1ពេលនោះ លោកពីឡាតបង្គាប់អោយទាហានយកព្រះយេស៊ូទៅវាយនឹងរំពាត់។2ពួកទាហានយកបន្លាមកក្រងធ្វើជាមកុដបំពាក់ព្រះសិរសាព្រះអង្គហើយយកអាវពណ៌ក្រហមទុំមកពាក់អោយព្រះអង្គដែរ។3បន្ទាប់មក គេនាំគ្នាចូលទៅជិតព្រះអង្គ ទាំងពោលថា៖ «ស្ដេចយូដាអើយ!សូមថ្វាយបង្គំ» ហើយក៏ទះកំផ្លៀងព្រះអង្គ។4លោកពីឡាត ចេញទៅជួបជនជាតិយូដា សាជាថ្មីមានប្រសាសន៍ទៅគេថា៖ «មើល៍ខ្ញុំនាំគាត់មកខាងក្រៅ ដើម្បីអោយអ្នករាល់គ្នាដឹងថា ខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។5ពេលនោះ ព្រះយេស៊ូយាងចេញមក ទាំងពាក់ភួងបន្លាជាមកុដ និង ពាក់អាវពណ៌ក្រហមទុំផង។ លោកពីឡាតមានប្រសាសន៍ទៅគេថា៖ «មើល៍ មនុស្សហ្នឹងហើយ!»។6កាលពួកនាយកបូជាចារ្យ និង កងរក្សាព្រះវិហារ ឃើញព្រះអង្គគេនាំគ្នាស្រែកឡើងថា៖ «ឆ្កាងទៅ! ឆ្កាងទៅ!»។ លោកពីឡាតមានប្រសាសន៍ថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងខ្លួនឯងទៅ ដ្បិតខ្ញុំពុំឃើញអ្នកនេះមានទោសអ្វីសោះ»។7ជនជាតិយូដាជំរាបលោកពីឡាតថា៖ «យើងខ្ញុំមានក្រឹត្យវិន័យហើយតាមក្រឹត្យវិន័យនោះ ជននេះត្រូវតែស្លាប់ ព្រោះគាត់តាំងខ្លួនជាព្រះបុត្រារបស់ព្រះជាម្ចាស់ »។8កាលលោកពីឡាតឮដូច្នោះ លោករឹតតែភ័យខ្លាចថែមទៀត។9លោកចូលទៅក្នុងបន្ទាយវិញ សួរព្រះយេស៊ូថា៖ «អ្នកមកពីណា?»។ ព្រះយេស៊ូពុំបានឆ្លើយតបទៅលោកវិញសោះ។10ហេតុនេះលោកពីឡាតសួរព្រះអង្គថា៖ «ម្ដេចក៏អ្នកមិននិយាយមកខ្ញុំដូច្នេះ?អ្នកមិនដឹងថាខ្ញុំមានអំណាចដោះលែងអ្នកក៏បានឬឆ្កាងអ្នកក៏បានទេឬ?»។11ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើមិនបានទទួលអំណាចពីស្ថានលើមកទេលោកគ្មានអំណាចលើខ្ញុំឡើយ ហេតុនេះហើយបានជាអ្នកដែលចាប់បញ្ជូនខ្ញុំមកលោក មានបាប ធ្ងន់ជាងលោកទៅទៀត»។12តាំងពីពេលនោះមក លោកពីឡាតរកមធ្យោបាយដោះលែងព្រះយេស៊ូ ប៉ុន្ដែ ជនជាតិយូដានាំគ្នាស្រែកឡើងថា៖ «បើលោកដោះលែងជននេះ លោកមិនមែនជាមិត្ដសំឡាញ់របស់ព្រះចៅអធិរាជឡើយ ដ្បិតអ្នកណាតាំងខ្លួនជាស្ដេច អ្នកនោះប្រឆាំងនឹងព្រះចៅអធិរាជ!»។13កាលលោកពីឡាតឮពាក្យនេះ លោកនាំព្រះយេស៊ូទៅខាងក្រៅ អោយគង់លើវេទិកាសំរាប់កាត់ក្ដី នៅត្រង់កន្លែងមួយ ឈ្មោះ"លានក្រាលថ្ម" ដែលគេហៅជាភាសាហេប្រឺថា "កាប្បាថា"14ពេលនោះ ជាថ្ងៃដែលគេរៀបចំបុណ្យចម្លង ហើយប្រមាណជាពេលថ្ងៃត្រង់។ លោកពីឡាតមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «នេះនែ៎! ស្ដេចរបស់អ្នករាល់គ្នា»។15ប៉ុន្ដែ ជនជាតិយូដាស្រែកឡើងថា៖ «សម្លាប់ចោលទៅ! ឆ្កាងទៅ!»