1សូមជំរាបមកឯកឧត្ដមថេវភីល សូមជ្រាប! មនុស្សជាច្រើន ខិតខំយកចិត្ដទុកដាក់ កត់ត្រាទុកនូវហេតុការណ៍ទាំងអំបាលម៉ាន ដែលកើតមានក្នុងចំណោមយើងខ្ញុំ។2អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក តាំងពីដំបូងរៀងមក ហើយទទួលមុខងារបំរើព្រះបន្ទូល បានរៀបរាប់ហេតុការណ៍ទាំងនោះបន្ដមកយើងខ្ញុំ។3ខ្ញុំបានពិនិត្យហេតុការណ៍ទាំងនោះ តាំងពីដើមរៀងមក យ៉ាងហ្មត់ចត់ ហើយខ្ញុំក៏យល់ឃើញថាគួរតែកត់ត្រាទុកតាមលំដាប់លំដោយផ្ញើមកជូនលោក។4ខ្ញុំធ្វើដូច្នេះ ក្នុងគោលបំណងចង់អោយលោកជ្រាបថា សេចក្ដីប្រៀនប្រដៅទាំងប៉ុន្មាន ដែលលោកបានទទួល ពិតជាត្រឹមត្រូវមែន។5នៅគ្រាដែលព្រះបាទហេរ៉ូដគ្រងរាជ្យក្នុងស្រុកយូដា មានបូជាចារ្យ មួយរូប ឈ្មោះសាការីជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា ភរិយាលោកឈ្មោះអេលីសាបិត កើតក្នុងត្រកូលរបស់លោកមហាបូជាចារ្យ អើរ៉ុន6ស្វាមីភរិយាទាំងពីររូបនេះជាមនុស្សសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយគាត់គោរពតាមបទបញ្ជា និង ឱវាទរបស់ព្រះអម្ចាស់ ឥតមានទាស់ត្រង់ណាឡើយ។7អ្នកទាំងពីរគ្មានកូនសោះ ព្រោះនាងអេលីសាបិតជាស្ដ្រីអារ ហើយម៉្យាងទៀតអ្នកទាំងពីរក៏មានវ័យចាស់ណាស់ទៅហើយផង។8ថ្ងៃមួយលោកសាការីបំពេញមុខងារជាបូជាចារ្យ តាមវេនក្រុមរបស់លោក។9គេបានជ្រើសរើសលោក ដោយចាប់ឆ្នោតតាមទំនៀមទម្លាប់របស់ក្រុមបូជាចារ្យ អោយលោកចូលទៅដុតគ្រឿងក្រអូបនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។10ពេលលោកដុតគ្រឿងក្រអូប ប្រជាជនច្រើនកុះករនៅខាងក្រៅ កំពុងអធិស្ឋាន ។11រំពេចនោះ លោកសាការីឃើញទេវតា របស់ព្រះអម្ចាស់មួយរូប ឈរនៅខាងស្ដាំអាសនៈសំរាប់ដុតគ្រឿងក្រអូប។12ឃើញដូច្នោះ លោករន្ធត់ចិត្ដ ហើយភ័យខ្លាចទៀតផង។13ទេវតាក៏មានប្រសាសន៍ទៅកាន់លោកថា៖ «កុំខ្លាចអី លោកសាការីអើយ! ព្រះអម្ចាស់យល់ព្រមតាមពាក្យទូលអង្វររបស់លោកហើយ។ នាងអេលីសាបិត ជាភរិយារបស់លោក នឹងបង្កើតកូនប្រុសមួយលោកត្រូវដាក់ឈ្មោះកូននោះថា"យ៉ូហាន"។14កូននោះនឹងធ្វើអោយលោកមានចិត្ដសប្បាយរីករាយ ហើយមនុស្សជាច្រើនអបអរសាទរនឹងកំណើតកុមារនោះដែរ។15កូនរបស់លោកនឹងមានឋានៈដ៏ប្រសើរឧត្ដមនៅចំពោះព្រះភ័ក្ដ្រព្រះអម្ចាស់ មិនសេពសុរា ឬ គ្រឿងស្រវឹងណាមួយសោះឡើយ។ កូននោះនឹងបានពោរពេញទៅដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីក្នុងផ្ទៃម្ដាយមក។16កូននោះនឹងនាំជនជាតិអ៊ីស្រាអែលជាច្រើនមករកព្រះអម្ចាស់ ជាព្រះរបស់គេវិញ។17កូននោះនឹងមកមុនព្រះអង្គ ហើយមានវិញ្ញាណប្រកបដោយឫទ្ធានុភាព ដូចលោកអេលីយ៉ាបានទទួល ដើម្បីបង្វែរចិត្ដឪពុកទៅរកកូន ព្រមទាំងបំបែរចិត្ដមនុស្សរឹងទទឹងអោយត្រឡប់មកជាមនុស្សសុចរិត និង រៀបចំប្រជារាស្ដ្រមួយជាស្រេច ទុកសំរាប់ទទួលព្រះអម្ចាស់»។18លោកសាការីសួរទៅទេវតា ថា៖ «តើធ្វើម្ដេចអោយខ្ញុំដឹងថា ការនោះពិតជាកើតឡើងមែន ព្រោះរូបខ្ញុំនេះចាស់ហើយ រីឯប្រពន្ធខ្ញុំសោតក៏មានអាយុច្រើនទៀតផង»។19ទេវតាតបវិញថា៖ «ខ្ញុំឈ្មោះកាព្រីយ៉ែល ជាអ្នកបំរើព្រះជាម្ចាស់ ព្រះអង្គបានចាត់ខ្ញុំអោយនាំដំណឹងល្អនេះ មកប្រាប់លោក20ប៉ុន្ដែ ដោយលោកពុំព្រមជឿពាក្យខ្ញុំ លោកនឹងទៅជាមនុស្សគ និយាយពុំកើត រហូតដល់ថ្ងៃដែលហេតុការណ៍ទាំងនោះបានសំរេចតាមពេលកំណត់»។21ក្នុងពេលជាមួយគ្នានោះ ប្រជាជនទន្ទឹងរង់ចាំលោកសាការី ហើយងឿងឆ្ងល់ណាស់ ព្រោះលោកចូលទៅក្នុងទីសក្ការៈយូរដូច្នេះ។22កាលលោកចេញមកវិញ លោកពុំអាចនិយាយទៅគេបានឡើយ។ ប្រជាជនទាំងនោះយល់ថា ប្រាកដជាលោកបានឃើញការអស្ចារ្យអ្វីមួយ នៅក្នុងទីសក្ការៈជាមិនខាន។ លោកសាការីធ្វើតែកាយវិការអោយគេយល់ ព្រោះលោកនៅគនិយាយមិនកើត។23លុះលោកសាការីបានបំពេញការងារតាមវេនចប់សព្វគ្រប់ហើយ លោកក៏វិលត្រឡប់ទៅផ្ទះវិញ។24ក្រោយមក នាងអេលីសាបិត ជាភរិយារបស់លោក ក៏ចាប់មានផ្ទៃពោះ នាងលាក់ខ្លួនអស់រយៈពេលប្រាំខែ។ នាងនឹកគិតថា៖25«ឥឡូវនេះ ព្រះអម្ចាស់បានប្រោសប្រណីដល់រូបខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យអោយខ្ញុំលែងខ្មាសមនុស្សលោកទៀតហើយ!»