Khmer

John

4

1ព្រះយេស៊ូជ្រាបថាពួកខាងគណៈផារីស៊ីបានឮគេនិយាយថា ព្រះអង្គមានសិស្ស ច្រើនជាងលោកយ៉ូហាន និង បានជ្រមុជទឹកអោយមនុស្សច្រើនជាងដែរ។2តាមពិត ព្រះយេស៊ូពុំបានជ្រមុជទឹកអោយគេផ្ទាល់ព្រះអង្គឡើយ គឺពួកសិស្សវិញទេដែលជាអ្នកជ្រមុជទឹក។3ព្រះអង្គក៏យាងចាកចេញពីស្រុកយូដា ត្រឡប់ទៅស្រុកកាលីឡេវិញ4ហើយត្រូវយាងកាត់តាមស្រុកសាម៉ារី។5ព្រះអង្គបានយាងមកដល់ភូមិមួយរបស់ជនជាតិសាម៉ារី ឈ្មោះភូមិស៊ូខារ នៅជិតចំការដែលលោកយ៉ាកុបបានចែកអោយលោកយ៉ូសែបជាកូន។6នៅទីនោះមានអណ្ដូងទឹកមួយឈ្មោះ "អណ្ដូងលោកយ៉ាកុប"។ ព្រះយេស៊ូអស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់នៅមាត់អណ្ដូង ពេលនោះប្រហែលជាថ្ងៃត្រង់។7មានស្ដ្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានបន្ដិច»។8(សិស្សនាំគ្នាទៅរកទិញស្បៀងអាហារនៅឯភូមិ)។9ស្ដ្រីសាម៉ារីទូលព្រះអង្គថា៖ «លោកជាសាសន៍យូដា ម្ដេចក៏លោកមកសុំទឹកនាងខ្ញុំ ជាស្ដ្រីសាសន៍សាម៉ារីពិសាដូច្នេះ?» (ដ្បិតសាសន៍យូដា និង សាសន៍សាម៉ារីមិនត្រូវគ្នាទេ)។10ព្រះយេស៊ូមានព្រះបន្ទូលតបទៅនាងថា៖ «ប្រសិនបើនាងស្គាល់ព្រះអំណោយទានរបស់ព្រះជាម្ចាស់ និង ស្គាល់អ្នកដែលនិយាយទៅកាន់នាងថា "ខ្ញុំសុំទឹកទទួលទានបន្ដិច" នោះនាងមុខជាសុំទឹកពីលោកវិញពុំខាន ហើយលោកនឹងអោយទឹកដល់នាង គឺជាទឹកដែលផ្ដល់ជីវិត»។11នាងទូលព្រះអង្គថា៖ «លោកម្ចាស់!លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។12តើលោកមានឋានៈធំជាងលោកយ៉ាកុប ជាបុព្វបុរស របស់យើង ដែលបានទុកអណ្ដូងនេះអោយយើងឬ?។ លោកយ៉ាកុប និង កូនចៅរបស់លោកបានពិសាទឹកអណ្ដូងនេះហើយសត្វរបស់លោក ក៏បានផឹកទឹកអណ្ដូងនេះដែរ»។13ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «អស់អ្នកដែលពិសាទឹកនេះ នៅតែស្រេកតទៅមុខទៀត14រីឯអ្នកដែលពិសាទឹកខ្ញុំអោយនោះ នឹងមិនស្រេកទៀតសោះឡើយ ដ្បិតទឹកខ្ញុំអោយនឹងបានទៅជាប្រភពទឹក ដែលផុសឡើងផ្ដល់ជីវិតអស់កល្បជានិច្ច»។15ស្ដ្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់! សូមមេត្ដាផ្ដល់ទឹកនោះមកនាងខ្ញុំផងកុំអោយនាងខ្ញុំស្រេក និង កុំអោយរវល់មកដងទឹកអណ្ដូងនេះទៀត»។16ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។17ស្ដ្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំគ្មានប្ដីទេ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នាងនិយាយថា នាងគ្មានប្ដីដូច្នេះ ត្រូវមែន18ព្រោះនាងធ្លាប់មានប្ដីប្រាំមកហើយ រីឯបុរសដែលនៅជាមួយនាងសព្វថ្ងៃ មិនមែនជាប្ដីរបស់នាងទេ នាងនិយាយត្រង់មែន»។19នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថាលោកពិតជាព្យាការី មែន។20បុព្វបុរសរបស់យើងនាំគ្នាថ្វាយបង្គំព្រះជាម្ចាស់នៅលើភ្នំនេះ តែពួកលោកជាសាសន៍យូដាតែងនិយាយថាត្រូវថ្វាយបង្គំព្រះអង្គនៅក្រុងយេរូសាឡឹមវិញ»។21ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «នាងអើយជឿខ្ញុំចុះ ដល់ពេលកំណត់ មិនមែននៅលើភ្នំនេះឬ នៅក្រុងយេរូសាឡឹមទៀតទេ ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតា។22អ្នករាល់គ្នាមិនស្គាល់ព្រះអង្គដែលអ្នករាល់គ្នាថ្វាយបង្គំទេ រីឯយើងវិញ យើងស្គាល់ព្រះអង្គដែលយើងថ្វាយបង្គំ ដ្បិតការសង្គ្រោះចេញមកពីជនជាតិយូដា។23ប៉ុន្ដែ ដល់ពេលកំណត់ គឺឥឡូវហ្នឹងហើយ អ្នកថ្វាយបង្គំដ៏ពិតប្រាកដ នឹងថ្វាយបង្គំព្រះបិតាតាមវិញ្ញាណ និង តាមសេចក្ដីពិត ដ្បិតព្រះបិតាសព្វព្រះហឫទ័យនឹងអ្នកថ្វាយបង្គំបែបនេះឯង។24ព្រះជាម្ចាស់ជាវិញ្ញាណ ហេតុនេះអស់អ្នកដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំតាមវិញ្ញាណ និង តាមសេចក្ដីពិត»។25ស្ដ្រីនោះទូលព្រះអង្គថា៖ «នាងខ្ញុំដឹងហើយថា ព្រះមេស្ស៊ីហៅព្រះគ្រិស្ដ នឹងយាងមក។ កាលណាព្រះអង្គយាងមកដល់ ទ្រង់នឹងប្រទានអោយយើងដឹងសព្វគ្រប់ទាំងអស់»។26ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំនេះហើយ គឺខ្ញុំដែលកំពុងតែនិយាយជាមួយនាង»។27ពេលនោះ ពួកសិស្សត្រឡប់មកដល់ ឃើញព្រះអង្គកំពុងនិយាយជាមួយស្ដ្រីដូច្នេះ គេងឿងឆ្ងល់ជាខ្លាំង តែគ្មាននរណាទូលសួរព្រះអង្គ ថាព្រះអង្គសួររកអ្វីឬ ហេតុដូចម្ដេចក៏មានព្រះបន្ទូលជាមួយនាងឡើយ។28ស្ដ្រីនោះទុកក្អមចោល រត់ចូលទៅក្នុងភូមិ ប្រាប់អ្នកស្រុកថា៖29«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ។ លោកនោះជាព្រះគ្រិស្ដហើយមើលទៅ!»