។ លោកពីឡាតសួរពួកគេថា៖ «អោយខ្ញុំឆ្កាងស្ដេចរបស់អ្នករាល់គ្នាឬ?»។ ពួកនាយកបូជាចារ្យឆ្លើយឡើងថា៖ «ក្រៅពីព្រះចៅអធិរាជ យើងខ្ញុំគ្មានស្ដេចឯណាទៀតឡើយ»។16ពេលនោះ លោកពីឡាតប្រគល់ព្រះយេស៊ូទៅអោយគេឆ្កាង។ គេនាំគ្នាចាប់ព្រះយេស៊ូយកទៅ។17ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គចេញពីទីក្រុង ឆ្ពោះទៅកន្លែងមួយឈ្មោះ "ទួលលលាដ៍ក្បាល"ដែលគេហៅជាភាសាហេប្រឺថា "គាល់កូថា"18គេឆ្កាងព្រះអង្គនៅទីនោះ។ គេឆ្កាងអ្នកទោសពីរនាក់ទៀតនៅសងខាងព្រះអង្គដែរ ព្រះយេស៊ូនៅកណ្ដាល។19លោកពីឡាតអោយគេសរសេរប្រកាសបោះភ្ជាប់នឹងឈើឆ្កាង។ នៅលើប្រកាសនោះ មានសរសេរថា «យេស៊ូអ្នកភូមិណាសារ៉ែតជាស្ដេចយូដា»។20ជនជាតិយូដាជាច្រើនបានមើលប្រកាសនោះ ដ្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូនៅក្បែរទីក្រុង ហើយប្រកាសនោះសរសេរជាអក្សរហេប្រឺ ឡាតាំង និង ក្រិក។21ពួកនាយកបូជាចារ្យ របស់ជនជាតិយូដាជំរាបលោកពីឡាតថា៖ «សូមកុំសរសេរថា "ស្ដេចយូដា" ដូច្នេះ តែសរសេរថា"អ្នកនេះនិយាយថា ខ្ញុំជាស្ដេចយូដា"វិញ»។22លោកពីឡាតមានប្រសាសន៍តបថា៖ «ខ្ញុំសរសេរយ៉ាងណាហើយ ត្រូវទុកយ៉ាងនោះទៅ!»។23ក្រោយពីបានឆ្កាងព្រះយេស៊ូរួចហើយពួកទាហានយកសម្លៀកបំពាក់របស់ព្រះអង្គ មកធ្វើជាបួនចំណែកចែកគ្នាម្នាក់មួយចំណែកៗ។ រីឯអាវវែងរបស់ព្រះអង្គវិញ ជាអាវធ្វើពីក្រណាត់តែមួយផ្ទំាង គ្មានថ្នេរសោះតាំងពីលើដល់ក្រោម។ ដូច្នេះគេនិយាយគ្នាថា៖24«កុំហែកអាវនេះ ធ្វើអ្វី យើងចាប់ឆ្នោតវិញ ដើម្បីអោយដឹងថាអាវនេះនឹងបានទៅលើអ្នកណា»។ ពួកទាហានធ្វើដូច្នេះ ស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គេបានយកសម្លៀកបំពាក់របស់ទូលបង្គំចែកគ្នាហើយចាប់ឆ្នោតយកអាវវែងរបស់ទូលបង្គំ»។25មាតាព្រះយេស៊ូ ប្អូនស្រីមាតាព្រះអង្គ នាងម៉ារីជាភរិយាលោកក្លូប៉ាស និង នាងម៉ារីជាអ្នកស្រុកម៉ាដាឡា ឈរក្បែរឈើឆ្កាងរបស់ព្រះអង្គ។26ព្រះយេស៊ូ ឃើញមាតា ព្រមទាំងសិស្សដែលព្រះអង្គស្រឡាញ់នោះឈរនៅជិត ទ្រង់មានព្រះបន្ទូលទៅមាតាថា៖ «អ្នកអើយ! នេះហើយកូនរបស់អ្នក»។27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សថា៖ «នេះហើយម្ដាយរបស់អ្នក»។ តាំងពីពេលនោះមក សិស្សនោះយកគាត់មកនៅជាមួយ។28បន្ទាប់មក ព្រះយេស៊ូជ្រាបថា ព្រះអង្គបានបង្ហើយកិច្ចការទាំងអស់ចប់សព្វគ្រប់ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំស្រេកទឹក» ដើម្បីអោយបានស្របតាមសេចក្ដីគ្រប់ប្រការ ដែលមានចែងទុកក្នុងគម្ពីរ។29នៅទីនោះ មានក្រឡមួយមានទឹកខ្មេះពេញ។ ពួកទាហានយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រួចរុំនៅចុងត្រែងមួយដើម រុញទៅដល់ព្រះឱស្ឋរបស់ព្រះអង្គ។30កាលព្រះយេស៊ូសោយទឹកខ្មេះហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំបានសំរេចសព្វគ្រប់អស់ហើយ!»។ ព្រះអង្គក៏ឱនព្រះសិរសាចុះ ហើយប្រគល់វិញ្ញាណទៅ។31ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ជនជាតិយូដាមិនចង់អោយមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ ឡើយ ព្រោះថ្ងៃសប្ប័ទនោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហានអោយបំបាក់ជើងអ្នកជាប់ឆ្កាងហើយយកសាកសពចុះមក។32ពួកទាហាននាំគ្នាមកវាយបំបាក់ជើង អ្នកទោសទីមួយ និង អ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយព្រះអង្គ។33លុះមកដល់ព្រះយេស៊ូគេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ34ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរព្រះអង្គ ស្រាប់តែមានទឹក និង លោហិតហូរចេញមកមួយរំពេច។35សិស្សម្នាក់ដែលបានឃើញ ធ្វើជាបន្ទាល់អំពីហេតុការណ៍នេះ ហើយសក្ខីភាពរបស់គាត់ពិតប្រាកដមែន។ ព្រះអង្គដឹងថាសិស្សនោះនិយាយសេចក្ដីពិត ដើម្បីអោយអ្នករាល់គ្នាជឿដែរ។36ហេតុការណ៍នេះកើតឡើងស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរមកថា៖ «គ្មានឆ្អឹងណាមួយរបស់លោកត្រូវបាក់បែកឡើយ»។37មានអត្ថបទគម្ពីរមួយទៀត ចែងថា៖«គេនាំគ្នាមើលអ្នកដែលគេចាក់ទម្លុះ»។38បន្ទាប់មក លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេបានទៅសុំច្បាប់លោកពីឡាត យកព្រះសពព្រះយេស៊ូ។ លោកយ៉ូសែបនេះក៏ជាសិស្ស របស់ព្រះយេស៊ូដែរតែមិនហ៊ានចេញមុខទេ ព្រោះខ្លាចជនជាតិយូដា។ លោកពីឡាតអនុញ្ញាតអោយ ហើយលោកយ៉ូសែបក៏មកដោះព្រះសពយកទៅ។39រីលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។40លោកទាំងពីរយកព្រះសពព្រះយេស៊ូមករុំនឹងសំពត់ស្នប អប់គ្រឿងក្រអូបតាមទំនៀមទម្លាប់ពិធីបញ្ចុះសពរបស់ជនជាតិយូដា។41នៅកន្លែងគេឆ្កាងព្រះយេស៊ូមានសួនឧទ្យានមួយ ក្នុងសួននោះមានផ្នូរមួយថ្មី ពុំទាន់ដែលដាក់សពណានៅឡើយ។42គេដាក់ព្រះយេស៊ូនៅក្នុងផ្នូរនោះព្រោះនៅជិតស្រាប់ ដ្បិតថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង ។