Khmer

Hebrews

8

1គោលដ៏សំខាន់បំផុត ក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុងឧត្ដមនៅស្ថានបរមសុខ។2ព្រះអង្គនៅបំរើក្នុងទីសក្ការៈ និង ក្នុងព្រះពន្លា ដ៏ពិតប្រាកដដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។3ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងអោយថ្វាយតង្វាយ និង ថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។4ប្រសិនបើព្រះគ្រិស្ដគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេព្រោះមានបូជាចារ្យឯទៀតៗ សំរាប់យកតង្វាយទៅថ្វាយស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។5អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និង តាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថាៈ «ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញអោយអ្នកឃើញនៅលើភ្នំ»។6ឥឡូវនេះ ព្រះគ្រិស្ដបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី មួយប្រសើរជាងជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។7ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះ ហើយមិនបាច់រកសម្ពន្ធមេត្រីទីពីរ មកជំនួសឡើយ។8ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្ដិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និង ពូជពង្សរបស់យូដា។9សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះអោយបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។10ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅៈ យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មានក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេយើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។11ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់បងប្អូនរបស់ខ្លួនថា "ត្រូវតែស្គាល់ព្រះអម្ចាស់"ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា12ដ្បិតយើងនឹងអត់ឱនអោយគេ ចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ដ ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។13ដោយព្រះអង្គហៅសម្ពន្ធមេត្រីនេះ ថាជាសម្ពន្ធមេត្រីថ្មីដូច្នេះព្រះអង្គចាត់ទុកសម្ពន្ធមេត្រី មុនថាជាសម្ពន្ធមេត្រីចាស់។ ធម្មតាអ្វីៗដែលចាស់ ហើយកាន់តែចាស់ទៅៗនោះមុខជា ត្រូវសាបសូន្យបាត់ទៅមិនខាន។