Khmer

John

9

1ព្រះយេស៊ូយាងតាមផ្លូវ ទ្រង់ទតឃើញមនុស្សម្នាក់ខ្វាក់តាំងពីកំណើត។2ពួកសិស្សទូលសួរព្រះអង្គថា៖ «ព្រះគ្រូ បុរសនេះកើតមកខ្វាក់ដូច្នេះ តើបណ្ដាលមកពីបាបរបស់នរណា? បាបរបស់គាត់ផ្ទាល់ ឬបាបរបស់ឪពុកម្ដាយគាត់?»។3ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គាត់ខ្វាក់ មិនមែនមកពីបាបរបស់ឪពុកម្ដាយគាត់ ឬ បាបរបស់គាត់ទេ គាត់ខ្វាក់ដូច្នេះ ដើម្បីអោយព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ព្រះអង្គនៅក្នុងគាត់។4យើងត្រូវធ្វើកិច្ចការរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទាន់នៅភ្លឺនៅឡើយ ដ្បិតដល់ពេលយប់ គ្មាននរណាអាចធ្វើការបានឡើយ។5ពេលខ្ញុំស្ថិតនៅក្នុងពិភពលោកនេះខ្ញុំជាពន្លឺបំភ្លឺពិភពលោក»។6កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គស្ដោះទឹកព្រះឱស្ឋទៅលើដី ធ្វើភក់លាបភ្នែកមនុស្សខ្វាក់នោះ7រួចទ្រង់មានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោម ចុះ»(ពាក្យ"ស៊ីឡោម" នេះមានន័យថា អ្នកដែលគេចាត់អោយទៅ)។ គាត់ក៏ចេញទៅលុបមុខ ពេលត្រឡប់មកវិញ គាត់មើលឃើញ។8អ្នកជិតខាង និង អស់អ្នកដែលធ្លាប់ឃើញគាត់សុំទានកាលពីមុន នាំគ្នាពោលថា៖ «បុរសនេះជាអ្នកដែលតែងអង្គុយសុំទានទេតើ!»។9អ្នកខ្លះពោលថា៖ «គាត់មែន!»។ ខ្លះទៀតថា៖ «មិនមែនទេ អ្នកនេះមានមុខដូចគាត់!»។ រីឯបុរសនោះវិញ គាត់ពោលថា៖«គឺខ្ញុំហ្នឹងហើយ!»។10គេក៏នាំគ្នាសួរគាត់ថា៖ «ម្ដេចបានជាភ្នែកអ្នកភ្លឺដូច្នេះ?»។11គាត់ឆ្លើយថា៖ «មានលោកម្នាក់ឈ្មោះយេស៊ូបានធ្វើភក់យកមកលាបភ្នែកខ្ញុំ ហើយប្រាប់ខ្ញុំថា "សុំអញ្ជើញទៅលុបមុខនៅស្រះស៊ីឡោមចុះ!"ខ្ញុំក៏ទៅលុបមុខ ហើយខ្ញុំមើលឃើញ»។12គេសួរគាត់ថា៖ «លោកនោះនៅឯណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ!»។13គេនាំអ្នកដែលខ្វាក់ពីមុននោះ ទៅជួបពួកខាងគណៈផារីស៊ី ។14ថ្ងៃដែលព្រះយេស៊ូធ្វើភក់ និង ប្រោសអ្នកខ្វាក់អោយបានភ្លឺនោះជាថ្ងៃសប្ប័ទ15ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើអោយភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។16ពួកខាងគណៈផារីស៊ីខ្លះពោលថា៖ «អ្នកនោះមិនមែនមកពីព្រះជាម្ចាស់ទេ ដ្បិតគាត់ពុំគោរពក្រឹត្យវិន័យ សំរាប់ថ្ងៃឈប់សំរាក»។ ខ្លះទៀតពោលថា៖«តើមនុស្សបាបអាចធ្វើទីសំគាល់ដូចម្ដេចបាន?»ពួកគេក៏បាក់បែកគ្នា។17គេសួរអ្នកដែលខ្វាក់ពីមុននោះម្ដងទៀតថា៖ «ចុះអ្នកវិញ តើអ្នកថាលោកដែលធ្វើអោយអ្នកបានភ្លឺនោះជានរណា?»។ គាត់ឆ្លើយថា៖«លោកពិតជាព្យាការី មែន!»។18ប៉ុនែ្ដ ជនជាតិយូដានៅតែមិនជឿថា កាលពីមុនបុរសនេះខ្វាក់ ហើយឥឡូវបានមើលឃើញនោះឡើយទាល់តែហៅឪពុកម្ដាយគាត់មកសួរសិន។19គេសួរទៅឪពុកម្ដាយគាត់ថា៖ «អ្នកនេះពិតជាកូនរបស់អ្នកដែលអ្នកថាខ្វាក់ពីកំណើតមែនឬ ចុះឥឡូវម្ដេចក៏ភ្នែកគាត់ភ្លឺ?»។20ឪពុកម្ដាយគាត់ឆ្លើយថា៖«យើងខ្ញុំដឹងថាវាពិតជាកូនរបស់យើងខ្ញុំមែន ហើយកើតមកខ្វាក់!។21ត្រង់ឯភ្នែកវាបានភ្លឺដោយហេតុយ៉ាងណាៗនោះ យើងខ្ញុំមិនដឹងទេ ហើយនរណាបានធ្វើអោយភ្នែកវាភ្លឺនោះ ក៏យើងមិនដឹងដែរ!