Khmer

Luke

10

1ក្រោយមក ព្រះអម្ចាស់ជ្រើសយកសិស្ស ចិតសិបពីររូបទៀត ហើយចាត់គេពីរៗនាក់ អោយទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបំរុងនឹងយាងទៅ។2ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែអោយចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។3ចូរនាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាទៅ ដូចអោយកូនចៀមទៅកណ្ដាលហ្វូងចចក។4កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជំរាបសួរអ្នកណាតាមផ្លូវដែរ។5ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូងត្រូវពោល "សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ ដល់មនុស្សក្នុងផ្ទះនេះ"។6បើនៅក្នុងផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដីសុខសាន្ដ នោះគេនឹងបានសុខសាន្ដ ដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិលត្រឡប់មកអ្នករាល់គ្នាវិញ។7ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។8បើអ្នករាល់គ្នាចូលទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។9ត្រូវប្រោសអ្នកជំងឺក្នុងភូមិនោះអោយបានជា ហើយប្រាប់អ្នកភូមិថាៈ "ព្រះរាជ្យ របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ"។10ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថាៈ11"សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់អោយអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ សូមជ្រាបថាព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ"។12ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។13អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នក ក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំង នោះនឹងប្រែចិត្ដគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។14ហេតុនេះហើយបានជានៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យ ទោសមនុស្សលោក អ្នកក្រុងទីរ៉ូស និង អ្នកក្រុងស៊ីដូនទទួលទោសស្រាលជាងអ្នករាល់គ្នា។15អ្នកក្រុងកាពើណិម អើយ! កុំនឹកស្មានថាអ្នកនឹងបានថ្កើងឡើងដល់ស្ថានសួគ៌ឡើយ អ្នកនឹងធ្លាក់ទៅស្ថាននរកវិញ»។16ព្រះយេស៊ូមានព្រះបន្ទូលទៅសិស្សទៀតថា៖ «អ្នកណាស្ដាប់អ្នករាល់គ្នា ក៏ដូចជាស្ដាប់ខ្ញុំដែរ។ អ្នកណាបដិសេធមិនទទួលអ្នក រាល់គ្នាក៏ដូចជាបដិសេធមិនទទួលខ្ញុំដែរ ហើយអ្នកណាមិនទទួលខ្ញុំ ក៏ដូចជាមិនទទួលព្រះអង្គដែលចាត់ខ្ញុំអោយមកនោះដែរ»។17ពួកសិស្ស ទាំងចិតសិបពីររូបត្រឡប់មកវិញ ទាំងត្រេកអរ ហើយទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយដោយសារព្រះនាមព្រះអង្គ សូម្បីតែអារក្សក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។18ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឃើញមារសាតាំង ធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។19ខ្ញុំបានអោយអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និង ខ្យាដំរី ព្រមទាំងបង្ក្រាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ20ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញវិញ្ញាណអាក្រក់ចុះចូលអ្នករាល់គ្នាគឺត្រូវត្រេកអរ ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។21ខណៈនោះ ព្រះវិញ្ញាណបានធ្វើអោយព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖« បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសំដែងការទាំងនេះអោយមនុស្សតូចតាចយល់ តែទ្រង់លាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។22ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។23បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គល ហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ!24ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និង ស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។25ពេលនោះ មានបណ្ឌិតខាងវិន័យម្នាក់ក្រោកឈរទូលសួរព្រះយេស៊ូ ក្នុងគោលបំណងចង់ចាប់កំហុសព្រះអង្គថា៖ «លោកគ្រូ! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអោយបានទទួលជីវិតអស់កល្បជានិច្ច?»។26ព្រះយេស៊ូមានព្រះបន្ទូល ទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យមានចែងអ្វីខ្លះ? ពេលលោកអានតើលោកយល់យ៉ាងណា?»។27គាត់ទូលឆ្លើយ ទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកអោយអស់ពីចិត្ដគំនិត អស់ពីស្មារតី អស់ពីកម្លាំង និង អស់ពីប្រាជ្ញា ហើយត្រូវស្រឡាញ់បងប្អូនឯទៀតៗអោយបានដូចស្រឡាញ់ខ្លួនឯងដែរ»។28ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់ សុំធ្វើដូច្នេះទៅ នោះលោកនឹងមានជីវិតអស់កល្បជាមិនខាន»។29ប៉ុន្ដែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវគាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។30ព្រះយេស៊ូមានព្រះបន្ទូលថា៖ «មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹមឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរ វាប្លន់គាត់ ថែមទាំងវាយដំគាត់អោយរបួសជាទម្ងន់រួចនាំគ្នារត់បាត់អស់ទៅ ទុកគាត់ចោលនៅស្ដូកស្ដឹងបាត់ស្មារតីមិនដឹងខ្លួន។31ពេលនោះ មានបូជាចារ្យ មួយរូបធ្វើ ដំណើរចុះតាមផ្លូវនោះ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។32មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។33គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់ ធ្វើដំណើរមកតាមផ្លូវនោះដែរ គាត់ឃើញបុរសនោះ គាត់មានចិត្ដអាណិតអាសូរពន់ពេកណាស់។34គាត់ចូលទៅជិតអ្នករបួស យកប្រេង និង ស្រា ចាក់ពីលើមុខរបួសរុំរបួសអោយ រួចគាត់លើកអ្នករបួសដាក់លើជំនិះរបស់គាត់ នាំទៅផ្ទះសំណាក់ ហើយថែទាំអ្នករបួសនោះ។35ស្អែកឡើង គាត់យកប្រាក់ប្រគល់អោយម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា "សូមថែទាំបុរសនេះផង ប្រសិនបើអ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងជូនបង្គ្រប់"។36ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរសដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។37អាចារ្យ ឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដអោយបានដូចអ្នកនោះទៅ»។38កាលព្រះយេស៊ូធើ្វដំណើរជាមួយពួកសិស្សព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ដ្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គអោយស្នាក់ក្នុងផ្ទះនាង។39នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។40រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបំរើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកអោយខ្ញុំម្ចាស់បំរើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់អោយនាងមកជួយខ្ញុំម្ចាស់ផង»។41ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ហើយរវល់នឹងកិច្ចការច្រើនណាស់42ប៉ុន្ដែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។