1មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី ។2លោកបានមកគាល់ព្រះយេស៊ូទាំងយប់ហើយទូលថា៖ «លោកគ្រូយើងខ្ញុំដឹងថាព្រះជាម្ចាស់បានចាត់លោកគ្រូអោយមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសំគាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។3ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតជាថ្មី ទេ គេមិនអាចឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់បានឡើយ»។4លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្ដេចអាចកើតម្ដងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្ដាយ ហើយកើតម្ដងទៀតបានឬ?»។5ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និង ពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។6អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញមានព្រះវិញ្ញាណក្នុងខ្លួន។7ពេលខ្ញុំជំរាបលោកថា "អ្នករាល់គ្នាត្រូវកើតជាថ្មី"សូមកុំឆ្ងល់អោយសោះ។8ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណ ក៏ដូច្នោះដែរ»។9លោកនីកូដេមទូលសួរព្រះអង្គថា៖ «តើការទាំងនេះអាចនឹងកើតឡើងដូចម្ដេចបាន?»។10ព្រះយេស៊ូមានព្រះបន្ទូលថា៖ «លោកជាគ្រូរបស់ជនជាតិអ៊ីស្រាអែល ម្ដេចក៏លោកមិនជ្រាបសេចក្ដីទាំងនេះ?11ខ្ញុំសូមជំរាបលោកអោយដឹងច្បាស់ថា យើងនិយាយអំពីសេចក្ដីណាដែលយើងដឹង ហើយយើងធ្វើជាបន្ទាល់បញ្ជាក់នូវហេតុការណ៍ណាដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលសក្ខីភាពរបស់យើងទេ។12ពេលខ្ញុំនិយាយអំពីហេតុការណ៍នៅលើផែនដី អ្នករាល់គ្នាមិនជឿទៅហើយ ចុះទំរាំបើខ្ញុំនិយាយអំពីហេតុការណ៍នៅស្ថានបរមសុខវិញ តើអ្នករាល់គ្នានឹងជឿដូចម្ដេចបាន!។13ពុំដែលមាននរណាបានឡើងទៅស្ថានបរមសុខឡើយ គឺមានតែបុត្រមនុស្ស ប៉ុណ្ណោះ ដែលបានយាងចុះពីស្ថានបរមសុខមក។14កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ15ដើម្បីអោយអស់អ្នកដែលជឿលើព្រះអង្គ មានជីវិតអស់កល្បជានិច្ច។16ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីអោយអស់អ្នកដែលជឿលើព្រះបុត្រា មានជីវិតអស់កល្បជានិច្ច គឺមិនអោយគេវិនាសឡើយ។17ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ អោយយាងមកក្នុងលោកនេះ ពុំមែនដើម្បីដាក់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោក ដោយសារព្រះបុត្រាវិញ។18អ្នកជឿលើព្រះបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។19ហេតុដែលបណ្ដាលអោយមានទោសនោះ គឺពន្លឺបានយាងមកក្នុងពិភពលោក ប៉ុន្ដែ មនុស្សលោកចូលចិត្ដភាពងងឹតជាងពន្លឺ ដ្បិតអំពើរបស់គេសុទ្ធតែអាក្រក់។20អស់អ្នកដែលប្រព្រឹត្ដអំពើអាក្រក់តែងតែស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺឡើយ ព្រោះខ្លាចគេឃើញអំពើដែលខ្លួនប្រព្រឹត្ដ។21ផ្ទុយទៅវិញ អស់អ្នកដែលប្រព្រឹត្ដតាមសេចក្ដីពិត តែងតែចូលមករកពន្លឺ ដើម្បីអោយគេឃើញថា អំពើដែលខ្លួនប្រព្រឹត្ដនោះ ស្របតាមព្រះជាម្ចាស់មែន»។22បន្ទាប់មក ព្រះយេស៊ូយាងទៅស្រុកយូដាជាមួយពួកសិស្ស ។ ព្រះអង្គស្នាក់នៅទីនោះជាមួយគេព្រមទាំងជ្រមុជទឹក អោយបណ្ដាជនផង។23រីឯលោកយ៉ូហានវិញ លោកក៏ជ្រមុជទឹកអោយគេ នៅអេណូន ក្បែរភូមិសាលីមដែរ ព្រោះនៅទីនោះមានទឹកច្រើន។ មនុស្សម្នានាំគ្នាមករកលោក ហើយលោកជ្រមុជទឹកអោយ។24កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។25ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និង ជនជាតិយូដាម្នាក់ ជជែកគ្នាអំពីពិធីជំរះកាយអោយបានបរិសុទ្ធ ។26គេនាំគ្នាទៅជួបលោកយ៉ូហាន ជំរាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពអោយនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក អោយគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។27លោកយ៉ូហានមានប្រសាសន៍តបទៅគេថា៖ «បើព្រះជាម្ចាស់មិនប្រទានអោយទេ គ្មាននរណាម្នាក់អាចធ្វើអ្វីកើតឡើយ។28អ្នករាល់គ្នាជាបន្ទាល់ស្រាប់ហើយ ខ្ញុំបាននិយាយថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ គឺព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកមុនព្រះអង្គ។29នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសំឡាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និង មានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។30ព្រះអង្គត្រូវតែចំរើនឡើង រីឯខ្ញុំវិញ ខ្ញុំត្រូវតែអន់ថយ។31ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមកទ្រង់មានឋានៈធំលើសគេទាំងអស់។32ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលទ្រង់បានឃើញ និង បានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។33អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គ បានបញ្ជាក់ថា ព្រះជាម្ចាស់បានសំដែងសេចក្ដីពិតមែន។34ព្រះអង្គដែលព្រះជាម្ចាស់ចាត់អោយយាងមក ថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គ យ៉ាងបរិបូណ៌។35ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ អោយនៅក្រោមអំណាចរបស់ព្រះបុត្រា។36អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។