1ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ2លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្ដងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។3ពេលនោះ ពួកអាចារ្យ និង ពួកខាងគណៈផារីស៊ី នាំស្ដ្រីម្នាក់ ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្ដាលចំណោមប្រជុំជន4ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ យើងចាប់ស្ដ្រីនេះបាន ក្នុងពេលកំពុងរួមសហាយស្មន់។5ក្នុងក្រឹត្យវិន័យ លោកម៉ូសេបានបង្គាប់អោយយើងយកដុំថ្ម គប់ស្ដ្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។6ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្ដែ ព្រះយេស៊ូឱនព្រះកាយចុះហើយយកព្រះអង្គុលីគូសវាសលើដី។7ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំអោយអ្នកដែលគ្មានបាបសោះយកដុំថ្មគប់នាងមុនគេទៅ!»។8បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភ័ក្ដ្រចុះហើយគូសវាសលើដីសាជាថ្មី។9ពួកគេបានឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ ក៏នាំគ្នាដកខ្លួនថយម្នាក់ម្ដងៗចាប់ផ្ដើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និង ស្ដ្រីនោះប៉ុណ្ណោះ។10ពេលនោះ ព្រះយេស៊ូងើបព្រះភ័ក្ដ្រឡើង មានព្រះបន្ទូលទៅនាងថា៖«នាងអើយ ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។11នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖«ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្ដអំពើបាបទៀតឡើយ»។ ]12ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។13ពួកខាងគណៈផារីស៊ី ទូលព្រះអង្គថា៖ «លោកធ្វើជាបន្ទាល់អោយខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។14ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាបន្ទាល់អោយខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថា ខ្ញុំមកពីណាហើយទៅណាឡើយ។15អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យទោសនរណាទេ16ប្រសិនបើខ្ញុំវិនិច្ឆ័យទោស ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្ដីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំអោយមកវិនិច្ឆ័យជាមួយខ្ញុំ។17ក្នុងវិន័យរបស់អ្នករាល់គ្នាមានចែងទុកមកថា បើមានពីរនាក់ធ្វើជាបន្ទាល់ ទើបសក្ខីភាពយកជាការបាន។18ខ្ញុំនេះហើយជាបន្ទាល់សំរាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំអោយមកក៏ធ្វើជាបន្ទាល់អោយខ្ញុំដែរ»។19ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតារបស់ខ្ញុំមិនខាន»។20ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្ដាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្ដែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។21ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំតែអ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។22ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា"ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន"ដូច្នេះ?»។23ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីនិស្ស័យលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីនិស្ស័យលោកីយ៍នេះឡើយ។24ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ឋានៈរបស់ខ្ញុំ ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។25គេទូលសួរព្រះអង្គថា៖«តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។26ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្ដែ ព្រះអង្គដែលបានចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។27អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។28ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។29ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់គង់នៅជាមួយខ្ញុំព្រះអង្គមិនចោលខ្ញុំអោយនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្ដកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។30ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះមានមនុស្សជាច្រើនជឿលើព្រះអង្គ។31ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដា ដែលបានជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន។32អ្នករាល់គ្នានឹងស្គាល់សេចក្ដីពិត ហើយសេចក្ដីពិតនឹងរំដោះអ្នករាល់គ្នាអោយមានសេរីភាព»។33គេនាំគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើខ្ញុំបំរើអ្នកណាឡើយ ម្ដេចក៏លោកគ្រូថា "អ្នករាល់គ្នានឹងមានសេរីភាព"ដូច្នេះ?»