Khmer

Hebrews

9

1ក្នុងសម្ពន្ធមេត្រីទីមួយ មានក្បួនផ្សេងៗសំរាប់គោរពបំរើព្រះជាម្ចាស់ និង មានទីសក្ការៈនៅលើផែនដីនេះ2ព្រោះគេបានដំឡើងព្រះពន្លា មួយ ហើយគេហៅផ្នែកខាងមុខថា"ទីសក្ការៈ" នៅទីនោះមានដាក់ជើងចង្កៀង តុ និង នំបុ័ងតង្វាយ។3បន្ទាប់មក ខាងក្រោយវាំងននទីពីរ មានព្រះពន្លាមួយទៀតហៅថា "ទីសក្ការៈបំផុត"។4នៅទីនោះ មានភាជន៍មួយធ្វើពីមាស សំរាប់ដុតគ្រឿងក្រអូប និង មានហិប នៃសម្ពន្ធមេត្រីស្រោបមាសជុំវិញ ហើយក្នុងហិបនោះ មានពានមាសមួយដែលគេដាក់នំម៉ាណា មានដំបងរបស់លោកអើរ៉ុន ដែលមានផ្ការីកចេញមក និង មានបន្ទះថ្មនៃសម្ពន្ធមេត្រីផង។5នៅពីលើហិបនៃសម្ពន្ធមេត្រី មានរូបចេរូប៊ីន ត្រដាងស្លាបបាំងពីលើកន្លែងថ្វាយឈាមសុំអោយរួចពីបាប រូបនោះបង្ហាញពីវត្ដមានរបស់ព្រះជាម្ចាស់។ ប៉ុន្ដែ យើងមិនបាច់រៀបរាប់អោយបានល្អិតល្អន់ នៅពេលនេះទេ។6អ្វីៗទាំងអស់រៀបរយដូច្នេះហើយ ក្រុមបូជាចារ្យក៏នាំគ្នាចូលទៅគោរពបំរើនៅផ្នែក ខាងមុខនៃព្រះពន្លានោះជាប្រក្រតី។7រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាង កំហុសរបស់ខ្លួនលោកផ្ទាល់ និង កំហុសរបស់ប្រជាជន។8ត្រង់នេះ ព្រះវិញ្ញាណដ៏វិសុទ្ធ បង្ហាញអោយយើងដឹងថា ដរាបណាផ្នែកខាងមុខនៃព្រះពន្លានៅស្ថិតស្ថេរនៅឡើយ ផ្លូវចូលទៅក្នុងទីសក្ការៈ ក៏ពុំទាន់បើកចំហអោយយើងចូលទៅបានដែរ។9នេះហើយជានិមិត្ដរូប សំរាប់បច្ចុប្បន្នកាល គឺមានន័យថាតង្វាយ និង យញ្ញបូជាដែលមនុស្សយកមកថ្វាយព្រះជាម្ចាស់ ពុំអាចធ្វើអោយមនសិការរបស់អ្នកដែលមកគោរពបំរើទៅជាគ្រប់លក្ខណៈ បានឡើយ។10ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និង អំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលព្រះជាម្ចាស់កែទំរង់អ្វីៗទាំងអស់ឡើងវិញ។11រីឯព្រះគ្រិស្ដវិញ ព្រះអង្គបានយាងមក ក្នុងឋានៈជាមហាបូជាចារ្យ ដែលនាំទៅកាន់សម្បត្ដិនៅលោកខាងមុខ។ ព្រះអង្គបានយាងកាត់ ព្រះពន្លាមួយដ៏ប្រសើរឧត្ដម និង ល្អគ្រប់លក្ខណៈជាង ជាព្រះពន្លាដែលមិនមែនសង់ឡើងដោយដៃមនុស្សពោល គឺមិនមែនជាព្រះពន្លាដែលស្ថិតនៅក្នុងលោកនេះឡើយ។12ព្រះអង្គពុំបានយកឈាមពពែឈ្មោលឬឈាមកូនគោទេ គឺយកព្រះលោហិតរបស់ព្រះអង្គផ្ទាល់ចូលទៅថ្វាយ ក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។13ប្រសិនបើឈាមពពែឈ្មោល និង ឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើអោយរូបកាយគេបានបរិសុទ្ធ និង អោយគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ14ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្ដវិញ តើនឹងរឹតតែជំរះមនសិការយើងអោយបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបំរើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណ ដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្ដបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ទុកដូចជាយញ្ញបូជាឥតសៅហ្មង។15ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីអោយអស់អ្នកដែលព្រះជាម្ចាស់ ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យាព្រោះព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីលោះមនុស្សលោកអោយរួចផុតពីទោសដែលគេបានប្រព្រឹត្ដល្មើសកាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។16ធម្មតា គេអាចចែកកេរមត៌ក តាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះ ស្លាប់ទៅហើយ17ព្រោះពាក្យបណ្ដាំអាចយកជាការបានតែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់គេពុំអាចអនុវត្ដតាមពាក្យបណ្ដាំនោះបានឡើយ។18ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុន ក៏ចាប់ផ្ដើមយកជាការបានទាល់តែមានការបង្ហូរឈាម។19ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ អោយប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និង ស្លឹកហ៊ីសុបមកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និង ទឹកប្រោះលើគម្ពីរព្រមទាំងលើប្រជាជនទាំងមូល20លោកមានប្រសាសន៍ថាៈ «នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់អោយអ្នករាល់គ្នាកាន់តាម»។21ន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និង លើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សំរាប់គោរពបំរើព្រះជាម្ចាស់ដែរ។22តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេក៏គ្មានការលើកលែងទោសដែរ។23អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅស្ថានបរមសុខ បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។24ព្រះគ្រិស្ដពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។25ព្រះគ្រិស្ដពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។26បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិតនៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។27មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា28ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។