1ក្រោយមក ព្រះយេស៊ូយាងចុះឡើងកាត់ស្រុកកាលីឡេ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យយាងទៅស្រុកយូដាឡើយ ព្រោះជនជាតិយូដារកធ្វើគុតព្រះអង្គ។2ពេលនោះ ជិតដល់ថ្ងៃបុណ្យមួយរបស់ជនជាតិយូដា ឈ្មោះបុណ្យបារាំ ។3បងប្អូនព្រះយេស៊ូទូលព្រះអង្គថា៖ «សូមបងចាកចេញពីទីនេះទៅស្រុកយូដាទៅ ដើម្បីអោយសិស្សរបស់បងឃើញកិច្ចការដែលបងធ្វើ។4អ្នកដែលចង់អោយគេស្គាល់ខ្លួនមិនធ្វើការអ្វីដោយលាក់កំបាំងឡើយ។ បើបងធ្វើការអស្ចារ្យយ៉ាងនេះត្រូវបង្ហាញអោយមនុស្សលោកឃើញផង»។5បងប្អូនរបស់ព្រះយេស៊ូពុំជឿលើព្រះអង្គទេ។6ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។7មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។8ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។9ព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយព្រះអង្គក៏គង់នៅក្នុងស្រុកកាលីឡេតទៅទៀត។10កាលប្អូនៗរបស់ព្រះយេស៊ូធ្វើដំណើរទៅចូលរួមពិធីបុណ្យផុតអស់ទៅ ព្រះអង្គក៏យាងឡើងទៅដែរ ប៉ុន្ដែ ទ្រង់យាងទៅស្ងាត់ៗមិនអោយនរណាឃើញឡើយ។11ក្នុងឱកាសបុណ្យនោះ ជនជាតិយូដាតាមរកព្រះយេស៊ូគេសួរគ្នាថា៖«តើលោកនៅឯណា?»។12បណ្ដាជនខ្សឹបខ្សៀវគ្នាជាច្រើនស្ដីអំពីព្រះអង្គ ខ្លះថា«លោកនោះជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតបណ្ដាជន»។13ប៉ុន្ដែ គ្មាននរណាហ៊ាននិយាយអំពីព្រះអង្គដោយចំហឡើយ ព្រោះគេខ្លាចសាសន៍យូដា។14លុះដល់ពាក់កណ្ដាលពិធីបុណ្យព្រះយេស៊ូយាងឡើងទៅព្រះវិហារ ហើយបង្រៀនបណ្ដាជន។15ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖«អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។16ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «សេចក្ដីដែលខ្ញុំបង្រៀនមិនមែនចេញពីខ្ញុំទេ គឺចេញពីព្រះជាម្ចាស់ដែលបានចាត់ខ្ញុំអោយមក។17អ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មុខជាដឹងថា សេចក្ដីដែលខ្ញុំបង្រៀននេះ មកពីព្រះអង្គ ឬមកពីខ្ញុំផ្ទាល់មិនខាន។18អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់អ្នកនោះរកកិត្ដិយសសំរាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនអោយមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។19លោកម៉ូសេប្រគល់ក្រឹត្យវិន័យទុកអោយអ្នករាល់គ្នារួចស្រេចហើយ ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ប្រតិបត្ដិតាមក្រឹត្យវិន័យនោះទេ។ ហេតុអ្វីបានជាអ្នករាល់គ្នារកសម្លាប់ខ្ញុំដូច្នេះ?»។20បណ្ដាជនតបទៅព្រះអង្គថា៖ «លោកពិតជាមានអារក្សចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់លោក?»។21ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានធ្វើកិច្ចការតែមួយ ហើយអ្នកទាំងអស់គ្នាបែរជាងឿងឆ្ងល់ទៅវិញ។22លោកម៉ូសេ បានបង្គាប់អ្នករាល់គ្នាអោយធ្វើពិធីកាត់ស្បែក (តាមពិត គឺបុព្វបុរស របស់អ្នករាល់គ្នាឯណោះ ជាអ្នកបង្គាប់អោយធ្វើពិធីនេះមិនមែនលោកម៉ូសេទេ) ហើយអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ។23បើអ្នករាល់គ្នាធ្វើពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ តែឥតបំពានលើវិន័យរបស់លោកម៉ូសេទេនោះ ចុះហេតុដូចម្ដេចបានជាអ្នករាល់គ្នាខឹងខ្ញុំដែលបានប្រោសមនុស្សមួយទាំងមូលអោយបានជា នៅថ្ងៃសប្ប័ទដូច្នេះ?24កុំនាំគ្នាវិនិច្ឆ័យដោយគ្រាន់តែឃើញផ្នែកខាងក្រៅនោះឡើយ ចូរវិនិច្ឆ័យអោយបានត្រឹមត្រូវវិញ»។25មានអ្នកក្រុងយេរូសាឡឹមខ្លះពោលថា៖ «លោកនេះហើយដែលគេរកសម្លាប់26ឥឡូវនេះ លោកនិយាយដោយចេញមុខ ចុះម្ដេចបានជាគ្មាននរណាថាអ្វីលោកដូច្នេះ?។ ប្រហែលអ្នកដឹកនាំរបស់យើងទទួលស្គាល់ថា លោកពិតជាព្រះគ្រិស្ដ ទេដឹង27ប៉ុន្ដែ ពេលព្រះគ្រិស្ដយាងមក គ្មាននរណាដឹងថាទ្រង់យាងមកពីណាទេ។ រីឯលោកនេះវិញ យើងដឹងហើយថាគាត់មកពីណា»។28ពេលនោះ ព្រះយេស៊ូបង្រៀនបណ្ដាជនក្នុងព្រះវិហារ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នករាល់គ្នាថាស្គាល់ខ្ញុំ ហើយដឹងថាខ្ញុំមកពីណាទៀត!