Khmer

Luke

11

1មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំអោយចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។2ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលៈ ឱព្រះបិតាអើយ សូមសំដែងព្រះនាមដ៏វិសុទ្ធ របស់ព្រះអង្គអោយមនុស្សលោកស្គាល់ សូមអោយព្រះរាជ្យ ព្រះអង្គបានមកដល់។3សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។4សូមអត់ទោសយើងខ្ញុំអោយរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសអោយអស់អ្នកដែលបានប្រព្រឹត្ដខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយអោយយើងខ្ញុំចាញ់ ការល្បួងឡើយ»។5ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើម្នាក់មានមិត្ដសំឡាញ់មករកទាំងពាក់កណ្ដាលអធ្រាត្រ ហើយពោល "សំឡាញ់អើយ! អោយគ្នាខ្ចីនំបុ័ងបីដុំសិនមក6ព្រោះមានមិត្ដភក្ដិទើបនឹងធ្វើដំណើរមកដល់ ហើយគ្មានអ្វីទទួលគេសោះ"។7អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា "កុំរំខានគ្នាធ្វើអ្វី គ្នាបានខ្ទាស់ទ្វារទៅហើយ ម៉្យាងទៀត កូនចៅគ្នាកំពុងដេកលក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងអោយសំឡាញ់ឯងបានទេ"។8ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្ដសំឡាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយកដូច្នេះ មិនមែនមកពីគាត់យោគយល់មិត្ដសំឡាញ់ទេ គឺមកពីមិត្ដសំឡាញ់នោះចេះតែរំខានមិនឈប់។9រីឯខ្ញុំវិញ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះព្រះជាម្ចាស់នឹងប្រទានអោយចូរស្វែងរក គង់តែនឹងឃើញ ចូរគោះទ្វារ នោះព្រះអង្គនឹងបើកអោយអ្នករាល់គ្នាជាពុំខាន10ដ្បិតអ្នកណាសូម អ្នកនោះរមែងតែងតែទទួល អ្នកណាស្វែងរក រមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារអោយអ្នកដែលគោះ។11ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំត្រីមិនដែលមានឪពុកណាយកពស់អសិរពិសអោយវាទេ12បើកូនសុំពងមាន់ ក៏មិនដែលមាន ឪពុកណាយកខ្យាដំរីអោយវាដែរ។13សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ ក៏ចេះអោយរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ អោយអស់អ្នកដែលទូលសូមពីព្រះអង្គយ៉ាងណាទៅទៀត»។14ព្រះយេស៊ូកំពុងបណ្ដេញអារក្សចេញពីមនុស្ស គម្នាក់។ លុះអារក្សចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង។15ប៉ុន្ដែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញអារក្សបានដូច្នេះ ព្រោះបេលសេប៊ូលជាស្ដេចអារក្សបានប្រគល់អំណាចអោយគាត់»។16មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គក៏សូមអោយព្រះអង្គសំដែងទីសំគាល់មួយ បញ្ជាក់ថា ព្រះអង្គបានទទួលអំណាចមកពីព្រះជាម្ចាស់។17ព្រះយេស៊ូឈ្វេងយល់ចិត្ដគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចជានគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាមិនខាន។18យ៉ាងណាមិញ ប្រសិនបើមារសាតាំង បាក់បែកទាស់ទែងគ្នាឯង ធ្វើម្ដេចនឹងអោយរាជ្យរបស់វានៅស្ថិតស្ថេរបាន! ខ្ញុំនិយាយដូច្នេះ ព្រោះអ្នករាល់គ្នាថាខ្ញុំដេញអារក្សដោយអំណាចបេលសេប៊ូល។19ប្រសិនបើខ្ញុំដេញអារក្ស ដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញអារក្ស ដោយអំណាចនរណាវិញ?។ ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។20ផ្ទុយទៅវិញ បើខ្ញុំដេញអារក្ស ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្ដីថា ព្រះរាជ្យ របស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។21បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្ដិរបស់គេនឹងបានគង់វង្ស។22ប៉ុន្ដែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជំនះបាន គេនឹងដកហូតគ្រឿងអាវុធ ព្រមទាំងរឹបអូសទ្រព្យសម្បត្ដិពីអ្នកនោះ យកទៅចែកអោយ អ្នកផ្សេងថែមទៀតផង។23អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាមិនជួយប្រមូលផ្ដុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកំចាត់កំចាយ។24កាលបើអារក្សចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ នោះវាមុខជានិយាយថា"អញនឹងវិលត្រឡប់ទៅផ្ទះដែលអញទើបនឹងចេញមក"។25លុះទៅដល់ឃើញផ្ទះនោះបោសស្អាតហើយតុបតែងល្អ26វានឹងចេញទៅបបួលអារក្សប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលអ្នកនោះបណ្ដាលអោយគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត»។27កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលដូចេ្នះ មានស្ដ្រីម្នាក់បន្លឺសំឡេងចេញពីចំណោមបណ្ដាជន ទូលព្រះអង្គថា៖ «ស្ដ្រីដែលបានបង្កើតលោក ព្រមទាំងបានបំបៅលោក ពិតជាមានសុភមង្គល មែន!»។28ប៉ុន្ដែ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកណាស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។29ខណៈនោះ មហាជនប្រជុំគ្នាយ៉ាងច្រើនកុះករព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ ព្រះជាម្ចាស់មិនប្រទានទីសំគាល់ណាផ្សេងក្រៅពីទីសំគាល់របស់ព្យាការី យ៉ូណាសឡើយ។30លោកយ៉ូណាសបានធ្វើជាទីសំគាល់អោយអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្ស ក៏នឹងធ្វើជាទីសំគាល់អោយមនុស្សជំនាន់នេះឃើញ យ៉ាងនោះដែរ។31នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សលោក មហាក្សត្រីយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ ស្ដេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសស្ដេចសាឡូម៉ូនទៅទៀត។32នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់ពួកគេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្ដគំនិត នៅពេលឮ សេចក្ដីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៅទៀត!»។33«ពុំដែលមាននរណាអុជចង្កៀង យកទៅលាក់ទុក ឬ យកធុងគ្របពីលើឡើយ។ គេតែងយកចង្កៀងទៅដាក់លើ ជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលទៅក្នុងផ្ទះ។34ភ្នែកជាចង្កៀងរបស់រូបកាយ បើភ្នែកអ្នកនៅភ្លឺល្អ រូបកាយអ្នកទាំងមូលក៏ភ្លឺដែរ តែបើភ្នែកអ្នកងងឹតវិញ រូបកាយអ្នកក៏ងងឹតដែរ។35ហេតុនេះត្រូវប្រយ័ត្នកុំអោយពន្លឺនៅក្នុង ខ្លួនអ្នកត្រឡប់ទៅជាភាពងងឹតឡើយ។36ប្រសិនបើរូបកាយរបស់អ្នកទាំងមូលមានពន្លឺ ឥតងងឹតត្រង់ណាទេនោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺចិញ្ចែងចិញ្ចាច ដូចចង្កៀងបំភ្លឺអ្នកដែរ»។37កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលមានបុរសម្នាក់ខាងគណៈផារីស៊ី បានសូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមតុជាមួយគាត់។38អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាងព្រះហស្ដមុនពេលសោយ។39ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកផារីស៊ីអើយអ្នករាល់គ្នាសំអាតពែង