Khmer

John

16

1ខ្ញុំនិយាយសេចក្ដីទាំងនេះ ប្រាប់អ្នករាល់គ្នា ដើម្បីកុំអោយអ្នករាល់គ្នារវាតចិត្ដងាកចេញពីជំនឿ។2គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថាខ្លួនគោរពបំរើព្រះជាម្ចាស់។3គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។4ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់ គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះខ្ញុំនៅជាមួយអ្នករាល់ គ្នានៅឡើយ»។5«ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំអោយមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា"តើលោកអញ្ជើញទៅណា"ឡើយ។6ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្ដខ្លាំងណាស់។7ប៉ុន្ដែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គអោយមករកអ្នករាល់គ្នា។8កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់អោយមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និង អំពីការកាត់ទោស។9គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ10អំពីសេចក្ដីសុចរិតព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ11អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។12ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។13កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាអោយស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់អោយអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។14ព្រះអង្គនឹងសំដែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។15អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។16«បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។17សិស្ស ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា "បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ" ហើយថា "ខ្ញុំនឹងទៅឯព្រះបិតា" តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។18គេសួរគ្នាទៀតថា៖ «ព្រះអង្គមានព្រះបន្ទូលថា "បន្ដិចទៀត"នោះ តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វីយើងមិនយល់សោះ!»។19ព្រះយេស៊ូជ្រាបថាគេចង់សួរព្រះអង្គ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាសួរគ្នាទៅវិញទៅមក ចង់ដឹងអំពីពាក្យដែលខ្ញុំប្រាប់អ្នករាល់គ្នាថាបន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ"។20ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្សលោកនឹងអរសប្បាយ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្ដែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។21ពេលស្ដ្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្ដណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ដ ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។22អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះអ្នករាល់គ្នាព្រួយចិត្ដ ប៉ុន្ដែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ដ ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្ដអ្នករាល់គ្នាបានឡើយ។23នៅពេលនោះ អ្នករាល់គ្នាលែងសួរអ្វីពីខ្ញុំទៀតហើយ។ ខ្ញុំសុំប្រាប់អោយអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែលអ្នករាល់គ្នាទូលសូមព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គមុខជាប្រទានអោយអ្នករាល់គ្នាមិនខាន។24មកទល់ពេលនេះ អ្នករាល់គ្នាពុំទាន់បានទូលសូមអ្វីក្នុងនាមខ្ញុំទេ ចូរទូលសូមទៅ អ្នករាល់គ្នានឹងបានទទួល ហើយអ្នករាល់គ្នានឹងមានអំណរពេញលក្ខណៈ»។25«ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា អំពីសេចក្ដីទាំងនេះ ដោយប្រើប្រស្នា។ បន្ដិចទៀត ខ្ញុំនឹងនិយាយប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ៗអំពីព្រះបិតា ខ្ញុំមិនប្រើប្រស្នាទៀតទេ។26នៅគ្រានោះ កាលណាអ្នករាល់គ្នាទូលសូមអ្វីៗពីព្រះបិតា ក្នុងនាមខ្ញុំ ខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងអង្វរព្រះអង្គអោយអ្នករាល់គ្នាឡើយ27ដ្បិតព្រះបិតាមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំចេញពីព្រះជាម្ចាស់មក។28ខ្ញុំបានចេញពីព្រះបិតាមកក្នុងលោកនេះ ហើយឥឡូវ ខ្ញុំចេញពីលោកនេះទៅឯព្រះបិតាវិញ»។29ពួកសិស្ស ទូលព្រះអង្គថា៖ «ឥឡូវនេះ ព្រះអង្គមានព្រះបន្ទូលយ៉ាងច្បាស់ៗមកយើងខ្ញុំ ហើយព្រះអង្គមិនប្រើប្រស្នាទៀតទេ។30ឥឡូវនេះ យើងខ្ញុំដឹងថាព្រះអង្គឈ្វេងយល់គ្រប់សេចក្ដីទាំងអស់ មិនបាច់មាននរណាទូលសួរព្រះអង្គឡើយ។ ហេតុនេះហើយបានជាយើងខ្ញុំជឿថា ព្រះអង្គចេញមកពីព្រះជាម្ចាស់មែន»។31ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ឥឡូវនេះអ្នករាល់គ្នាជឿមែនឬ!32ប៉ុន្ដែពេលកំណត់មកដល់គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំអោយនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។33ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្ដែចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។