។ ក៏ប៉ុន្ដែ ខ្ញុំមិនមែនមកក្នុងនាមខ្ញុំឡើយ ព្រះអង្គដែលចាត់ខ្ញុំអោយមក ទ្រង់សំដែងសេចក្ដីពិត តែអ្នករាល់គ្នាមិនស្គាល់ព្រះអង្គទេ។29រីឯខ្ញុំវិញ ខ្ញុំស្គាល់ព្រះអង្គ ព្រោះខ្ញុំចេញមកពីព្រះអង្គ ហើយទ្រង់បានចាត់ខ្ញុំអោយមក»។30ពេលនោះ ពួកគេរកចាប់ព្រះយេស៊ូ ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គ ពុំទាន់បានមកដល់នៅឡើយ។31ក្នុងចំណោមបណ្ដាជន មានមនុស្សជាច្រើនបានជឿលើព្រះយេស៊ូគេពោលថា៖ «ពេលព្រះគ្រិស្ដយាងមក តើព្រះអង្គនឹងសំដែងទីសំគាល់ច្រើនជាងលោកនេះឬ?»។32ពួកខាងគណៈផារីស៊ី បានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីព្រះយេស៊ូ។ ពេលនោះពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាព្រះវិហារ អោយមកចាប់ព្រះអង្គ។33ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀតប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងទៅឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះវិញហើយ។34អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះ បានឡើយ»។35ជនជាតិយូដាសួរគ្នាថា៖ «តើគាត់បំរុងទៅណា បានជាយើងពុំអាចនឹងរកគាត់ឃើញដូច្នេះ? តើគាត់គិតទៅនៅជាមួយជនជាតិយូដាដែលខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិក្រិក ហើយបង្រៀនពួកក្រិកឬ?36គាត់មានប្រសាសន៍ថា "អ្នករាល់គ្នានឹងតាមរកខ្ញុំតែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ"តើមានន័យដូចម្ដេច?»។37នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត ព្រះយេស៊ូឈរនៅមុខបណ្ដាជន បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។38អ្នកណាជឿលើខ្ញុំ នឹងមានទន្លេបង្ហូរទឹកផ្ដល់ជីវិត ចេញពីអ្នកនោះមក ដូចមានចែងទុកក្នុងគម្ពីរមកស្រាប់»។39ព្រះអង្គមានព្រះបន្ទូលដូច្នេះសំដៅទៅលើព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងត្រូវទទួលដ្បិតពេលនោះ ព្រះជាម្ចាស់ពុំទាន់បានប្រទានព្រះវិញ្ញាណមកទេ ពីព្រោះព្រះយេស៊ូពុំទាន់សំដែងសិរីរុងរឿង នៅឡើយ។40ក្រោយពីបានឮព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះពោលថា៖«លោកនេះពិតជាព្យាការី ដែលយើងរង់ចាំនោះមែន!»។41អ្នកខ្លះទៀតពោលថា៖«លោកនេះជាព្រះគ្រិស្ដ »។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «ព្រះគ្រិស្ដមិនមែនមកពីស្រុកកាលីឡេទេ42ដ្បិតមានចែងទុកក្នុងគម្ពីរថា "ព្រះគ្រិស្ដជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ហើយព្រះអង្គនឹងយាងមកពីភូមិបេថ្លេហិម ជាភូមិកំណើតរបស់ព្រះបាទដាវីឌ" »។43បណ្ដាជនក៏បាក់បែកគ្នា ព្រោះតែព្រះអង្គ។44ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់ព្រះអង្គ ប៉ុន្ដែ គ្មាននរណាហ៊ានចាប់ព្រះអង្គឡើយ។45កងរក្សាព្រះវិហារ វិលទៅជួបពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី វិញ លោកទាំងនោះសួរពួកគេថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាមិនចាប់គាត់នាំយកមក?»។46កងរក្សាព្រះវិហារឆ្លើយថា៖ «ពុំដែលមាននរណានិយាយដូចលោកនោះឡើយ»។47ពួកខាងគណៈផារីស៊ីពោលទៅគេវិញថា៖ «អ្នករាល់គ្នាចាញ់បោកអ្នកនោះដែរឬ!48ក្នុងចំណោមអ្នកដឹកនាំ និង ក្នុងចំណោមពួកខាងគណៈផារីស៊ី គ្មាននរណាជឿលើអ្នកនោះសោះ49មានតែបណ្ដាជនដែលមិនស្គាល់ក្រឹត្យវិន័យទេ ដែលជឿ។ ពួកនោះសុទ្ធតែត្រូវបណ្ដាសា!»។50ក្នុងចំណោមពួកខាងគណៈផារីស៊ី មានបុរសម្នាក់ឈ្មោះ នីកូដេម ជាអ្នកដែលបានទៅគាល់ព្រះយេស៊ូកាលពីមុន មានប្រសាសន៍ថា៖51«តាមច្បាប់របស់យើង យើងមិនអាចដាក់ទោសនរណាម្នាក់បានឡើយ ដរាបណាមិនទាន់បានឮពាក្យរបស់គេ ហើយមិនបានដឹងអំពីកិច្ចការដែលគេបានប្រព្រឹត្ដសិនទេនោះ»។52ពួកគេតបទៅលោកវិញថា៖ «តើលោកជាពួកកាលីឡេដែរឬ? សុំលោកពិចារណាមើល៍ពុំដែលមានព្យាការីណាម្នាក់កើតពីស្រុកកាលីឡេឡើយ»។ [53បន្ទាប់មក ម្នាក់ៗក៏វិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។