1បន្ទាប់មក ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេ ដែលមានឈ្មោះថាសមុទ្រទីបេរាស។2មានបណ្ដាជនច្រើនកុះករមកតាមព្រះអង្គ ព្រោះគេបានឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នកជំងឺអោយជា។3ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយគង់នៅទីនោះជាមួយពួកសិស្ស ។4ពេលនោះ បុណ្យចម្លង ជាបុណ្យរបស់ជនជាតិយូដា កាន់តែខិតជិតណាស់ហើយ។5ព្រះយេស៊ូទតឃើញបណ្ដាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មានព្រះបន្ទូលទៅលោកភីលីពថា៖«តើយើងទៅរកទិញអាហារឯណាមកចែកអោយអ្នកទាំងនេះបរិភោគបាន?»។6ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្ដលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។7លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយដួង ទៅទិញនំបុ័ងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។8មានសិស្សម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖9«នៅទីនេះ ក្មេងប្រុសម្នាក់មាននំបុ័ងប្រាំដុំ និង ត្រីតូចៗពីរកន្ទុយ។ ប៉ុន្ដែ បើមានតែប៉ុណ្ណឹងធ្វើម្ដេចនឹងអោយគ្រាន់សំរាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។10ព្រះយេស៊ូមានព្រះបន្ទូលថា៖«សុំអោយគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្ដាជនក៏នាំគ្នាអង្គុយមានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។11ព្រះយេស៊ូយកនំបុ័ងមកកាន់ អរព្រះគុណព្រះជាម្ចាស់រួចប្រទានអោយអ្នកអង្គុយនៅទីនោះ។ រីឯត្រីវិញព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានអោយគេ តាមតែម្នាក់ៗចង់បាន។12លុះគេបានបរិភោគឆ្អែតហើយព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំអោយមានបាត់មួយដុំសោះឡើយ»។13ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី?។14កាលមនុស្សម្នាឃើញទីសំគាល់ដែលព្រះយេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការី ដែលត្រូវមកក្នុងពិភពលោកមែន»។15ព្រះយេស៊ូជ្រាបថាគេបំរុងនឹងចាប់ព្រះអង្គយកទៅតែងតំាងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។16លុះដល់ល្ងាច ពួកសិស្ស នាំគ្នាចុះទៅមាត់សមុទ្រ។17គេជិះទូកឆ្លងទៅក្រុងកាពើណិម នៅត្រើយម្ខាង។ ពេលនោះ ងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ18ខ្យល់បក់បោកមកយ៉ាងខ្លាំងបណ្ដាលអោយទឹកសមុទ្រមានរលកធំៗ។19កាលគេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬ ប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូយាងលើសមុទ្រ ចូលមកជិតទូកគេភ័យខ្លាចជាខ្លាំង។20ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី»។21ពួកសិស្សចង់យាងព្រះអង្គចូលមកក្នុងទូក រំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែលគេបំរុងនឹងទៅ។22ថ្ងៃបន្ទាប់មកទៀត បណ្ដាជនដែលនៅត្រើយខាងនាយសមុទ្រ សង្កេតឃើញថា នៅកន្លែងនោះមានទូកតែមួយគត់ ហើយថាព្រះយេស៊ូពុំបានយាងចុះទូកជាមួយពួកសិស្ស ទេ គឺមានតែពួកសិស្សប៉ុណ្ណោះដែលបានជិះទូកចេញទៅ។23ប៉ុន្ដែ មានទូកឯទៀតៗមកពីភូមិទីបេរាសចតនៅជិតកន្លែងដែលគេបានបរិភោគនំបុ័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។24កាលបណ្ដាជនពុំឃើញព្រះយេស៊ូ និង ពួកសិស្សនៅទីនោះទៀតគេក៏នាំគ្នាចុះទូកទាំងនោះឆ្លងទៅក្រុងកាពើណិមតាមរកព្រះអង្គ។25បណ្ដាជនបានជួបព្រះអង្គនៅត្រើយម្ខាង គេទូលសួរព្រះអង្គថា៖ «លោកគ្រូ! តើលោកមកដល់ពីអង្កាល់?»