Khmer

John

13

1នៅមុនថ្ងៃបុណ្យចម្លង ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ទ្រង់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។2ពេលនោះ ព្រះយេស៊ូ និង ពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង បានធ្វើអោយយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។3ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និង យាងទៅឯព្រះជាម្ចាស់វិញ។4ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។5បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។6ពេលព្រះអង្គហៀបនឹងលាងជើងអោយលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងអោយទូលបង្គំសោះ!»។7ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយអ្នកមុខ តែយល់ជាមិនខាន»។8លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតបានឡើយ»។9លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះសូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។10ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។11ព្រះអង្គមានព្រះបន្ទូលថា "អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា"ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។12កាលព្រះយេស៊ូលាងជើងអោយគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការដែលខ្ញុំបានធ្វើ ចំពោះអ្នករាល់គ្នានេះឬទេ?13អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និង ព្រះអម្ចាស់ នោះត្រូវមែនគឺខ្ញុំហ្នឹងហើយ!។14បើខ្ញុំជាព្រះអម្ចាស់ និង ជាព្រះគ្រូបានលាងជើងអោយអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងអោយគ្នាទៅវិញទៅមកដែរ។15ខ្ញុំបានធ្វើជាគំរូអោយអ្នករាល់គ្នាប្រព្រឹត្ដ ដូចខ្ញុំបានប្រព្រឹត្ដដល់អ្នករាល់គ្នា។16ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបំរើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់អោយទៅក៏មិនដែលធំជាងអ្នកចាត់ខ្លួនអោយទៅនោះដែរ។17ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។18ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីអោយបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថាៈ "អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ"។19ខ្ញុំនិយាយប្រាប់អ្នករាល់គ្នា ពីឥឡូវនេះ អោយហើយមុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។20ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់អោយទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ»។21កាល ព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ ហើយ ព្រះអង្គរន្ធត់ព្រះហឫទ័យក្រៃលែង ទ្រង់មានព្រះបន្ទូលបញ្ជាក់ទៀតថា៖ «ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។22ពួកសិស្ស ងាកមើលមុខគ្នាទៅវិញទៅមក មិនដឹងថាព្រះអង្គមានព្រះបន្ទូលពីនរណា។23សិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់អង្គុយក្បែរព្រះអង្គ។24លោកស៊ីម៉ូនពេត្រុសធ្វើសញ្ញាអោយគាត់សួរព្រះយេស៊ូថា ព្រះអង្គមានព្រះបន្ទូលពីនរណា។25សិស្សនោះក៏អោនទៅជិតព្រះឱរាព្រះយេស៊ូទូលសួរថា៖ «បពិត្រព្រះអម្ចាស់ តើនរណាមួយ?»។26ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ខ្ញុំជ្រលក់នំបុ័ងមួយដុំហុចទៅអោយអ្នកណា គឺអ្នកនោះហើយ»។ ព្រះអង្គជ្រលក់នំបុ័ងមួយដុំហុចទៅអោយយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់លោកស៊ីម៉ូន។27ពេលយូដាសទទួលដុំនំបុ័ងនោះ មារសាតាំង ក៏ចូលក្នុងចិត្ដគាត់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«កិច្ចការដែលអ្នកត្រូវធ្វើ ចូរធ្វើអោយឆាប់ៗទៅ!»។28ក្នុងបណ្ដាអស់អ្នកដែលនៅរួមតុ គ្មាននរណាម្នាក់យល់ថា ហេតុអ្វីបានជាព្រះអង្គមានព្រះបន្ទូលដូច្នេះឡើយ។29ដោយយូដាសកាន់ថង់ប្រាក់ អ្នកខ្លះនឹកស្មានថា ព្រះយេស៊ូប្រើគាត់អោយទៅទិញរបស់របរសំរាប់ពិធីបុណ្យ ឬ អោយយកប្រាក់ទៅចែកដល់ជនក្រីក្រ។30យូដាសទទួលយកដុំនំបុ័ង រួចចេញទៅភ្លាម ពេលនោះ យប់ងងឹតហើយ។31លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសំដែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។32បើព្រះជាម្ចាស់បានសំដែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។33ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្ដែឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះបានឡើយ។34ខ្ញុំអោយបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។35បើអ្នកស្រឡាញ់គ្នាទៅវិញទៅមកមនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស របស់ខ្ញុំមែន»។36លោកស៊ីម៉ូនពេត្រុស ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះបានទេ ថ្ងៃក្រោយទើបអ្នកទៅបាន»។37លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្ដស៊ូប្ដូរជីវិតសំរាប់ព្រះអង្គ»។38ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្ដស៊ូប្ដូរជីវិតសំរាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។