។30អ្នកស្រុកនាំគ្នាចេញពីភូមិ ទៅរកព្រះយេស៊ូ។31ក្នុងពេលជាមួយគ្នានោះ ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូសូមអញ្ជើញពិសា!»។32ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានអាហារបរិភោគហើយ ជាអាហារដែលអ្នករាល់គ្នាពុំស្គាល់»។33ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។34ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «អាហាររបស់ខ្ញុំ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំអោយមក ព្រមទាំងបង្ហើយកិច្ចការរបស់ព្រះអង្គអោយបានសំរេច។35អ្នករាល់គ្នាតែងពោលថា "បួនខែទៀតដល់រដូវចំរូត"។ រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរមើលទៅវាលស្រែមើល៍ស្រូវទុំល្មមច្រូតហើយ។36អ្នកច្រូតបានប្រាក់ឈ្នួលរបស់ខ្លួន ហើយកំពុងប្រមូលផលទុកសំរាប់ជីវិតអស់កល្បជានិច្ច ដូច្នេះអ្នកសាបព្រោះ និង អ្នកច្រូតកាត់បានសប្បាយរួមជាមួយគ្នា37ស្របតាមពាក្យចាស់លោកថាៈ"ម្នាក់ព្រោះ ម្នាក់ទៀតច្រូត"។38ខ្ញុំបានចាត់អ្នករាល់គ្នាអោយទៅច្រូត នៅក្នុងស្រែដែលអ្នករាល់គ្នាពុំបានធ្វើការនឿយហត់ គឺអ្នកផ្សេងទៀតបានធ្វើការនឿយហត់ ហើយអ្នករាល់គ្នាទទួលផលពីការនឿយហត់របស់អ្នកទាំងនោះ»។39ក្នុងភូមិនោះ មានអ្នកស្រុកសាម៉ារីជាច្រើនបានជឿលើព្រះយេស៊ូ ដោយសារពាក្យដែលស្ដ្រីនោះបានបញ្ជាក់ប្រាប់ថា "លោកមានប្រសាសន៍ប្រាប់ខ្ញុំនូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ"។40ហេតុនេះហើយបានជា កាលជនជាតិសាម៉ារីទៅគាល់ព្រះអង្គ គេអង្វរសូមព្រះអង្គគង់នៅជាមួយគេ ព្រះអង្គយល់ព្រមគង់នៅទីនោះពីរថ្ងៃ។41មានមនុស្សច្រើនជាងនោះ ទៅទៀតបានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។42ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮព្រះអង្គមានព្រះបន្ទូលផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាព្រះអង្គពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន»។43ពីរថ្ងៃក្រោយមក ព្រះយេស៊ូយាងចាកចេញពីទីនោះឆ្ពោះទៅកាន់ស្រុកកាលីឡេ។44ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។45លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានសំដែង ក្នុងឱកាសពិធីបុណ្យចម្លង នៅក្រុងយេរូសាឡឹម ដ្បិតគេក៏បានទៅចូលរួមពិធីបុណ្យនោះដែរ។46ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្ដងទៀត ជាភូមិដែលព្រះអង្គបានធ្វើអោយទឹកទៅជាស្រាទំពាំងបាយជូរ។ នៅទីនោះ មានអ្នករាជការម្នាក់ មកពីក្រុងកាពើណិម កូនប្រុសរបស់លោកមានជំងឺ។47កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ អោយបានជាសះស្បើយ។48ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និង ឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។49មន្ដ្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់អើយ សូមលោកអញ្ជើញមក ក្រែងកូនរបស់ខ្ញុំប្របាទស្លាប់»។50ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អញ្ជើញទៅចុះ កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូក៏ចេញដំណើរទៅ។51ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបំរើរបស់លោកនាំគ្នាចេញមកជំរាបថា កូនរបស់លោករស់ហើយ។52លោកក៏សួរអ្នកបំរើអោយដឹងថាកូនរបស់លោកបានធូរស្បើយពីថ្មើរណា។ គេតបថា៖ «កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។53ឪពុកដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា"កូនរបស់លោករស់ហើយ!"។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។54នេះជាទីសំគាល់លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលដែលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។