និង ចាន តែផ្នែកខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្ដកេងប្រវ័ញ្ច និង គំនិតអាក្រក់។40មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាងក្នុងដែរទេឬ?41ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដាទាំងអស់ នឹងបានស្អាតបរិសុទ្ធ សំរាប់អោយអ្នករាល់គ្នាប្រើប្រាស់។42ពួកផារីស៊ីអើយ អ្នករាល់គ្នានឹងត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរលីងល័ខ និង បន្លែគ្រប់មុខ មួយភាគដប់ មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែអ្នករាល់គ្នាធ្វេសប្រហែស មិនបានប្រព្រឹត្ដតាមសេចក្ដីសុចរិត ហើយមិនបានស្រឡាញ់ព្រះអង្គឡើយ គឺការនេះហើយដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ដ ឯការដទៃទៀត ក៏អ្នករាល់គ្នាមិនត្រូវបំភ្លេចចោលដែរ។43ពួកផារីស៊ីអើយ! អ្នករាល់គ្នាត្រូវវេទនាជាមិនខាន ព្រោះអ្នករាល់គ្នាចូលចិត្ដអង្គុយនៅកន្លែងកិត្ដិយសក្នុងសាលាប្រជុំ ហើយចូលចិត្ដ អោយគេអោនកាយគោរពអ្នករាល់គ្នានៅតាមផ្សារ។44អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាប្រៀបបាន នឹងផ្នូរខ្មោច ដែលគេមើលមិនឃើញ ហើយត្រូវគេដើរជាន់ដោយមិនដឹងខ្លួន»។45មានបណ្ឌិតខាងវិន័យម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ដូច្នេះ បានសេចក្ដីថាលោកត្មះតិះដៀលយើងខ្ញុំ»។46ព្រះយេស៊ូមាន ព្រះបន្ទូលតបថា៖ «ពួកបណ្ឌិតខាងវិន័យអើយ អ្នករាល់គ្នាក៏នឹងត្រូវវេទនាដែរ ព្រោះអ្នករាល់គ្នាបានបង្កើតវិន័យតឹងរ៉ឹងយកមកផ្ទុកលើមនុស្ស ហើយអ្នករាល់គ្នាមិនជួយគេទេ សូម្បីតែបន្ដិចក៏មិនជួយផង។47អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានសង់ផ្នូរអោយព្យាការី ដែលបុព្វបុរស របស់អ្នករាល់គ្នាបានសម្លាប់។48អ្នករាល់គ្នា ធ្វើដូច្នេះ បញ្ជាក់ថាអ្នករាល់គ្នាសមគំនិតនឹងអំពើដែលបុព្វបុរសរបស់អ្នករាល់គ្នាបានប្រព្រឹត្ដ គឺគេបានសម្លាប់ពួកព្យាការី ហើយអ្នករាល់គ្នាបានសង់ផ្នូរ។49ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណមានព្រះបន្ទូលថា "យើងនឹងចាត់ព្យាការី ព្រមទាំងទូតរបស់យើងជាច្រើនអោយទៅរកគេ តែគេនឹងសម្លាប់ខ្លះ ព្រមទាំងបៀតបៀនខ្លះទៀតផង"។50ដូច្នេះ មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ពីព្រោះបុព្វបុរសរបស់គេបាន សម្លាប់ព្យាការីតាំងតែពីកំណើតពិភពលោកមក51គឺចាប់តាំងពីលោកអេបិល រហូតដល់លោកសាការី ដែលត្រូវគេសម្លាប់នៅត្រង់ចន្លោះទីអាសនៈ និង ទីសក្ការៈ។ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មនុស្សជំនាន់នេះនឹងត្រូវទទួលទោស ព្រោះតែឃាតកម្មទាំងនោះជាមិនខាន។52ពួកបណ្ឌិតខាងវិន័យ អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាបានបិទទ្វារមាគ៌ា មិនអោយគេចូលទៅស្គាល់ព្រះជាម្ចាស់។ អ្នករាល់គ្នាមិនត្រឹមតែមិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងឃាត់អស់អ្នកដែលចង់ចូល មិនអោយគេចូលទៀតផង»។53ពេលព្រះយេស៊ូយាងចាកចេញពីទីនោះទៅពួកអាចារ្យ និង ពួកខាងគណៈផារីស៊ីនាំគ្នាប្រឆំាងនឹងព្រះអង្គយ៉ាងខ្លាំង ហើយដេញដោលសួរព្រះអង្គអំពីរឿងផ្សេងៗជាច្រើន54ដែលសុទ្ធសឹងតែជាកលល្បិចរកចាប់កំហុសព្រះអង្គ។