Khmer

Hebrews

10

1ក្រឹត្យវិន័យ គ្រាន់តែជាស្រមោលនៃសម្បត្ដិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើអោយមនុស្សយើងឃើញសម្បត្ដិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យវិន័យពុំអាចធ្វើអោយអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជា ដដែលៗជារៀងរាល់ឆ្នាំមិនចេះចប់មិនចេះហើយក៏ដោយ។2ប្រសិនបើពួកអ្នកដែលគោរពបំរើព្រះជាម្ចាស់តាមរបៀបនេះ បានបរិសុទ្ធ ម្ដងជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជា ទៀតដែរ។3ក៏ប៉ុន្ដែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំលឹកពីអំពើបាប4ព្រោះឈាមគោបា និង ឈាមរបស់ពពែឈ្មោលពុំអាចដកបាបបានឡើយ។5ហេតុនេះ នៅពេលដែលព្រះគ្រិស្ដយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជាឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយអោយទូលបង្គំ6ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំអោយរួចពីបាបឡើយ7ដូច្នេះទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ ឥឡូវនេះទូលបង្គំសូមមក ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។8ជាបឋម ព្រះគ្រិស្ដមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬ យញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូម មកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបំរើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។10ព្រះយេស៊ូគ្រិស្ដថ្វាយព្រះកាយរបស់ព្រះអង្គ ម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងអោយបានវិសុទ្ធ។11បូជាចារ្យ គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបបានជាដាច់ខាត។12រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។13ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ អោយចុះចូលក្រោមព្រះបាទាព្រះអង្គ។14ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្ដធ្វើអោយអស់អ្នកដែលទ្រង់បានប្រោសអោយវិសុទ្ធ ហើយនោះបានគ្រប់លក្ខណៈរហូតតទៅ។15ព្រះវិញ្ញាណដ៏វិសុទ្ធ ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ទ្រង់មានព្រះបន្ទូលថា៖16«ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្ដរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។17បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និង អំពើទុច្ចរិតរបស់គេទៀតដែរ»។18ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំអោយរួចពីបាបទៀតឡើយ។19ហេតុនេះ បងប្អូនអើយ យើងមានចិត្ដរឹងប៉ឹងចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ20ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងននពោល គឺរូបកាយរបស់ព្រះអង្គដែលកើតមកជាមនុស្ស។21ដោយយើងមានមហាបូជាចារ្យ មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ22យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្ដទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និង មានចិត្ដបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។23ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះអោយបានខ្ជាប់ខ្ជួន កុំអោយរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។24តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាអោយមានចិត្ដស្រឡាញ់ និង ប្រព្រឹត្ដអំពើល្អ។25មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្ដគ្នាទៅវិញទៅមក អោយរឹតតែខ្លាំងឡើង ដោយឃើញថាថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។26ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ ហើយប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើអោយយើងរួចពីបាបបានទៀតឡើយ27គឺមានតែភិតភ័យរង់ចាំការវិនិច្ឆ័យទោស និង រង់ចាំភ្លើងដ៏សន្ធោសន្ធៅដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!28នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬ បីនាក់ដឹងឮគេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។29ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសអោយគេបានទៅជាវិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណសូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!30ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា «ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»។31គ្មានអ្វីគួរអោយភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!32ក៏ប៉ុន្ដែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន33ពេលខ្លះបងប្អូន ត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និង ពេលខ្លះទៀតបងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។34បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្ដអោយគេរឹបអូសយកទ្រព្យសម្បត្ដិរបស់បងប្អូនដោយរីករាយ ដ្បិតបងប្អូនដឹងថាបងប្អូនមានសម្បត្ដិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។35ហេតុនេះសូមបងប្អូនកុំលះបង់ចិត្ដរឹងប៉ឹងដែលនឹងធ្វើអោយបងប្អូនទទួលរង្វាន់ យ៉ាងធំនោះឡើយ36គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និង ទទួលផលតាមព្រះបន្ទូលសន្យា37ដ្បិតនៅតែបន្ដិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។38«រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿតែបើគេថយក្រោយ យើងលែងពេញចិត្ដនឹងគេហើយ»។39ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយអោយត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។