1ជំនឿធ្វើអោយយើងមានអ្វីៗដែលយើងសង្ឃឹមថានឹងបាន និង ធ្វើអោយស្គាល់ជាក់ច្បាស់នូវអ្វីៗដែលយើងមើលពុំឃើញ។2ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្ដិ៍ឈ្មោះល្អ។3ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញមិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។4ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ជាយញ្ញបូជា ប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយ បានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោកហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។5ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដី ស្លាប់ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើក លោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះលោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។6បើគ្មានជំនឿគ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ។7ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿលោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។8ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅទាំងពុំដឹងថាត្រូវទៅណាផង។9ដោយសារជំនឿលោក បានមករស់នៅជាអាណិកជនក្នុងស្រុកដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានអោយ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និង លោកយ៉ាកុបដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោកតាមព្រះបន្ទូលសន្យាដដែល។10លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគំរោង និង សង់ឡើង។11ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបានថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើព្រះជាម្ចាស់សន្យាយ៉ាងណាព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។12ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និង គ្រាប់ខ្សាច់នៅឆ្នេរសមុទ្រកើតចេញមកពីមនុស្សតែម្នាក់ដែលចាស់ជិត ស្លាប់ទៅហើយនោះផង។13បុព្វបុរសទាំងនេះ បានស្លាប់ទៅទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និង អបអរទទួលពីចម្ងាយហើយប្រកាសទទួលស្គាល់ថា ពួកលោកគ្រាន់តែជាជនបរទេសដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។14អ្នកណានិយាយដូច្នេះ បង្ហាញអោយឃើញច្បាស់ថាគេស្វែងរកមាតុភូមិមួយ។15ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។16តាមពិតពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាងគឺមាតុភូមិនៅស្ថានបរមសុខ ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់មិនខ្មាសនឹងអោយគេហៅព្រះអង្គ ថាជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយសំរាប់ពួកលោករួចទៅហើយ។17ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្ដលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា18ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា« អ៊ីសាកនឹងបន្ដពូជពង្សអោយអ្នក»ក៏ដោយ។19លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់អោយរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញដែលជានិមិត្ដរូបមួយ។20ដោយសារជំនឿ លោកអ៊ីសាកបានអោយពរលោកយ៉ាកុប និង លោកអេសាវទុកសំរាប់អនាគត។21ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានអោយពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ដោយបន្ទន់ខ្លួនលើឈើច្រត់។22ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេអោយធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។23ដោយសារជំនឿ ពេលលោកម៉ូសេកើតមកឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។24ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមអោយគេហៅលោកថា ជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។25លោកសុខចិត្ដស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយ នឹងអំពើបាបតែមួយភ្លែត។26លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ដប្រសើរជាងបាន ទ្រព្យសម្បត្ដិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្ដនឹងរង្វាន់ដែលនៅខាងមុខ។27ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្ដរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។28ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង និង ប្រោះឈាម ដើម្បីកុំអោយមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។29ដោយសារជំនឿជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហម ដូចដើរលើដីគោករីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។30ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។31ដោយសារជំនឿ នាងរ៉ាហាប ជាស្ដ្រីពេស្យាពុំបានវិនាសអន្ដរាយជាមួយ ពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។32តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និង ព្យាការីនានាទេ។33ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្ដអំពើសុចរិតបានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានអោយបានបិទមាត់សឹង្ហ34បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅបានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើអោយខ្មាំងសត្រូវបាក់ទ័ព។35ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដអោយគេធ្វើទារុណកម្ម មិនព្រមអោយនរណាដោះលែងឡើយ ដើម្បីអោយបានជីវិតរស់ឡើងវិញក៏ប្រសើរជាង។36អ្នកខ្លះទៀតសុខចិត្ដអោយគេចំអកឡកឡឺយ អោយគេវាយដំ ហើយថែមទាំងអោយគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។37អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណា ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយមានតែស្បែកចៀម និង ស្បែកពពែបិទបាំងខ្លួនខ្វះខាតសព្វគ្រប់ទាំងអស់ហើយ ត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។38លោកីយ៍ពុំសក្ដិសមនឹងអោយអ្នកនោះរស់នៅជាមួយឡើយ ដូច្នេះ គេទៅរស់នៅតែលតោលតាមវាលរហោស្ថាន តាមភ្នំតាមរូងភ្នំ និង តាមរអាងភ្នំ។39ទោះបីអ្នកទាំងនោះទទួលសក្ខីភាពល្អ ព្រោះតែជំនឿរបស់ខ្លួនក្ដី ក៏គេពុំបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាដែរ។40ដោយព្រះជាម្ចាស់គ្រោងទុកថានឹងប្រទានអ្វីៗដ៏ល្អប្រសើរមកយើង ទ្រង់ពុំបានប្រោសអ្នកទាំងនោះអោយបានគ្រប់លក្ខណៈមុនយើងឡើយ។