1ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនអោយពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញអោយគេឃើញដូចតទៅ៖2លោកស៊ីម៉ូនពេត្រុស លោកថូម៉ាសហៅឌីឌីម លោកណាថាណែល ពីភូមិកាណាក្នុងស្រុកកាលីឡេ កូនទាំងពីររបស់លោកសេបេដេ និង សិស្សរបស់ព្រះយេស៊ូពីរនាក់ទៀតនៅជុំគ្នា។3លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែនៅយប់នោះ គេឥតបានត្រីសោះ។4ព្រលឹមឡើង ព្រះយេស៊ូឈរនៅមាត់ច្រាំង ប៉ុន្ដែ ពួកសិស្សមិនដឹងថាជាព្រះអង្គទេ។5ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «កូនចៅអើយ!មានអ្វីបរិភោគឬទេ?»។ គេទូលព្រះអង្គថា៖ «គ្មានទេ»។6ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរទម្លាក់អួនខាងស្ដាំទូកទៅមុខជាបានត្រីមិនខាន»។ គេក៏ទម្លាក់អួន ហើយពុំអាចលើកអួនឡើងវិញបានឡើយ ព្រោះមានត្រីច្រើនពេក។7ពេលនោះ សិស្សដែលព្រះយេស៊ូស្រឡាញ់ និយាយទៅលោកពេត្រុសថា៖ «ព្រះអម្ចាស់ទេតើ!»។ កាលលោកស៊ីម៉ូនពេត្រុសឮថា ព្រះអម្ចាស់ដូច្នេះ គាត់ក៏ស្លៀកពាក់ ដ្បិតគាត់នៅខ្លួនទទេ រួចលោតទៅក្នុងទឹក។8សិស្សឯទៀតៗនាំគ្នាចូលទូកទៅមាត់ច្រំាង ទាំងទាញអួនដែលមានត្រីពេញទៅជាមួយផង ព្រោះគេមិននៅឆ្ងាយពីច្រំាងប៉ុន្មានទេ គឺប្រមាណជាពីររយហត្ថប៉ុណ្ណោះ។9គេឡើងទៅលើគោកឃើញរងើកភ្លើង មានដាក់ត្រី និង នំបុ័ង អំាងពីលើផង។10ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «សុំយកត្រីដែលអ្នករាល់គ្នាទើបនឹងចាប់បានមកណេះ!»។11លោកស៊ីម៉ូនពេត្រុសចុះទៅក្នុងទូក ទាញអួនដែលមានត្រីពេញមកដាក់លើគោក គឺមានត្រីធំៗចំនួនមួយរយហាសិបបី។ ទោះបីមានត្រីច្រើនយ៉ាងនេះក៏ដោយ ក៏អួនមិនធ្លាយដែរ។12ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាមកបរិភោគទៅ»។ គ្មានសិស្សណាម្នាក់ហ៊ានសួរព្រះអង្គថា "លោកជានរណា"ឡើយ ដ្បិតគេដឹងថាជាព្រះអម្ចាស់ទាំងអស់គ្នា។13ព្រះយេស៊ូយាងទៅជិតពួកគេ ទ្រង់យកនំបុ័ងមកប្រទានអោយគេ ហើយយកត្រីមកប្រទានអោយគេដែរ។14តាំងពីព្រះអង្គមានព្រះជន្មរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលព្រះយេស៊ូសំដែងព្រះអង្គអោយពួកសិស្សឃើញ។15លុះគេបានបរិភោគរួចរាល់ហើយ ព្រះយេស៊ូមានព្រះបន្ទូលសួរលោកស៊ីម៉ូនពេត្រុសថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំ ជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?»។ គាត់ទូលព្រះអង្គថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាកូនចៀមរបស់ខ្ញុំផង!»។16ព្រះអង្គមានព្រះបន្ទូលសួរគាត់ ជាលើកទីពីរថា៖ «ស៊ីម៉ូនកូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកពេត្រុសទូលថា៖ «ក្រាបទូលព្រះអម្ចាស់! ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។17ព្រះអង្គមានព្រះបន្ទូលសួរគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំឬទេ»។ លោកពេត្រុសព្រួយចិត្ដណាស់ ព្រោះព្រះអង្គសួរគាត់ដល់ទៅបីលើកថា "អ្នកស្រឡាញ់ខ្ញុំឬទេ"ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំថែរក្សាហ្វូងចៀមរបស់ខ្ញុំផង។18ខ្ញុំសុំប្រាប់អោយអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្ដអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះអោយអ្នកទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។19ព្រះអង្គមានព្រះបន្ទូលដូច្នេះ បង្ហាញអំពីរបៀបដែលលោកពេត្រុសស្លាប់ ដើម្បីសំដែងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ!»។20លោកពេត្រុសងាកមើលក្រោយឃើញសិស្ស ដែលព្រះយេស៊ូស្រឡាញ់ ដើរតាមមកដែរ។ សិស្សនោះហើយ ដែលបានអោនទៅជិតព្រះឱរារបស់ព្រះយេស៊ូនៅពេលជប់លៀង ហើយទូលសួរព្រះអង្គថា "បពិត្រព្រះអម្ចាស់! តើនរណានាំគេមកចាប់ព្រះអង្គ?"។21កាលលោកពេត្រុសឃើញគាត់ លោកទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! រីឯអ្នកនោះវិញ តើនឹងមានកើតអ្វីដល់គាត់?»។22ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?។23ឯអ្នក សុំអញ្ជើញមកតាមខ្ញុំ!»។ តាំងពីពេលនោះមក មានលេចឮពាក្យក្នុងចំណោមពួកបងប្អូនថា សិស្សនោះមិនត្រូវស្លាប់ទេ។ តាមពិត ព្រះយេស៊ូពុំបានប្រាប់លោកពេត្រុសថា សិស្សនោះមិនត្រូវស្លាប់ឡើយ ព្រះអង្គគ្រាន់តែមានព្រះបន្ទូលថា "ប្រសិនបើខ្ញុំចង់អោយគាត់មានជីវិតរស់រហូតដល់ខ្ញុំត្រឡប់មកវិញ តើនឹងកើតអំពល់អ្វីដល់អ្នក?"។24សិស្ស នោះហើយ ដែលបានផ្ដល់សក្ខីភាព អំពីហេតុការណ៍ទាំងអស់នេះ ព្រមទាំងបានកត់ត្រាទុកមកផង។ យើងដឹងថាសក្ខីភាពរបស់គាត់ពិតជាត្រឹមត្រូវមែន។25ព្រះយេស៊ូបានធ្វើកិច្ចការឯទៀតៗជាច្រើន។ ប្រសិនបើមានគេកត់ត្រាហេតុការណ៍ទាំងនោះអោយបានល្អិតល្អន់ ខ្ញុំយល់ថា ពិភពលោកនេះពុំអាចនឹងមានកន្លែងល្មម សំរាប់ទុកសៀវភៅដែលគេកត់ត្រានោះបានឡើយ។