Khmer

John

18

1កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូន ជាមួយពួកសិស្ស ។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។2រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និង ពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។3ដូច្នេះយូដាសនាំកងទាហាន និង កងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះកាន់គោមកាន់អាវុធផង។ ពួកនាយកបូជាចារ្យ និង ពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះអោយមក។4ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មានដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។5គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។6កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា "គឺខ្ញុំហ្នឹងហើយ" ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។7ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។8ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកអោយអ្នកទាំងនេះចេញទៅចុះ»។9ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា "អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ" »។10លោកស៊ីម៉ូនពេត្រុសមានដាវមួយគាត់ហូតកាប់អ្នកបំរើម្នាក់របស់លោកមហាបូជាចារ្យដាច់ស្លឹកត្រចៀកស្ដាំ អ្នកបំរើនោះឈ្មោះម៉ាលកុស។11ព្រះយេស៊ូមាន ព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊កដាវទៅក្នុងស្រោមវិញទៅ តើអ្នកមិនចង់អោយខ្ញុំផឹកពីពែងនៃទុក្ខលំបាក ដែលព្រះបិតាប្រទានមកខ្ញុំទេឬ?»។12ពួកទាហាន និង មេបញ្ជាការរបស់គេ ព្រមទាំងកងរក្សាព្រះវិហារ របស់ជនជាតិយូដា នាំគ្នាចាប់ព្រះយេស៊ូហើយចងព្រះអង្គ។13គេនាំព្រះអង្គទៅជួបលោកអាណមុនគេ ព្រោះលោកត្រូវជាឪពុកក្មេករបស់លោកកៃផាស ដែលកាន់តំណែងជាមហាបូជាចារ្យនៅឆ្នាំនោះ14គឺលោកកៃផាសនេះហើយ ដែលបានអោយយោបល់ទៅជនជាតិយូដាថា "គួរអោយមនុស្សតែម្នាក់ស្លាប់ ជាប្រយោជន៍ដល់ប្រជារាស្ដ្រ"។15លោកស៊ីម៉ូនពេត្រុសដើរតាមព្រះយេស៊ូជាមួយសិស្ស ម្នាក់ទៀត លោកមហាបូជាចារ្យស្គាល់សិស្សម្នាក់នោះ ហេតុនេះហើយបានជាគាត់អាចចូលជាមួយព្រះយេស៊ូ ទៅទីធ្លាខាងក្នុងដំណាក់របស់លោកមហាបូជាចារ្យ ។16រីឯលោកពេត្រុសវិញ គាត់ឈរនៅខាងក្រៅក្បែរមាត់ទ្វារ។ សិស្សដែលលោកមហាបូជាចារ្យស្គាល់នោះ ក៏ចេញមកនិយាយជាមួយស្ដ្រីម្នាក់ជាអ្នកយាមទ្វារ ហើយនាំលោកពេត្រុសចូលទៅខាងក្នុងដែរ។17ស្ដ្រីបំរើជាអ្នកយាមទ្វារនិយាយទៅកាន់លោកពេត្រុសថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសតបថា៖ «ទេ! មិនមែនទេ!»។18ពួកអ្នកបំរើរបស់លោកមហាបូជាចារ្យ និង កងរក្សាព្រះវិហារនាំគ្នាបង្កាត់ភ្លើងអាំងព្រោះពេលនោះរងាណាស់។ លោកពេត្រុសក៏នៅអាំងភ្លើងជាមួយពួកគេដែរ។19លោកមហាបូជាចារ្យ សួរព្រះយេស៊ូអំពីពួកសិស្ស របស់ព្រះអង្គ និង អំពីសេចក្ដីដែលព្រះអង្គបង្រៀន។20ព្រះយេស៊ូមានព្រះបន្ទូលតបទៅលោកវិញថា៖ «ខ្ញុំបាននិយាយ ដោយចេញមុខប្រាប់មនុស្សលោក ខ្ញុំតែងបង្រៀននៅក្នុងសាលាប្រជុំ និង នៅក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា គឺឥតនិយាយក្នុងទីលាក់កំបាំងទេ។21ហេតុដូចម្ដេចបានជាលោកសួរខ្ញុំ? សូមលោកសួរអស់អ្នកដែលបានឮសេចក្ដីខ្ញុំនិយាយនោះទៅ ដ្បិតគេសុទ្ធតែដឹងអំពីអ្វីៗដែលខ្ញុំបាននិយាយ»។22ពេលឮព្រះយេស៊ូមានព្រះបន្ទូលដូច្នោះ ទាហានម្នាក់ក្នុងកងរក្សាព្រះវិហារដែលឈរនៅក្បែរនោះ ទះកំផ្លៀងព្រះអង្គទាំងពោលថា៖ «ម្ដេចក៏អ្នកឯងហ៊ានឆ្លើយរបៀបនេះទៅលោកមហាបូជាចារ្យ!»