Khmer

John

15

1«ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំ ជាម្ចាស់ចំការ។2មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែព្រះអង្គលួសមែកនោះ ដើម្បីអោយមានផ្លែកាន់តែច្រើនឡើងទៀត។3ពាក្យដែលខ្ញុំបានប្រាប់ ធ្វើអោយអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។4ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។5ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។6អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបដូចជាមែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។7បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នា ប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នាមុខតែបានទទួលជាមិនខាន។8ព្រះបិតារបស់ខ្ញុំសំដែងសិរីរុងរឿង ដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និង ដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន។9ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្ដីស្រឡាញ់របស់ខ្ញុំអោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។10បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ អោយស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ព្រះបិតា ហើយទុកអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។11ខ្ញុំបាននិយាយសេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីអោយអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីអោយអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។12នេះជាបទបញ្ជារបស់ខ្ញុំ ចូរអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។13គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសំឡាញ់របស់ខ្លួននោះឡើយ។14បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសំឡាញ់របស់ខ្ញុំមែន។15ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបំរើទៀតទេ ព្រោះអ្នកបំរើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសំឡាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់អោយអ្នករាល់គ្នាដឹងហើយដែរ។16មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាអោយទៅ និង បង្កើតផល ព្រមទាំងអោយផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានអោយអ្នករាល់គ្នាពុំខាន។17រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះគឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។18«ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។19ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្ដែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។20ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា "អ្នកបំរើមិនធំជាងម្ចាស់ឡើយ"។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។21ប៉ុន្ដែ គេប្រព្រឹត្ដអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំអោយមកទេ។22ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្ដែ ឥឡូវនេះគេគ្មានអ្វីដោះសារអំពីបាបរបស់ខ្លួនឡើយ។23អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។24ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះគេបានឃើញ ហើយស្អប់ទាំងខ្ញុំស្អប់ទាំងព្រះបិតាខ្ញុំទៀតផង25គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ របស់គេថា "គេបានស្អប់ខ្ញុំដោយគ្មានមូលហេតុអ្វីឡើយ"។26រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាអោយមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសំដែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ27ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។