។26ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នាតាមរកខ្ញុំ មិនមែនមកពីអ្នករាល់គ្នាបានឃើញទីសំគាល់ទេ គឺមកពីអ្នករាល់គ្នាបានបរិភោគអាហារឆ្អែតតែប៉ុណ្ណោះ។27កុំធ្វើកិច្ចការ ដើម្បីអោយគ្រាន់តែបានអាហារ ដែលតែងរលួយខូចនោះឡើយ គឺអោយបានអាហារដែលនៅស្ថិតស្ថេរ និង ផ្ដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលបុត្រមនុស្សនឹងប្រទានអោយអ្នករាល់គ្នា ដ្បិតបុត្រមនុស្សនេះហើយ ដែលព្រះជាម្ចាស់ជាព្រះបិតាបានដៅសញ្ញាសំគាល់»។28គេនាំគ្នាទូលសួរព្រះអង្គថា៖ «តើអោយយើងខ្ញុំប្រព្រឹត្ដដូចម្ដេចដើម្បីនឹងធ្វើកិច្ចការរបស់ព្រះជាម្ចាស់?»។29ព្រះយេស៊ូមានព្រះបន្ទូលថា៖«កិច្ចការរបស់ព្រះជាម្ចាស់គឺអោយអ្នករាល់គ្នាជឿលើអ្នក ដែលព្រះអង្គបានចាត់អោយមក»។30គេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសំគាល់អោយយើងខ្ញុំឃើញ និង ជឿលោក?តើលោកធ្វើកិច្ចការអ្វីខ្លះ?។31បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរថា "ព្រះអង្គបានប្រទានអោយគេបរិភោគនំបុ័ង ដែលធ្លាក់ពីស្ថានបរមសុខ មក"»។32ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារ ពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខ មកអោយអ្នករាល់គ្នា33ដ្បិតអាហារដែលព្រះជាម្ចាស់ប្រទានអោយនោះ គឺអ្នកដែលចុះពីស្ថានបរមសុខមក ហើយផ្ដល់ជីវិតអោយមនុស្សលោក»។34គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមលោកប្រទានអាហារនោះអោយយើងខ្ញុំ រហូតតទៅ»។35ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារយដែលផ្ដល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយ អ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ។36ប៉ុន្ដែ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយថា "អ្នករាល់គ្នាបានឃើញខ្ញុំ តែអ្នករាល់គ្នាមិនជឿទេ"។37អស់អ្នកដែលព្រះបិតាប្រទានមកខ្ញុំតែងតែមករកខ្ញុំ ហើយខ្ញុំមិនបោះបង់ចោលអ្នកដែលមករកខ្ញុំជាដាច់ខាត38ដ្បិតខ្ញុំចុះពីស្ថានបរមសុខមក ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដែលបានចាត់ខ្ញុំអោយមក គឺពុំមែនធ្វើតាមបំណងចិត្ដរបស់ខ្ញុំទេ។39រីឯព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះ ទ្រង់មិនសព្វព្រះហឫទ័យអោយនរណាម្នាក់ ក្នុងបណ្ដាអស់អ្នកដែលព្រះអង្គប្រទានមកខ្ញុំត្រូវវិនាសអន្ដរាយឡើយ តែព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំប្រោសគេ អោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។40ព្រះបិតារបស់ខ្ញុំសព្វព្រះហឫទ័យអោយអស់អ្នកដែលបានឃើញព្រះបុត្រា ហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។41ជនជាតិយូដារអ៊ូរទាំពីព្រះយេស៊ូ ព្រោះព្រះអង្គមានព្រះបន្ទូលថា "ខ្ញុំជាអាហារដែលចុះមកពីស្ថានបរមសុខ "។42គេពោលថា៖ «អ្នកនេះឈ្មោះយេស៊ូជាកូនរបស់លោកយ៉ូសែបទេតើ! យើងស្គាល់ទាំងឪពុកទាំងម្ដាយ ម្ដេចក៏គាត់ពោលថាគាត់ចុះមកពីស្ថានបរមសុខដូច្នេះ?»។43ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឈប់នាំគ្នារអ៊ូរទំាទៅ!។44ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំអោយមកមិនទាក់ទាញចិត្ដគេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំខ្ញុំនឹងប្រោសអ្នកនោះអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត។45ក្នុងគម្ពីរព្យាការី មានចែងទុកមកថា"ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់"។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។46សេចក្ដីនេះពុំមែនមានន័យថា មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកមកពីព្រះជាម្ចាស់ប៉ុណ្ណោះគឺអ្នកនោះហើយដែលបានឃើញព្រះអង្គ។47ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។48ខ្ញុំនេះហើយជាអាហារដែលផ្ដល់ជីវិត។49បុព្វបុរសរបស់អ្នករាល់គ្នាបានបរិភោគនំម៉ាណា