Khmer

Luke

2

1នៅគ្រានោះ ព្រះចៅអធិរាជរ៉ូម៉ាំងព្រះនាមអូគូស្ដ មានព្រះរាជបញ្ជាអោយជំរឿនចំនួនប្រជាជនទាំងអស់ ក្នុងចក្រភពរ៉ូមុំាងទាំងមូល។2ការជំរឿនប្រជាជនលើកដំបូងនេះ បានធ្វើឡើង ក្នុងអំឡុងពេលដែលលោកគីរេនាស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។3អ្នកស្រុកទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។4រីឯលោកយ៉ូសែបក៏ចេញដំណើរពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។5លោកទៅចុះឈ្មោះជាមួយនាងម៉ារី ជាគូដណ្តឹងដែលមានផ្ទៃពោះ។6ពេលអ្នកទាំងពីរនៅឯភូមិបេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។7នាងសំរាលបានបុត្រមួយ ជាបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់អោយផ្ទំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះសោះ។8ក្នុងស្រុកនោះ ពេលយប់ មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។9ពេលនោះ ទេវតា របស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេនាំអោយគេភ័យខ្លាចយ៉ាងខ្លាំង។10ទេវតាពោលៅគេថា៖ «កុំខ្លាចអ្វីឡើយ ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើអោយប្រជារាស្ដ្រទាំងមូលមានអំណរដ៏លើសលប់។11យប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយគឺព្រះគ្រិស្ដជាអម្ចាស់។12នេះជាសញ្ញាសំគាល់អោយអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នាមុខជាឃើញទារកមួយ ទើបនឹងប្រសូតរុំដោយសំពត់ ផ្ដេកនៅក្នុងស្នូកសត្វ»។13រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖14«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមអោយមនុស្សលោកដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។15លុះពួកទេវតាត្រឡប់ទៅស្ថានបរមសុខវិញ អស់ទៅ ពួកគេបបួលគ្នាថា៖ «ទៅ! យើងនាំគ្នាទៅបេថ្លេហិម មើលហេតុការណ៍ដែលកើតមាន ដូចព្រះអម្ចាស់បានសំដែងអោយយើងដឹង នោះមើល៍»។16ពួកគេប្រញាប់ប្រញាល់នាំគ្នាធ្វើដំណើរទៅ ឃើញនាងម៉ារីលោកយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំក្នុងស្នូកសត្វ។17ពេលពួកគង្វាលឃើញព្រះឱរសហើយ គេក៏រៀបរាប់អំពីសេចក្ដីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ។18អស់អ្នកដែលបានឮពួកគង្វាលនិយាយ នឹកឆ្ងល់យ៉ាងខ្លាំង។19រីឯនាងម៉ារីវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។20បន្ទាប់មក ពួកគង្វាលត្រឡប់ទៅវិញ ទាំងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះហេតុការណ៍ទាំងអស់ដែលគេបានឃើញបានឮ ស្របតាមសេចក្ដីដែលទេវតាបានប្រាប់គេឥតមានខ្វះត្រង់ណាឡើយ។21ប្រាំបីថ្ងៃក្រោយមក ដល់ពេលកំណត់ធ្វើពិធីកាត់ស្បែក ថ្វាយព្រះឱរស គេថ្វាយព្រះនាមថា «យេស៊ូ» ជាព្រះនាមដែលទេវតា បានប្រាប់នាងម៉ារី មុនពេលមានផ្ទៃពោះ។22លុះដល់ពេលកំណត់ដែលលោកយ៉ូសែប និង នាងម៉ារីត្រូវធ្វើពិធីជំរះកាយ អោយបានបរិសុទ្ធ តាមវិន័យ លោកម៉ូសេ បានចែងទុក អ្នកទាំងពីរក៏នាំព្រះឱរសទៅថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម23ដ្បិតក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់មានចែងទុកមកថា៖ «កូនប្រុសច្បងទាំងអស់ ត្រូវទុកជាចំណែកថ្វាយព្រះអម្ចាស់»។24អ្នកទាំងពីរថ្វាយយញ្ញបូជាស្របតាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ដែលតំរូវអោយថ្វាយ"លលកមួយគូ ឬ ព្រាបស្ទាវពីរ"។25នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចព្រះជាម្ចាស់ ព្រមទាំងទន្ទឹងរង់ចាំពេលព្រះអង្គយាងមកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធ សណ្ឋិតលើគាត់26ហើយសំដែងអោយគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ដ ដែលព្រះអម្ចាស់ចាត់អោយមកទេនោះ។27ព្រះវិញ្ញាណនាំលោកស៊ីម្មានចូលក្នុងព្រះវិហារ ។ ពេលមាតាបិតានាំព្រះឱរសយេស៊ូមកថ្វាយព្រះជាម្ចាស់ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ28លោកស៊ីម្មានក៏យកព្រះឱរសមកបី រួចសរសើរតម្កើងព្រះជាម្ចាស់ថា៖29«បពិត្រព្រះដ៏ជាចៅហ្វាយ! ឥឡូវនេះ ព្រះអង្គបានសំរេចតាមព្រះបន្ទូលសន្យាហើយ។ ដូច្នេះសូមអោយទូលបង្គំជាអ្នកបំរើរបស់ព្រះអង្គ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ30ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះ31ដែលព្រះអង្គបានប្រទានមកអោយប្រជាជាតិទាំងអស់32គឺជាពន្លឺដែលនាំអោយមនុស្ស គ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និង ជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្ដ្រព្រះអង្គ»។33មាតាបិតារបស់ព្រះយេស៊ូ ងឿងឆ្ងល់នឹងសេចក្ដីដែលលោកស៊ីម្មានមានប្រសាសន៍ អំពីព្រះឱរសណាស់។34លោកស៊ីម្មានជូនពរអ្នកទាំងពីរ ហើយនិយាយទៅកាន់នាងម៉ារី ជាមាតាថា៖«ព្រះជាម្ចាស់បានចាត់បុត្រនេះមក ដើម្បីអោយជនជាតិអ៊ីស្រាអែលច្រើននាក់ដួល ឬ ងើបឡើងវិញ។ បុត្រនេះជាទីសំគាល់មួយបង្ហាញអំពីការសង្គ្រោះរបស់ព្រះជាម្ចាស់ តែមានមនុស្សជាច្រើននឹងជំទាស់ប្រឆាំង។35បុត្រនេះធ្វើអោយគំនិតលាក់កំបាំងរបស់មនុស្សជាច្រើន លេចច្បាស់ឡើង រីឯនាងវិញ នាងនឹងឈឺចុកចាប់យ៉ាងខ្លាំង ដូចមានដាវមួយមកចាក់ទម្លុះដួងចិត្ដ របស់នាង»។36មានព្យាការិនីម្នាក់ឈ្មោះ អាណ ជាកូនរបស់លោកផាញូអែល ក្នុងកុលសម្ព័ន្ធ អេស៊ើរ។ គាត់រៀបការបានប្រាំពីរឆ្នាំ ប្ដីគាត់ក៏ទទួលមរណភាពចោលទៅ37គាត់នៅមេម៉ាយរហូត ឥឡូវនេះគាត់មានវ័យចាស់ណាស់ទៅហើយ អាយុប៉ែតសិបបួនឆ្នាំ។ គាត់មិនទៅណាឆ្ងាយពីព្រះវិហារ ទេ គាត់នៅគោរពបំរើព្រះអង្គទាំងយប់ទាំងថ្ងៃ ដោយតមអាហារ និង អធិស្ឋាន ផង។38ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងព្រះជាម្ចាស់ រួចតំណាលអំពីព្រះឱរសនោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំព្រះជាម្ចាស់យាងមកលោះក្រុងយេរូសាឡឹម។39កាលមាតាបិតារបស់ព្រះយេស៊ូបានបំពេញកិច្ចការទាំងអស់ ស្របតាមក្រឹត្យវិន័យ របស់ព្រះអម្ចាស់សព្វគ្រប់ហើយ គាត់ក៏នាំគ្នាវិលត្រឡប់ទៅណាសារ៉ែតជាភូមិរបស់គាត់ក្នុងស្រុកកាលីឡេវិញ។40ព្រះកុមារមានវ័យចំរើនឡើងជាលំដាប់ មានកម្លាំងកាន់តែមាំមួនឡើង និង ពោរពេញទៅដោយព្រះប្រាជ្ញាញាណ។ ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងព្រះកុមារនេះណាស់។41ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង មាតាបិតារបស់ព្រះយេស៊ូ តែងតែធ្វើដំណើរទៅក្រុងយេរូសាឡឹម។42លុះដល់ព្រះយេស៊ូមានព្រះជន្មាយុដប់ពីរព្រះវស្សា មាតាបិតាក៏នាំព្រះអង្គឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។43លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។44គាត់នឹកស្មានថា ព្រះកុមារគង់នៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកព្រះកុមារក្នុងចំណោមញាតិមិត្ដទាំងអស់45ប៉ុន្ដែ រកពុំឃើញសោះគាត់ក៏នាំគ្នាត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ដើម្បីរកព្រះអង្គនៅទីនោះទៀត។46បីថ្ងៃក្រោយមក មាតាបិតាឃើញព្រះយេស៊ូក្នុងព្រះវិហារ ព្រះអង្គគង់នៅកណ្ដាលចំណោមគ្រូអាចារ្យ កំពុងតែស្ដាប់គេនិយាយព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។47អស់អ្នកដែលស្ដាប់ព្រះកុមារ នឹកឆ្ងល់ពីព្រះបន្ទូលឆ្លើយឆ្លងរបស់ព្រះអង្គ ប្រកបដោយព្រះប្រាជ្ញាញាណ។48កាលមាតាបិតាបានឃើញព្រះកុមារហើយ គាត់នឹកឆ្ងល់យ៉ាងខ្លាំង។ មាតាសួរថា៖ «កូនអើយ! ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ឪពុកម្ដាយព្រួយចិត្ដណាស់ ខំដើររកកូន»។49ព្រះកុមារមានព្រះបន្ទូលតបថា៖«ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថាកូនត្រូវនៅក្នុងដំណាក់ព្រះបិតារបស់កូន ទេឬ?»។50ប៉ុន្ដែ មាតាបិតាពុំបានយល់អត្ថន័យនៃព្រះបន្ទូលរបស់ព្រះកុមារឡើយ។51បន្ទាប់មក ព្រះកុមារយេស៊ូយាងត្រឡប់ទៅភូមិណាសារ៉ែតជាមួយមាតាបិតាវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ មាតារបស់ព្រះអង្គចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។52ព្រះយេស៊ូមានវ័យចំរើនឡើង ហើយមានប្រាជ្ញាកាន់តែវាងវៃ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និង ជាទីគាប់ចិត្ដមនុស្សផងទាំងពួង។