Khmer

Hebrews

7

1ព្រះបាទម៉ិលគីស្សាដែកនេះ ជាព្រះមហាក្សត្រនៅក្រុងសាឡឹម និង ជាបូជាចារ្យ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ទ្រង់បានទៅជួបលោកអប្រាហាំ ដែលវិលមកពីវាយឈ្នះស្ដេចនានា ហើយទ្រង់ជូនពរលោក។2លោកអប្រាហាំបានយកអ្វីៗទាំងអស់ដែលលោកមានចំនួនមួយភាគដប់ មកថ្វាយព្រះបាទម៉ិលគីស្សាដែក។ ព្រះនាមរបស់ស្ដេចអង្គនេះមានន័យថា«ស្ដេចប្រកបដោយសេចក្ដីសុចរិត» ហើយទ្រង់ជាស្ដេចក្រុងសាឡឹមថែមទៀតដែលមានន័យថា «ស្ដេចនៃសេចក្ដីសុខសាន្ដ»។3ទ្រង់គ្មានមាតាបិតា និង គ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេច ក៏គ្មានដើមកំណើត និង ចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ រហូតតរៀងទៅ។4សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំបុព្វបុរស របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចំបាំងចំនួនមួយភាគដប់មកថ្វាយដូច្នេះ!5អស់អ្នកក្នុងពូជពង្សរបស់លោកលេវី ដែលបានទទួលមុខងារជាបូជាចារ្យ នោះ ក៏បានទទួលបញ្ជាអោយហូតយកតង្វាយមួយភាគដប់ ពីប្រជាជនស្របតាម ក្រឹត្យវិន័យ គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។6ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញលោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ទ្រង់ក៏ជូនពរដល់លោកអប្រាហាំដែលបានទទួលព្រះបន្ទូលសន្យា!7ធម្មតាអ្នកទទួលពរមានឋានៈតូចជាងអ្នកអោយពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។8លោកលេវីដែលទទួលតង្វាយមួយភាគនោះជាមនុស្សរមែងតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។9យើងអាចពោលអោយអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែកតាមរយៈលោកអប្រាហាំដែរ10ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែក ទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។11មុខងារបូជាចារ្យ ជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ដ្រអ៊ីស្រាអែល។ ប្រសិនបើមុខងារជាបូជាចារ្យ បានគ្រប់លក្ខណៈដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀតតាមរបៀប ព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យ តាមរបៀបលោកអើរ៉ុនទៅវិញ។12ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។13រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ទ្រង់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។14យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។15ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។16ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យដែលជាបទបញ្ជារបស់មនុស្សឡើយ គឺទ្រង់បានទទួលមុខងារនេះតាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ17ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។18ដូច្នេះ បទបញ្ជាដែលមានពីមុនមក ត្រូវលុបបំបាត់ចោលហើយព្រោះគ្មានប្រសិទ្ធភាពគ្មានសារៈប្រយោជន៍អ្វីទេ19ដ្បិតក្រឹត្យវិន័យពុំបានធ្វើអោយអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម៉្យាងទៀតសេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះយើងអាចចូល ទៅជិតព្រះជាម្ចាស់បាន។20លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗ បានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។21រីឯព្រះយេស៊ូវិញ ទ្រង់បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា «"ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច" ព្រះអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។22ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថាព្រះយេស៊ូធានារ៉ាប់រង នូវសម្ពន្ធមេត្រី មួយរឹតតែប្រសើរជាងទៅទៀត។23លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ដ្រៃយ៍បានឡើយ។24រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅអោយនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។25ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គបានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់អោយពួកគេ។26មានតែមហាបូជាចារ្យដ៏ប្រសើរដូចព្រះយេស៊ូនេះ ហើយ ដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងខ្ពង់ខ្ពស់លើស ស្ថានបរមសុខ ទៅទៀត។27ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយ ព្រោះបាបខ្លួនឯងផ្ទាល់ផង និង បាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ជាយញ្ញបូជាម្ដងជាសូរេច។28ក្រឹត្យវិន័យបានតែងតាំងមនុស្សទន់ខ្សោយអោយធ្វើជាមហាបូជាចារ្យ។ រីឯព្រះបន្ទូលសម្បថ ដែលមានមកតាមក្រោយក្រឹត្យវិន័យ បានតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច អោយធ្វើជាមហាបូជាចារ្យវិញ។