1នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។2នាងក៏រត់មកជំរាបលោកស៊ីម៉ូនពេត្រុស និង សិស្ស ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។3លោកពេត្រុស និង សិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។4សិស្សទាំងពីររត់ទៅជាមួយគ្នាតែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។5គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។6លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ7ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។8ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញ ហើយជឿ។9កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។10បន្ទាប់មកសិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។11នាងម៉ារីឈរយំនៅខាងក្រៅ ក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរ ទាំងយំ12ឃើញទេវតា ពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែង ដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។13ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។14ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថា ជាព្រះអង្គទេ។15ព្រះយេស៊ូសួរនាងថា៖ «នាងអើយ!ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់អោយនាងខ្ញុំដឹងផងលោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។16ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ «រ៉ាប៊ូនី!» ប្រែថា"ព្រះគ្រូ!"។17ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។18នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅ ជំរាបពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជំរាបអំពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូលមកនាង។19នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។20ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និង នៅត្រង់ឆ្អឹងជំនីរអោយគេឃើញផង។ ពួកសិស្សសប្បាយចិត្ដជាខ្លាំងដោយបានឃើញព្រះអម្ចាស់។21ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ! ដូចព្រះបិតាបានចាត់ខ្ញុំអោយមកយ៉ាងណាខ្ញុំចាត់អ្នករាល់គ្នាអោយទៅយ៉ាងនោះដែរ»។22បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។23បើអ្នករាល់គ្នាលើកលែងទោសអ្នកណាអោយរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះអោយរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណាអ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។24កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។25សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្ដែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។26ប្រាំបីថ្ងៃក្រោយមកពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មីលោកថូម៉ាស ក៏នៅជាមួយដែរ។ ពេលនោះទ្វារ ផ្ទះនៅខ្ទាស់ជាប់ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមអោយអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ដ!»។27បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។28លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និង ជាព្រះរបស់ទូលបង្គំមែន!»។29ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល ហើយ!»។30ព្រះយេស៊ូបានធ្វើទីសំគាល់ជាច្រើនទៀតអោយពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។31រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងអោយអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ដ និង ពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអោយអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។