយគេបានជាវិញប្រសើរជាង។14ចូរខិតខំអោយបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំអោយបានវិសុទ្ធ ទៀតផងបើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់បានឡើយ។15ចូរប្រយ័ត្នប្រយែង ក្រែងលោកមានបងប្អូនណាម្នាក់ឃ្លាតចេញពីព្រះគុណរបស់ព្រះជាម្ចាស់។ មិនត្រូវទុកអោយការអាស្រូវចាក់ឫស ដុះឡើងបណ្ដាលអោយកើតរឿងរ៉ាវហើយបំពុលចិត្ដគំនិតបងប្អូនជាច្រើននោះឡើយ។16ចូរប្រយ័ត្នប្រយែង កុំអោយបងប្អូនណាម្នាក់ប្រាសចាកសីលធម៌ ឬ មានចិត្ដប្រមាថអ្វីៗដែលសក្ការៈ ដូចលោកអេសាវបានលក់សិទ្ធិជាកូនច្បង ព្រោះតែចង់បានម្ហូបមួយចាននោះអោយសោះ។17បងប្អូនជ្រាបស្រាប់ហើយថា ក្រោយមក នៅពេលគាត់ចង់ទទួលពរទុកជាមត៌ក ឪពុកបានផាត់គាត់ចោល ទោះបីគាត់ខំទទូចអង្វរសុំទាំងទឹកភ្នែកក៏ដោយ ក៏គាត់ពុំអាចធ្វើអោយឪពុកដូរគំនិតបានដែរ។18បងប្អូនពុំបានចូលមកជិតភ្នំមួយដែលអាចពាល់បានជាភ្នំដែលមានភ្លើងឆេះ ដែលមានភាពងងឹតសូន្យសុងមានខ្យល់ព្យុះនោះឡើយ19ហើយបងប្អូនក៏ពុំបានឮស្នូរត្រែ និង ឮព្រះសូរសៀងដែរ។ ពេលជនជាតិអ៊ីស្រាអែលឮគេបានអង្វរសុំកុំអោយព្រះអង្គមានព្រះបន្ទូលទៀត20ព្រោះគេពុំអាចទ្រាំទ្រនឹងព្រះបញ្ជានេះបានទេគឺថាៈ «នរណាប៉ះភ្នំនេះ សូម្បីតែសត្វក៏ដោយក៏ត្រូវតែយកដុំថ្មគប់សម្លាប់ចោលដែរ»។21នេះជាអព្ភូតហេតុមួយគួរអោយស្ញែងខ្លាចណាស់បានជាលោកម៉ូសេមានប្រសាសន៍ថាៈ «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ហើយក៏ញ័ររន្ធត់ទៀតផង»។22ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់ព្រះដ៏មានព្រះជន្មរស់ គឺក្រុងយេរូសាឡឹមនៅស្ថានបរមសុខដែលមានទេវតា រាប់លានរាប់កោដិ23និង មានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និង ចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ24បងប្អូនចូលមកជិតព្រះយេស៊ូដែលជាស្ពាននៃសម្ពន្ធមេត្រី ថ្មី ហើយចូលមកជិតព្រះលោហិតសំរាប់ប្រោះ គឺជាព្រះលោហិតដែលទូលអង្វរ ប្រសើរជាងលោហិតរបស់លោកអេបិលទៅទៀត។25ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្ដើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។26ពីដើម ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើអោយកក្រើកផែនដី ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលសន្យាថាៈ«ម្ដងនេះទៀតយើងនឹងធ្វើអោយកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេគឺកក្រើកទាំងផ្ទៃមេឃផងដែរ»។27ពាក្យ«ម្ដងនេះទៀត»បង្ហាញអោយឃើញច្បាស់ថា អ្វីៗដែលព្រះជាម្ចាស់បង្កើតមកនឹងត្រូវកក្រើក ហើយរលាយសូន្យអស់ទៅ គឺមានតែអ្វីៗមិនកក្រើកប៉ុណ្ណោះទេដែលនៅសល់។28ដោយយើងបានទទួលព្រះរាជ្យ មួយដែលមិនចេះកក្រើក ដូច្នេះ យើងត្រូវតែដឹងគុណ ហើយគោរពបំរើព្រះជាម្ចាស់តាមរបៀបដែលព្រះអង្គគាប់ព្រះហឫទ័យ ដោយចិត្ដគោរពប្រណិប័តន៍ និង គោរពកោតខ្លាចព្រះអង្គ29ដ្បិតព្រះរបស់យើងដូចជាភ្លើងដែលឆេះសន្ធោសន្ធៅ។