។ សូមអស់លោកសួរវាទៅ វាធំហើយ វាឆ្លើយខ្លួនឯងបាន»។22ឪពុកម្ដាយគាត់និយាយដូច្នេះមកពីខ្លាចជនជាតិយូដា ព្រោះជនជាតិយូដារួមគំនិតគ្នា បណ្ដេញអស់អ្នកដែលទទួលស្គាល់ថាព្រះយេស៊ូជាព្រះគ្រិស្ដ ចេញពីសាលាប្រជុំ របស់គេ។23ហេតុនេះហើយបានជាគាត់ពោលថា "វាធំហើយសូមសួរវាទៅ!"។24ពួកខាងគណៈផារីស៊ី បានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖«ត្រូវនិយាយការពិតនៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់!យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។25បុរសនោះតបថា៖«លោកនោះ ជាមនុស្សបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម៉្យាង គឺពីមុនខ្ញុំខ្វាក់ ឥឡូវនេះខ្ញុំមើលឃើញ»។26ពួកគេសួរគាត់ថា៖ «តើអ្នកនោះបានធ្វើអ្វីដល់អ្នក? គាត់បានធ្វើអោយភ្នែកអ្នកភ្លឺ ដោយវិធីណា?»។27គាត់ឆ្លើយទៅគេវិញថា៖ «ខ្ញុំបានជំរាបអស់លោករួចមកហើយតែអស់លោកពុំស្ដាប់ខ្ញុំទេ។ ហេតុដូចម្ដេចបានជាអស់លោកចង់អោយខ្ញុំនិយាយម្ដងទៀតដូច្នេះ? ប្រហែលអស់លោកចង់ធ្វើជាសិស្សរបស់លោកនោះដែរហើយមើលទៅ!»។28ពួកខាងគណៈផារីស៊ីក៏ជេរប្រមាថគាត់ថា៖ «ឯងទេតើជាសិស្សរបស់គាត់! រីឯយើងវិញយើងជាសិស្សរបស់លោកម៉ូសេ!។29យើងដឹងថាព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេមែន។ រីឯអ្នកនោះវិញ យើងមិនដឹងថាគាត់មកពីណាទេ!»។30បុរសនោះនិយាយតបទៅគេថា៖ «លោកនោះបានធ្វើអោយភ្នែកខ្ញុំភ្លឺ តែអស់លោកមិនដឹងថា គាត់មកពីណាដូច្នេះ គួរអោយឆ្ងល់ណាស់។31យើងដឹងស្រាប់ហើយថាព្រះជាម្ចាស់មិនស្ដាប់ពាក្យរបស់មនុស្សបាបទេ ព្រះអង្គស្ដាប់តែពាក្យរបស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ និង ប្រព្រឹត្ដតាមព្រះហឫទ័យព្រះអង្គប៉ុណ្ណោះ។32តាំងពីដើមរៀងមក យើងមិនដែលឮថាមាននរណាធ្វើអោយភ្នែកមនុស្សខ្វាក់ពីកំណើតបានភ្លឺនោះឡើយ។33ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។34ពួកគេនាំគ្នាពោលទៅគាត់ថា៖ «ឯងជាមនុស្សជាប់បាបពេញខ្លួនតាំងពីកំណើតមក ហើយឯងហ៊ានប្រដៅយើងទៀត!»។ គេក៏បណ្ដេញគាត់ចេញទៅខាងក្រៅ។35ព្រះយេស៊ូជ្រាបថា គេបានបណ្ដេញគាត់ កាលព្រះអង្គជួបគាត់ ទ្រង់មានព្រះបន្ទូលសួរថា៖ «តើអ្នកជឿលើបុត្រមនុស្ស ឬទេ?»។36គាត់ទូលព្រះអង្គថា៖ «លោកម្ចាស់អើយ តើនរណាជាបុត្រមនុស្ស សូមប្រាប់ខ្ញុំអោយដឹងផង ដើម្បីអោយខ្ញុំជឿលើព្រះអង្គ»។37ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកឃើញលោកស្រាប់ គឺអ្នកដែលកំពុងតែនិយាយជាមួយអ្នកហ្នឹងហើយជាបុត្រមនុស្ស»។38គាត់ទូលព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំជឿលើព្រះអង្គហើយ»។ គាត់ក៏ក្រាបថ្វាយបង្គំព្រះអង្គ។39បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីវិនិច្ឆ័យចិត្ដមនុស្ស គឺអោយមនុស្សខ្វាក់មើលឃើញ ហើយអោយមនុស្សមើលឃើញ ត្រឡប់ទៅជាខ្វាក់វិញ»។40ពួកខាងគណៈផារីស៊ីខ្លះដែលនៅទីនោះ ជាមួយព្រះអង្គ បានឮដូច្នេះក៏ទូលព្រះអង្គថា៖ «ប្រហែលជាលោកចង់ថា យើងខ្ញុំនេះ ជាមនុស្សខ្វាក់ដែរហើយមើលទៅ!»។41ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាខ្វាក់មែន អ្នករាល់គ្នាគ្មានបាបទេ។ ផ្ទុយទៅវិញ មកពីអ្នករាល់គ្នាថាខ្លួនមើលឃើញដូច្នេះហើយ បានជាអ្នករាល់គ្នានៅតែជាប់បាបរហូត»។