Khmer

John

17

1កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គងើបព្រះភ័ក្ដ្រទតទៅលើមេឃមានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ឥឡូវនេះដល់ពេលកំណត់ហើយ សូមសំដែងសិរីរុងរឿងរបស់បុត្រឡើង ដើម្បីអោយបុត្រសំដែង សិរីរុងរឿងរបស់ព្រះបិតាដែរ។2ព្រះអង្គបានប្រទានអោយបុត្រមានអំណាច លើមនុស្សទាំងអស់ ដើម្បីអោយបុត្រផ្ដល់ជីវិតអស់កល្បជានិច្ច ដល់អស់អ្នកដែលព្រះអង្គប្រទានមកបុត្រ។3រីឯជីវិតអស់កល្បជានិច្ចនោះ គឺអោយគេស្គាល់ព្រះអង្គ ដែលជាព្រះជាម្ចាស់ ដ៏ពិតតែមួយគត់ និង អោយគេស្គាល់ព្រះយេស៊ូគ្រិស្ដ ដែលព្រះអង្គចាត់អោយមក។4ទូលបង្គំបានសំដែងសិរីរុងរឿងរបស់ព្រះអង្គនៅលើផែនដី ហើយទូលបង្គំក៏បានបង្ហើយកិច្ចការដែលព្រះអង្គបញ្ជាអោយទូលបង្គំធ្វើនោះចប់សព្វគ្រប់ដែរ។5ព្រះបិតាអើយ ឥឡូវនេះ សូមលើកតម្កើងទូលបង្គំអោយមានសិរីរុងរឿងនៅជិតព្រះអង្គ គឺសិរីរុងរឿងដែល ទូលបង្គំធ្លាប់មាននៅជិតព្រះអង្គ តាំងពីមុនកំណើតពិភពលោកមក។6ទូលបង្គំបានសំដែងព្រះនាមរបស់ព្រះអង្គអោយអស់អ្នក ដែលព្រះអង្គែញកចេញពីលោកនេះប្រទានមកទូលបង្គំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ព្រះអង្គប្រទានគេមកអោយទូលបង្គំ ហើយគេបានប្រតិបត្ដិតាមព្រះបន្ទូលរបស់ព្រះអង្គ។7ឥឡូវនេះ អ្នកទាំងនោះដឹងថា អ្វីៗដែលព្រះអង្គប្រទានមកទូលបង្គំ សុទ្ធតែមកពីព្រះអង្គទាំងអស់8ដ្បិតទូលបង្គំបានប្រគល់ព្រះបន្ទូលដែលព្រះអង្គប្រទានមកទូលបង្គំទៅអោយគេ គេបានទទួលព្រះបន្ទូលទាំងនោះ ហើយទទួលស្គាល់យ៉ាងច្បាស់ថា ទូលបង្គំបានចេញមកពីព្រះអង្គមែន ព្រមទាំងជឿថាព្រះអង្គបានចាត់ទូលបង្គំអោយមកទៀតផង។9ទូលបង្គំសូមអង្វរព្រះអង្គ អោយអ្នកទាំងនោះ ទូលបង្គំមិនអង្វរព្រះអង្គអោយមនុស្សលោកឡើយ គឺអង្វរអោយតែអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំប៉ុណ្ណោះ ព្រោះអ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។10អ្វីៗជារបស់ព្រះអង្គក៏ជារបស់ទូលបង្គំ ហើយអ្វីៗជារបស់ទូលបង្គំក៏ជារបស់ព្រះអង្គដែរ។ ទូលបង្គំសំដែងសិរីរុងរឿងក្នុងអ្នកទាំងនោះ។11ទូលបង្គំមិននៅក្នុងលោកនេះទៀតទេ រីឯអ្នកទាំងនោះស្ថិតនៅក្នុងលោកនៅឡើយ ហើយទូលបង្គំទៅឯព្រះអង្គវិញ។ ឱព្រះបិតាដ៏វិសុទ្ធអើយ! សូមថែរក្សាអ្នកទាំងនោះ ដោយព្រះនាមព្រះអង្គផង គឺព្រះនាមនេះហើយដែលព្រះអង្គបានប្រទានមកទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ។12កាលទូលបង្គំនៅជាមួយអ្នកទាំងនោះ ទូលបង្គំបានថែរក្សាគេ ដោយព្រះនាមដែលព្រះអង្គបានប្រទានមកទូលបង្គំ។ ទូលបង្គំបានការពារគេ ហើយគ្មាននរណាត្រូវវិនាសបាត់បង់ឡើយ លើកលែងតែម្នាក់ដែលត្រូវវិនាស ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរប៉ុណ្ណោះ។13ឥឡូវនេះ ទូលបង្គំទៅឯព្រះអង្គហើយទូលបង្គំនិយាយដូច្នេះ ពេលទូលបង្គំនៅក្នុងលោកនេះនៅឡើយ ដើម្បីអោយគេមានអំណររបស់ទូលបង្គំជាអំណរដ៏ពេញលក្ខណៈ។14ទូលបង្គំបានប្រទានព្រះបន្ទូលរបស់ព្រះអង្គអោយគេ តែមនុស្សលោកស្អប់គេពីព្រោះគេមិនកើតពីនិស្ស័យ លោកីយ៍ទេដូចជាទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។15ទូលបង្គំមិនអង្វរព្រះអង្គ អោយយកគេចេញពីលោកនេះឡើយគឺសូមទ្រង់មេត្ដាការពារគេពីអំណាចមារ កំណាចវិញ។16គេមិនកើតពីនិស្ស័យលោកីយ៍ទេ ដូចទូលបង្គំមិនកើតពីនិស្ស័យលោកីយ៍នេះដែរ។17សូមប្រោសគេអោយវិសុទ្ធ ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។18ទូលបង្គំចាត់គេអោយទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំអោយមកក្នុងលោកដែរ។19រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិត ថ្វាយព្រះអង្គជាប្រយោជន៍ដល់គេដើម្បីអោយគេបានវិសុទ្ធដោយសារសេចក្ដីពិត។20ទូលបង្គំមិនអង្វរព្រះអង្គអោយតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរអោយអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ21សូមអោយគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមអោយគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីអោយមនុស្សលាកជឿថា ព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។22រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅអោយគេហើយ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ23គឺអោយទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីអោយគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំអោយមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។24ឱព្រះបិតាអើយ! ទូលបង្គំចង់អោយអស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ បាននៅជាមួយទូលបង្គំ ឯកន្លែងដែលទូលបង្គំនៅនោះដែរ ដើម្បីអោយគេឃើញសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ព្រោះព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។25ឱព្រះបិតាដ៏សុចរិតអើយ! មនុស្សលោកពុំបានស្គាល់ព្រះអង្គទេ រីឯទូលបង្គំវិញ ទូលបង្គំស្គាល់ព្រះអង្គ ហើយអ្នកទាំងនេះក៏ទទួលស្គាល់ថាព្រះអង្គបានចាត់ទូលបង្គំអោយមកមែន។26ទូលបង្គំបានសំដែងព្រះនាមព្រះអង្គអោយគេស្គាល់ ហើយទូលបង្គំនឹងសំដែងអោយគេរឹតតែស្គាល់ថែមទៀត ដើម្បីអោយសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះទូលបង្គំស្ថិតនៅក្នុងគេ ហើយទូលបង្គំក៏ស្ថិតនៅក្នុងគេដែរ»។