។26ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវតាកាព្រីយ៉ែលអោយទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ27ដើម្បីជួបនឹងស្ដ្រីក្រមុំព្រហ្មចារីម្នាក់ ជាគូដណ្ដឹងរបស់កំឡោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ដ្រីក្រមុំនោះឈ្មោះ នាងម៉ារី។28ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។29ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្ដថា តើពាក្យជំរាបសួរនេះមានន័យដូចម្ដេច។30ទេវតាពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។31នាងនឹងមានគភ៌ សំរាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា"យេស៊ូ"។32បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា "ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត"។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ អោយគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ33ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែល អស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។34នាងម៉ារីសួរទៅទេវតាថា៖«តើធ្វើដូចម្ដេចនឹងអោយការនេះកើតឡើងបានបើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។35ទេវតា ឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត នឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា "ព្រះបុត្រារបស់ព្រះជាម្ចាស់"។36ម៉្យាងទៀត នាងអេលីសាបិត ជាញាតិរបស់នាង មានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ ថែមទាំងជាស្ដ្រីអារទៀតផងក៏ដោយ37ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។38នាងម៉ារីពោលទៅទេវតាថា៖«នាងខ្ញុំជាអ្នកបំរើរបស់ព្រះអម្ចាស់ សូមអោយបានសំរេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មក ទេវតាចាកចេញពីនាងទៅ។39នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយ នៅតំបន់ភ្នំ ក្នុងស្រុកយូដា។40នាងបានចូលទៅក្នុងផ្ទះលោកសាការី ហើយជំរាបសួរនាងអេលីសាបិត។41ពេលនាងអេលីសាបិតឮនាងម៉ារីជំរាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏បានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ42រួចបន្លឺសំឡេងឡើងថា៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ដ្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។43តើរូបខ្ញុំនេះមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។44កាលខ្ញុំបានឮពាក្យជំរាបសួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបំរះឡើង ដោយអំណរសប្បាយ45នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿ ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសំរេចមិនខាន»។46ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់47ខ្ញុំមានចិត្ដអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ48ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបំរើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោល ខ្ញុំជាអ្នកមានសុភមង្គលពិតមែន49ព្រះដ៏មានឫទ្ធានុភាពបានសំដែង ការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ មែន!50ទ្រង់មានព្រះហឫទ័យមេត្ដាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ51ទ្រង់បានសំដែងឫទ្ធិបារមី