1បីថ្ងៃក្រោយមក មានគេរៀបពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ។ មាតាព្រះយេស៊ូនៅទីនោះ2ហើយគេក៏បានយាងព្រះយេស៊ូ និង អញ្ជើញពួកសិស្ស របស់ព្រះអង្គ ទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។3ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។4ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។5មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបំរើថា៖ «បើលោកប្រាប់អោយធ្វើអ្វី ចូរធ្វើតាមទៅ»។6នៅទីនោះមានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សំរាប់ធ្វើពិធីជំរះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអំរែក។7ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបំរើថា៖ «សុំដងទឹកមកចាក់អោយពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។8ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។9លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបំរើដែលបានដងទឹក មកចាក់ពាងទើបដឹង។10គាត់ហៅកូនកំឡោះមកនិយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។11នេះជាទីសំគាល់ដំបូងបង្អស់ ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសំដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។12បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា ព្រមទាំងបងប្អូន និង សិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។13បុណ្យចម្លង របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូក៏យាងឡើងទៅក្រុងយេរូសាឡឹម។14នៅក្នុងបរិវេណព្រះវិហារ ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និង អ្នកអង្គុយដូរប្រាក់។15ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និង គោរបស់គេចេញពីបរិវេណព្រះវិហារ ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។16ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។17ពួកសិស្ស នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ»។18ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសំគាល់អ្វី បង្ហាញអោយយើងដឹងថាលោកមានសិទ្ធិធ្វើការទាំងនេះ?»។19ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។20ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។21តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។22ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថាព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។23ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសំគាល់ដែលព្រះអង្គបានធ្វើ។24ប៉ុន្ដែ ព្រះយេស៊ូពុំទុកចិត្ដគេទេ ដ្បិតព្រះអង្គស្គាល់ចិត្ដគំនិតអ្នកទាំងនោះ25មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្ដមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។