Khmer

Hebrews

6

1ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់2អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ អំពីការរស់ឡើងវិញ ឬ អំពីការវិនិច្ឆ័យ ទោសអស់កល្បជានិច្ចនោះឡើយ។3ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។4មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ5ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និង ស្គាល់ឫទ្ធានុភាព ទាំងឡាយនៃបរលោកទៀតផង។6ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះគេមុខជាពុំអាចកែប្រែចិត្ដគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្ដិយសព្រះអង្គជាសាធារណៈផង។7ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ដីនោះក៏ទទួលព្រះពរពី ព្រះជាម្ចាស់ដែរ។8ផ្ទុយទៅវិញប្រសិនបើដីនោះដុះសុទ្ធតែបន្លា និង អញ្ចាញគេនឹងចាត់ទុកថាគ្មាន តម្លៃជិតត្រូវបណ្ដាសាហើយគេមុខជាដុតចោលមិនខាន។9ក៏ប៉ុន្ដែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថាបងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ10ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែល បងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេច សេចក្ដីស្រឡាញ់ ដែលបងប្អូនបានសំដែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបំរើប្រជាជនដ៏វិសុទ្ធកាលពីដើម និង ឥឡូវនេះដែរ។11យើងចង់អោយបងប្អូនម្នាក់ៗ នៅតែមានចិត្ដខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើអោយសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ12ដើម្បីកុំអោយបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែអោយយកតំរាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និង ចេះស៊ូទ្រាំ។13នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយក ព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គធ្វើជាប្រធានសម្បថបានឡើយ។14ព្រះអង្គមានព្រះបន្ទូលថាៈ «យើងនឹងអោយពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើអោយពូជពង្ស របស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។15ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។16មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើអោយពាក្យសំដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។17ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញអោយអស់អ្នកដែលទទួលមត៌កតាមព្រះបន្ទូលសន្យាបានដឹងរឹតតែច្បាស់ថា បើព្រះអង្គសំរេចព្រះហឫទ័យយ៉ាងណាហើយនោះទ្រង់មិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។18ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់ នៅខាងមុខយើងព្រះអង្គក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំងដោយមានព្រះបន្ទូលទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហក ក្នុងព្រះបន្ទូលនេះឡើយ។19សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សំរាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួស វាំងននទៅក្នុងទីសក្ការៈថែមទៀតផង20គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូ បានយាងចូលទៅមុនដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។