។23ព្រះយេស៊ូមានព្រះបន្ទូលតបទៅទាហាននោះវិញថា៖ «បើខ្ញុំនិយាយខុសឆ្គង សុំប្រាប់មើល៍! តើមានឆ្គងត្រង់ណា! តែបើខ្ញុំនិយាយត្រឹមត្រូវ ម្ដេចក៏អ្នកវាយខ្ញុំ?»។24ពេលនោះលោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផាសជាមហាបូជាចារ្យ។25លោកស៊ីម៉ូនពេត្រុសអាំងភ្លើងនៅទីនោះ។ មានគេសួរលោកថា៖ «អ្នកឯងជាសិស្សរបស់អ្នកនោះដែរមែនឬ?»។ លោកពេត្រុសប្រកែកថា៖ «ទេ! មិនមែនទេ!»។26មានអ្នកបំរើរបស់មហាបូជាចារ្យ ម្នាក់ត្រូវជាបងប្អូននឹងអ្នក ដែលលោកពេត្រុសកាប់ដាច់ស្លឹកត្រចៀក ពោលថា៖ «ខ្ញុំក៏បានឃើញអ្នកឯងនៅក្នុងសួនជាមួយគាត់ដែរ!»។27លោកពេត្រុសប្រកែកសាជាថ្មីម្ដងទៀត។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង។28បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផាស ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំអោយធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង មិនបាន។29ដូច្នេះលោកពីឡាតចេញមកជួបពួកគេសួរថា៖ «តើអ្នករាល់គ្នាចោទប្រកាន់អ្នកនេះអំពីរឿងអ្វី?»។30គេជំរាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។31លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅវិនិច្ឆ័យទោស តាមវិន័យរបស់អ្នករាល់គ្នាទៅ»។ ជនជាតិយូដាជំរាបទៅលោកវិញថា៖ «យើងខ្ញុំគ្មានសិទ្ធិប្រហារជីវិតអ្នកណាសោះឡើយ»។32គេនិយាយដូច្នេះ ស្របតាមសេចក្ដីដែលព្រះយេស៊ូមានព្រះបន្ទូលអំពីរបៀបព្រះអង្គត្រូវសោយទិវង្គត។33លោកពីឡាតចូលទៅក្នុងបន្ទាយវិញ រួចហៅព្រះយេស៊ូមកសួរថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាមែនឬ?»។34ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកមានប្រសាសន៍ដូច្នេះ តើមកពីគំនិតរបស់លោកផ្ទាល់ ឬ មានអ្នកផ្សេងទៀតជំរាបលោក?»។35លោកពីឡាតតបវិញថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ! គឺជនជាតិរបស់អ្នក និង ពួកនាយកបូជាចារ្យទេតើ ដែលបានបញ្ជូនអ្នកមកខ្ញុំ តើអ្នកបានធ្វើអ្វី?»។36ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបំរើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធមិនអោយគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្ដែ រាជ្យរបស់ខ្ញុំ មិនមែននៅលោកនេះទេ»។37លោកពីឡាតទូលសួរព្រះអង្គថា៖ «បើដូច្នេះ តើអ្នកជាស្ដេចមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«លោកទេតើ ដែលមានប្រសាសន៍ថា ខ្ញុំជាស្ដេច។ ខ្ញុំកើតមក ហើយខ្ញុំមកក្នុងលោកនេះ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីពិត អ្នកណាកើតពីសេចក្ដីពិត អ្នកនោះនឹងស្ដាប់សំឡេងខ្ញុំ»។38លោកពីឡាតទូលព្រះអង្គថា៖ «អ្វីទៅសេចក្ដីពិតនោះ?»។ លោកពីឡាតមានប្រសាសន៍ដូច្នោះហើយ ក៏ចេញទៅជួបជនជាតិយូដាជាថ្មីម្ដងទៀត ប្រាប់ថា៖«ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះឡើយ។39តាមទំនៀមទម្លាប់របស់អ្នករាល់គ្នា ខ្ញុំត្រូវដោះលែងអ្នកទោសម្នាក់ក្នុងឱកាសបុណ្យចម្លង ។ តើអ្នករាល់គ្នាចង់អោយខ្ញុំដោះលែងស្ដេចយូដាឬទេ?»។40ពេលនោះគេនាំគ្នាស្រែកឡើងសាជាថ្មីថា៖ «កុំដោះលែងអ្នកនេះឡើយ សូមដោះលែងបារ៉ាបាសវិញ»។ រីឯឈ្មោះបារ៉ាបាសនេះជាចោរព្រៃ។