នៅវាលរហោស្ថាន ហើយទទួលមរណភាពអស់ទៅ។50រីឯអាហារដែលចុះមកពីស្ថានបរមសុខ មានប្រសិទ្ធភាពបែបនេះ គឺអ្នកណាបរិភោគអ្នកនោះមិនស្លាប់ឡើយ។51ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះមកពីស្ថានបរមសុខ។ អ្នកណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹងអោយនោះ គឺខ្លួនខ្ញុំ ផ្ទាល់ដែលត្រូវបូជាសំរាប់អោយមនុស្សលោកមានជីវិត»។52ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំង ហើយគេនិយាយថា៖ «តើអ្នកនេះអាចអោយខ្លួនគាត់ផ្ទាល់ មកយើងបរិភោគដូចម្ដេចកើត?»។53ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និង លោហិតរបស់បុត្រមនុស្ស ទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។54អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេអោយមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។55សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។56អ្នកណាពិសាសាច់ និង លោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។57ព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់មានព្រះជន្មរស់ ហើយខ្ញុំមានជីវិតដោយសារព្រះអង្គយ៉ាងណាអ្នកបរិភោគខ្ញុំ ក៏នឹងមានជីវិតរស់ ដោយសារខ្ញុំយ៉ាងនោះដែរ។58អាហារដែលបានចុះពីស្ថានបរមសុខមកមានប្រសិទ្ធភាពខុសពីអាហារដែលបុព្វបុរស របស់អ្នករាល់គ្នាបានបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច»។59ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងសាលាប្រជុំ នៅក្រុងកាពើណិម។60ក្រោយពីបានស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គហើយ ក្នុងចំណោមសិស្ស មានគ្នាច្រើនពោលថា៖ «ពាក្យទាំងនេះទាស់ត្រចៀកណាស់ តើនរណាអាចទ្រាំស្ដាប់បាន?»។61ព្រះយេស៊ូឈ្វេងយល់ថា ពួកសិស្សរអ៊ូរទាំពីពាក្យទាំងនេះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើពាក្យទាំងនេះនាំអោយអ្នករាល់គ្នារវាតចិត្ដ បាត់ជំនឿឬ?62ចុះបើអ្នករាល់គ្នាឃើញបុត្រមនុស្ស ឡើងទៅស្ថានដែលលោកនៅពីមុនវិញ តើចិត្ដអ្នករាល់គ្នានឹងទៅជាយ៉ាងណា?។63មានតែព្រះវិញ្ញាណទេដែលផ្ដល់ជីវិត និស្ស័យលោកីយ៍គ្មានប្រយោជន៍អ្វីឡើយ។ រីឯពាក្យទាំងប៉ុន្មានដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា សុទ្ធតែចេញមកពីព្រះវិញ្ញាណដែលផ្ដល់ជីវិត។64ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក ព្រះយេស៊ូស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់ព្រះអង្គ រួចស្រេចទៅហើយ។65ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នារួចមកហើយថា ប្រសិនបើព្រះបិតាមិនប្រោសប្រទានទេ នោះគ្មាននរណាអាចមករកខ្ញុំបានឡើយ»។66ចាប់ពីពេលនោះមក ក្នុងចំណោមសិស្ស មានគ្នាច្រើនដកខ្លួនថយ ឈប់តាមព្រះអង្គទៀត។67ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។68លោកស៊ីម៉ូនពេត្រុសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើអោយយើងខ្ញុំទៅរកនរណាវិញ? ព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។69យើងខ្ញុំជឿហើយដឹងថា ព្រះអង្គពិតជាព្រះដ៏វិសុទ្ធដែលព្រះជាម្ចាស់ចាត់អោយមក »។70ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំផ្ទាល់ដែលបានជ្រើសរើសអ្នកទាំងដប់ពីរមក ក៏ប៉ុន្ដែ ក្នុងចំណោមអ្នករាល់គ្នាមានម្នាក់ជាមារ»។71ព្រះអង្គមានព្រះបន្ទូលសំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់ព្រះអង្គ ទោះបីគាត់ជាសិស្សមួយរូប ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។