Khmer

John

10

1«ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។2រីឯអ្នកដែលចូលតាមទ្វារ ពិតជាអ្នកគង្វាលរបស់ចៀម។3ឆ្មំាទ្វារបើកទ្វារអោយគាត់ចូលហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាម ឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។4លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។5ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។6ព្រះយេស៊ូមាន ព្រះបន្ទូលជាប្រស្នានេះអោយគេស្ដាប់ ប៉ុន្ដែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូលអំពីរឿងអ្វីឡើយ។7ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារ សំរាប់អោយចៀមចេញចូល។8អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មាន សុទ្ធតែជាចោរលួចចោរប្លន់ទាំងអស់ចៀមមិនបានស្ដាប់សំឡេងអ្នកទាំងនោះឡើយ។9ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារ ថែមទៀតផង។10ចោរវាមកគិតតែពីលួចប្លន់ គិតតែពីសម្លាប់ និង បំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីអោយមនុស្សលោក មានជីវិតហើយអោយគេមានជីវិតពេញបរិបូណ៌»។11ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ អ្នកគង្វាលដ៏ល្អតែងតែស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្លួន។12រីឯអ្នកស៊ីឈ្នួលវិញកាលគេឃើញចចកមកដល់ គេរត់ចោលចៀមទុកអោយចចកខំាអូសយកទៅ ហើយដេញកំចាត់កំចាយជាមិនខាន ពីព្រោះអ្នកនោះមិនមែនជាអ្នកគង្វាល ហើយក៏មិនមែនជាម្ចាស់ របស់ចៀមផង។13អ្នកនោះមិនខ្វល់ខ្វាយនឹងចៀមឡើយ ព្រោះគេគ្រាន់តែស៊ីឈ្នួលប៉ុណ្ណោះ។ ខ្ញុំហ្នឹងហើយជាអ្នកគង្វាលដ៏ល្អ។14ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ15គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។16ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយមានអ្នកគង្វាលតែមួយ។17ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិតដើម្បីអោយបានជីវិតនោះមកវិញ។18គ្មាននរណាដកហូតជីវិតរបស់ខ្ញុំបានឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។19ព្រះបន្ទូលទាំងនេះធ្វើអោយជនជាតិយូដាបាក់បែកគ្នាម្ដងទៀត។20មានគ្នាគេជាច្រើនពោលថា៖ «អ្នកនោះមានអារក្សចូល! គាត់វង្វេងស្មារតីហើយ! ស្ដាប់គាត់ធ្វើអ្វី?»។21អ្នកខ្លះទៀតពោលថា៖ «ពាក្យទាំងនេះមិនមែនជាពាក្យរបស់មនុស្សដែលមានអារក្សចូលទេ! តើអារក្សអាចធ្វើអោយភ្នែកមនុស្សខ្វាក់ភ្លឺកើតឬ?»។22ពេលនោះជារដូវរងា គេនាំគ្នាធ្វើបុណ្យរំលឹកពិធីឆ្លងព្រះវិហារ នៅក្រុងយេរូសាឡឹម។23ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។24ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គទូលសួរថា៖ «តើលោកទុកអោយយើងខ្ញុំនៅរារែកក្នុងចិត្ដដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ដ មែន សូមប្រាប់យើងខ្ញុំអោយត្រង់ៗមក»។25ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព បញ្ជាក់អំពីខ្ញុំស្រាប់។26ប៉ុន្ដែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។27ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។28ខ្ញុំអោយគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្ដរាយឡើយហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។29ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកអោយខ្ញុំ ទ្រង់មានអំណាចធំលើសអ្វីៗទាំងអស់គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាបានឡើយ។30ខ្ញុំ និង ព្រះបិតាជាអង្គតែមួយ»។31ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បំរុងនឹងគប់សម្លាប់ព្រះអង្គ។32ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញអោយអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានអោយខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំអោយអ្នករាល់គ្នាយកដុំថ្មបំរុងនឹងគប់សម្លាប់ខ្ញុំ?»។33ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរ ណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ក្នុងវិន័យ របស់អ្នករាល់គ្នាមានចែងថា ព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នករាល់គ្នាជាព្រះ។35យើងមិនអាចលុបបំបាត់គម្ពីរបានឡើយ បើគម្ពីរហៅអស់អ្នកដែលទទួលព្រះបន្ទូលថាជា "ព្រះ" ដូច្នេះ36ចុះហេតុដូចម្ដេចបានជាពេលខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំជាបុត្រារបស់ព្រះជាម្ចាស់ អ្នករាល់គ្នាបែរជាពោលថាខ្ញុំប្រមាថព្រះអង្គទៅវិញ? ព្រះបិតាបានប្រោសខ្ញុំអោយវិសុទ្ធ ហើយចាត់ខ្ញុំអោយមកក្នុងពិភពលោកនេះទៀតផង។37ប្រសិនបើខ្ញុំមិនធ្វើការរបស់ព្រះបិតាទេនោះ សុំកុំជឿខ្ញុំឡើយ។38ប៉ុន្ដែ បើខ្ញុំធ្វើកិច្ចការរបស់ព្រះអង្គ ទោះបីអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ក៏សុំជឿទៅលើកិច្ចការទាំងនោះចុះ ដើម្បីអោយបានដឹង ហើយរឹតតែដឹងទៀតថាព្រះបិតាស្ថិតនៅក្នុងខ្ញុំ ខ្ញុំស្ថិតនៅក្នុងព្រះបិតា»។39គេរកចាប់ព្រះយេស៊ូម្ដងទៀត ប៉ុន្ដែព្រះអង្គគេចផុតពីគេទៅ។40ព្រះយេស៊ូយាងទៅត្រើយខាងនាយទន្លេយ័រដាន់ជាថ្មីម្ដងទៀត ត្រង់កន្លែងដែលលោកយ៉ូហានធ្លាប់ជ្រមុជ ទឹក អោយបណ្ដាជនកាលពីមុន រួចព្រះអង្គគង់នៅទីនោះ។41មានមនុស្សជាច្រើននាំគ្នាមកគាល់ព្រះអង្គ គេពោលថា៖ «លោកយ៉ូហានពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។42មនុស្សជាច្រើននៅទីនោះបានជឿលើព្រះយេស៊ូ។