កំចាត់មនុស្សដែលមានចិត្ដឆ្មើងឆ្មៃ52ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។53ទ្រង់បានប្រទានសម្បត្ដិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមាន អោយត្រឡប់ទៅវិញដោយដៃទទេ។54ព្រះអង្គបានជួយប្រជារាស្ដ្រអ៊ីស្រាអែល ជាអ្នកបំរើរបស់ព្រះអង្គ ហើយតែងតែសំដែងព្រះហឫទ័យមេត្ដាករុណា55ដល់លោកអប្រាហំា និង ពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។56នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។57លុះនាងអេលីសាបិតគ្រប់ខែហើយ គាត់សំរាលបានកូនប្រុសមួយ។58អ្នកជិតខាង និង ញាតិសន្ដាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថាព្រះអម្ចាស់សំដែងព្រះហឫទ័យមេត្ដាករុណាចំពោះគាត់យ៉ាងច្រើនអនេក។59ប្រាំបីថ្ងៃក្រោយមក គេធ្វើពិធីកាត់ស្បែក អោយទារកនោះ ហើយចង់ដាក់ឈ្មោះថា"សាការី"ដូចឪពុកដែរ60តែម្ដាយប្រាប់ថា៖«ទេត្រូវដាក់ឈ្មោះថា"យ៉ូហាន"វិញ»។61ពួកគេតបថា៖ «ក្នុងញាតិសន្ដានរបស់អ្នក គ្មាននរណាមានឈ្មោះហ្នឹងទេ»។62គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីអោយកូន។63លោកសាការីសុំអោយគេយកក្ដារឆ្នួនមួយមក ហើយសរសេរថា «កូននេះឈ្មោះយ៉ូហាន»។ ពួកគេងឿងឆ្ងល់គ្រប់គ្នា។64រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងសរសើរព្រះជាម្ចាស់។65អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្ដិការណ៍នេះឮសុសសាយពេញតំបន់ភ្នំក្នុងស្រុកយូដា។66អស់អ្នកដែលបានឮក៏ចងចាំរឿងនេះទុកក្នុងចិត្ដ ហើយដណ្ដឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។67ពេលនោះ លោកសាការីជាឪពុករបស់ទារកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយថ្លែងពាក្យក្នុងព្រះនាមព្រះអង្គថា៖68«សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតទ្រង់សព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ដ្ររបស់ព្រះអង្គ។69ទ្រង់បានប្រទានព្រះសង្គ្រោះ ដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោម ព្រះញាតិវង្សរបស់ព្រះបាទដាវីឌ ជាអ្នកបំរើព្រះអង្គមកអោយយើង។70ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើង ស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈ ព្យាការី របស់ព្រះអង្គនៅជំនាន់ដើម71គឺព្រះអង្គសង្គ្រោះយើងអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។72ព្រះអង្គសំដែងព្រះហឫទ័យ មេត្ដាករុណាដល់បុព្វបុរស របស់យើង ហើយគោរពតាមសម្ពន្ធមេត្រី ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ73គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ ជាបុព្វបុរសរបស់យើងថា74ទ្រង់នឹងរំដោះយើង អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីយើងអាចគោរពបំរើព្រះអង្គបាន ដោយឥតភ័យខ្លាច75ព្រមទាំងអោយយើងរស់នៅបានបរិសុទ្ធ និង សុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។76ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ព្រោះកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។77កូននឹងធ្វើអោយប្រជារាស្ដ្ររបស់ព្រះអង្គដឹង ថាព្រះអង្គសង្គ្រោះគេ ដោយលើកលែងទោសអោយគេរួចពីបាប។78ព្រះរបស់យើងមានព្រះហឫទ័យ មេត្ដាករុណាដ៏លើសលប់ ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង79និង ដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹត ក្រោមអំណាចនៃសេចក្ដីស្លាប់ ព្រមទាំងតំរង់ផ្លូវយើង ឆ្ពោះទៅរកសេចក្ដីសុខសាន្ដ»។80កុមារយ៉ូហានមានវ័យចំរើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនអោយប្រជារាស្ដ្រអ៊ីស្រាអែលឃើញ។