1ប្រាំមួយថ្ងៃ មុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញ។2នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបំរើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និង អ្នកឯទៀត។3នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។4ពេលនោះសិស្ស ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖5«ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង ទៅលក់យកប្រាក់ចែកអោយជនក្រីក្រវិញ?»។6គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្ដទុកដាក់នឹងអ្នកក្រទេគឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។7ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកអោយនាងធ្វើតាមបំណងចិត្ដនាងទៅ! នាងចាក់ប្រេងក្រអូបនេះសំរាប់ថ្ងៃបញ្ចុះសពខ្ញុំ។8អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។9ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសអោយរស់ឡើងវិញនោះថែមទៀតផង។10ពួកនាយកបូជាចារ្យ បានសំរេចចិត្ដសម្លាប់លោកឡាសារដែរ11ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេមកជឿលើព្រះយេស៊ូ។12នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យចម្លង ។ កាលគេឮដំណឹងថា ព្រះយេស៊ូយាងជិតដល់ក្រុងយេរូសាឡឹម13គេនាំគ្នាកាច់ធាងទន្សែ កាន់មកទទួលព្រះអង្គ ទាំងស្រែកថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គ ដែលយាងមក ក្នុងព្រះនាមព្រះអម្ចាស់ គឺព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែល!»14ព្រះយេស៊ូរកបានកូនលាមួយ ហើយព្រះអង្គគង់លើខ្នងវា ស្របតាមសេចក្ដីដែលមានចែងទុកមកថា៖15ប្រជាជន ក្រុងស៊ីយ៉ូនអើយ កុំភ័យខ្លាចអី! មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមកដល់ហើយ ព្រះអង្គគង់លើខ្នងកូនលា»។16នៅពេលនោះ ពួកសិស្ស ពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់ព្រះយេស៊ូបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថាហេតុការណ៍ទាំងនេះ មានចែងទុកអំពីព្រះអង្គ ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ថ្វាយព្រះអង្គស្របតាមគម្ពីរដែរ។17អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលព្រះអង្គហៅលោកឡាសារចេញពីផ្នូរ ហើយប្រោសគាត់អោយរស់ឡើងវិញនោះនាំគ្នាផ្ដល់សក្ខីភាព អំពីកិច្ចការដែលព្រះអង្គបានធ្វើ។18បណ្ដាជនមកទទួលព្រះអង្គ ដ្បិតគេបានឮថាព្រះអង្គបានធ្វើទីសំគាល់នេះ។19ពួកខាងគណៈផារីស៊ីនិយាយគ្នាថា៖ «ឃើញទេ យើងមិនអាចឈ្នះបានឡើយ! មនុស្សម្នានាំគ្នាទៅតាមអ្នកនោះអស់!»។20ក្នុងចំណោមអស់អ្នកដែលឡើងទៅថ្វាយបង្គំព្រះជាម្ចាស់ក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។21គេចូលទៅជិតលោកភីលីពជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ហើយពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។22លោកភីលីពទៅប្រាប់លោកអនទ្រេ ហើយលោកអនទ្រេ និង លោកភីលីព ចូលទៅទូលព្រះយេស៊ូ។23ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសំដែង សិរីរុងរឿងហើយ។24ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់វានឹងបង្កើតផលបានច្រើន។25អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្ដនឹងជីវិតរបស់ខ្លួន ក្នុងពិភពលោកនេះទេនឹងរក្សាជីវិតខ្លួនអោយនៅស្ថិតស្ថេរអស់កល្បជានិច្ច។26បើអ្នកណាចង់បំរើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបំរើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបំរើខ្ញុំ ព្រះបិតានឹងលើកកិត្ដិយសអ្នកនោះ»។27«ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្ដណាស់ មិនដឹងជានឹងទូលថាដូចម្ដេចឡើយ។ ឱព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំអោយរួចផុតពីទុក្ខលំបាក នៅពេលកំណត់នេះផង។ ប៉ុន្ដែ ទូលបង្គំមក ដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។28ព្រះបិតាអើយ សំដែងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះមានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសំដែងសិរីរុងរឿងរបស់យើងហើយយើងក៏នឹងសំដែងសិរីរុងរឿងជាថ្មីទៀត»។29បណ្ដាជននៅទីនោះ បានឮព្រះសូរសៀង ក៏ពោលថា«សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា«មានទេវតា និយាយមកលោក»។30ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះ បន្លឺឡើងសំរាប់អ្នករាល់គ្នាមិនមែនសំរាប់ខ្ញុំទេ។31ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។32រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។33ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។34បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ដ ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ?35តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្ដិច ទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។36ក្នុងពេលដែលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីអោយបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ទ្រង់យាងចេញទៅលាក់ខ្លួនមិនអោយបណ្ដាជនឃើញ។37ទោះបីព្រះយេស៊ូធ្វើទីសំគាល់ជាច្រើនអោយគេឃើញយ៉ាងណាក៏ដោយ ក៏គេនៅតែពុំជឿលើព្រះអង្គដដែល38គឺស្របតាមសេចក្ដីដែលព្យាការី អេសាយបានថ្លែងទុកមកថា៖ «បពិត្រព្រះអម្ចាស់ តើនរណាជឿសេចក្ដី ដែលយើងនិយាយប្រាប់? តើព្រះអម្ចាស់បានសំដែងឫទ្ធិបារមី អោយនរណាឃើញ?»។39គេពុំអាចជឿបានឡើយ ស្របតាមសេចក្ដីដែលព្យាការីអេសាយបានថ្លែងទៀតថា៖40«ព្រះអង្គបានធ្វើអោយភ្នែកគេខ្វាក់ អោយចិត្ដគេរឹង មិនអោយភ្នែកគេមើលឃើញ មិនអោយប្រាជ្ញាគេយល់ ហើយមិនអោយគេងាកមករកយើង ក្រែងលោយើងប្រោសគេអោយបានជា»។41ព្យាការីអេសាយពោលពាក្យទាំងនេះ មកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។42ក្នុងចំណោមអ្នកដឹកនាំ មានគ្នាច្រើននាក់ជឿលើព្រះអង្គដែរ ប៉ុន្ដែ អ្នកទាំងនោះពុំហ៊ានប្រកាសជំនឿរបស់ខ្លួនឡើយ ព្រោះខ្លាចពួកខាងគណៈផារីស៊ី និង ខ្លាចគេដេញចេញពីសាលាប្រជុំ43ដ្បិតពួកគេចូលចិត្ដទទួលសិរីរុងរឿងពីមនុស្សជាជាងទទួលសិរីរុងរឿងពីព្រះជាម្ចាស់។44ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «អ្នកណាជឿលើខ្ញុំ មិនត្រឹមតែជឿលើខ្ញុំប៉ុណ្ណោះទេ គឺជឿលើព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ។45អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំអោយមកដែរ។46ខ្ញុំជាពន្លឺ ខ្ញុំមកក្នុងពិភពលោកនេះ ដើម្បីកុំអោយអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹត។47បើអ្នកណាឮពាក្យខ្ញុំហើយ តែមិនប្រតិបត្ដិតាម មិនមែនខ្ញុំទេដែលកាត់ទោសអ្នកនោះដ្បិតខ្ញុំមក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺខ្ញុំមកសង្គ្រោះមនុស្សលោកវិញ។48អ្នកណាផាត់ខ្ញុំចោល ហើយមិនទទួលពាក្យខ្ញុំ អ្នកនោះមានចៅក្រមកាត់ទោសរួចស្រេចទៅហើយ គឺពាក្យដែលខ្ញុំបាននិយាយនឹងកាត់ទោសគេ នៅថ្ងៃចុងក្រោយបង្អស់។49ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺព្រះបិតាដែលបានចាត់ខ្ញុំអោយមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និង ថ្លែង។50ខ្ញុំដឹងថាបទបញ្ជារបស់ព្រះអង្គផ្ដល់ជីវិតអស់កល្បជានិច្ច។ សេចក្ដីណាដែលខ្ញុំនិយាយ ខ្ញុំនិយាយដូចព្រះបិតាមានព្រះបន្ទូលមកខ្ញុំដែរ»។