។34ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថាអ្នកណាប្រព្រឹត្ដអំពើបាប អ្នកនោះជាខ្ញុំបំរើរបស់អំពើបាប។35ធម្មតា ខ្ញុំបំរើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។36ប្រសិនបើព្រះបុ្រតារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជាមានសេរីភាព។37ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅរបស់លោកអប្រាហាំ ក៏ប៉ុន្ដែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្ដអ្នករាល់គ្នាឡើយ។38ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។39គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖«បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជាធ្វើកិច្ចការ ដូចលោកអប្រាហាំធ្លាប់ធ្វើនោះមិនខាន40តែឥឡូវនេះ អ្នករាល់គ្នារកសម្លាប់ខ្ញុំមកពីខ្ញុំនិយាយសេចក្ដីពិត ដែលខ្ញុំបានឮពីព្រះជាម្ចាស់លោកអប្រាហាំមិនបានប្រព្រឹត្ដដូច្នេះទេ។41អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ដ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់ គឺព្រះជាម្ចាស់»។42ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែនម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខានដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្ដឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមក។43ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ពាក្យដែលខ្ញុំថ្លែងប្រាប់ដូច្នេះ? គឺមកពីអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។44អ្នករាល់គ្នាជាកូនចៅរបស់មារសាតាំង ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្សហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។45រីឯខ្ញុំវិញ ខ្ញុំនិយាយសេចក្ដីពិតតែអ្នករាល់គ្នាមិនជឿខ្ញុំទេ។46ក្នុងចំណោមអ្នករាល់គ្នាតើនរណាអាចចោទប្រកាន់ថាខ្ញុំប្រព្រឹត្ដអំពើបាបបាន? បើខ្ញុំនិយាយសេចក្ដីពិត ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?47អ្នកណាកើតមកពីព្រះជាម្ចាស់ អ្នកនោះតែងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនមែនកើតមកពីព្រះជាម្ចាស់ទេបានជាអ្នករាល់គ្នាមិនស្ដាប់ខ្ញុំដូច្នេះ»។48ជនជាតិយូដាទូលព្រះអង្គថា៖ «យើងនិយាយថាលោកជាសាសន៍សាម៉ារី ហើយថាមានអារក្សចូលលោកនោះត្រូវមែន!»។49ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «គ្មានអារក្សណាចូលខ្ញុំឡើយ តែខ្ញុំគោរពព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបែរជាបន្ដុះបង្អាប់ខ្ញុំទៅវិញ។50ខ្ញុំមិនរកសិរីរុងរឿងសំរាប់ខ្លួនខ្ញុំឡើយ គឺមានម្នាក់រកអោយខ្ញុំហើយវិនិច្ឆ័យទៀតផង។51ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។52ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាលោកពិតជាមានអារក្សចូលមែន។ លោកអប្រាហាំ និង ពួកព្យាការី បានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។53តើលោកមានឋានៈធំជាងលោកអប្រាហាំជាបុព្វបុរសរបស់យើង ដែលទទួលមរណភាពទៅហើយនោះឬ? រីឯពួកព្យាការី ក៏ទទួលមរណភាពទៅដែរ។ ចុះលោកលោកតាំងខ្លួនជាអ្វី?»។54ព្រះយេស៊ូមានព្រះបន្ទូលថា៖ «បើខ្ញុំលើកតម្កើងខ្លួនខ្ញុំ សិរីរុងរឿងរបស់ខ្ញុំគ្មានតម្លៃអ្វីទាល់តែសោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថាជា "ព្រះរបស់យើង"។55អ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេរីឯខ្ញុំ ខ្ញុំស្គាល់ព្រះអង្គប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់ព្រះអង្គទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់ព្រះអង្គ ហើយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គថែមទៀតផង។56លោកអប្រាហាំជាឪពុករបស់អ្នករាល់គ្នាមានចិត្ដត្រេកអរពន់ប្រមាណ ដោយសង្ឃឹមថានឹងឃើញខ្ញុំមកដល់។ លោកក៏បានឃើញមែនហើយត្រេកអរសប្បាយ»។57ជនជាតិយូដាពោលថា៖ «លោកមានអាយុមិនទាន់ទាំងបានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញលោកអប្រាហាំដូច្នេះ?»។58ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មុនលោកអប្រាហាំកើតមក ខ្ញុំមានជីវិត រួចស្រេចទៅហើយ»។59ពួកគេក៏រើសដុំថ្មបំរុងនឹងគប់សម្លាប់ព្រះអង្គ ប៉ុន្ដែ ព្រះយេស៊ូភៀសព្រះអង្គចេញពីព្រះវិហារ បាត់ទៅ។