Khmer

John

14

1«កុំរន្ធត់ចិត្ដធ្វើអ្វី អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ សុំជឿលើខ្ញុំផង។2ក្នុងដំណាក់របស់ព្រះបិតាខ្ញុំ មានលំនៅជាច្រើន។ បើពុំដូច្នោះទេ ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាថា ខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នាឡើយ។3ពេលខ្ញុំទៅរៀបចំកន្លែងទុកអោយអ្នករាល់គ្នារួចហើយខ្ញុំនឹងត្រឡប់មកវិញ យកអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីអោយអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅ។4ឯកន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាក៏ស្គាល់ផ្លូវទៅដែរ»។5លោកថូម៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ធ្វើដូចម្ដេចអោយយើងខ្ញុំអាចស្គាល់ផ្លូវទៅបាន បើយើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅទីណាផងនោះ»។6ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និង ជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។7បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។8លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាអោយយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្ដហើយ»។9ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថាសូមបង្ហាញព្រះបិតាអោយ យើងខ្ញុំឃើញផងដូច្នេះ?10តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ទ្រង់បំពេញកិច្ចការរបស់ព្រះអង្គ។11ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតាហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។12ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។13អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីអោយព្រះបិតាសំដែងសិរីរុងរឿងក្នុងព្រះបុត្រា។14បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។15«ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ16ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយទ្រង់ប្រទានព្រះដ៏ជួយការពារ មួយអង្គទៀត អោយគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ17ព្រះអង្គជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គបានទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញអ្នករាល់គ្នាស្គាល់ព្រះអង្គព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។18ខ្ញុំមិនចោលអ្នករាល់គ្នាអោយនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។19បន្ដិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។20នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។21អ្នកណាមានបទបញ្ជារបស់ខ្ញុំ និង ប្រតិបត្ដិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញអោយអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។22លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញអោយតែយើងខ្ញុំស្គាល់ព្រះអង្គ មិនអោយមនុស្សលោកស្គាល់ផងដូច្នេះ?»។23ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និង ខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។24អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្ដិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំអោយមក។25ខ្ញុំបានប្រាប់សេចក្ដីទាំងនេះអោយអ្នករាល់គ្នាដឹងក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ26ប៉ុន្ដែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ ដែលព្រះបិតាចាត់អោយមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។27ខ្ញុំទុកសេចក្ដីសុខសាន្ដអោយអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្ដរបស់ខ្ញុំអោយអ្នករាល់គ្នា។ សេចក្ដីសុខសាន្ដដែលខ្ញុំផ្ដល់អោយនេះ មិនដូចសេចក្ដីសុខសាន្ដដែលមនុស្សលោកអោយទេ។ ចូរកុំរន្ធត់ចិត្ដ កុំភ័យខ្លាចអោយសោះ។28អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្ដដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។29ខ្ញុំប្រាប់អោយអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។30ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។31វាមកដូច្នេះ ជាឱកាសអោយមនុស្សលោកដឹងថា ខ្ញុំស្រឡាញ់ព្រះបិតាហើយខ្ញុំសុខចិត្ដធ្វើតាមបង្គាប់របស់ព្រះអង្គ។ ចូរក្រោកឡើង យើងនាំគ្នាចេញពីទីនេះ»។