1ព្រះយេស៊ូត្រាស់ហៅសិស្ស ទាំងដប់ ពីររូបមកជួបជុំគ្នា ហើយទ្រង់ប្រទានឫទ្ធានុភាពប្រទានអំណាចអោយគេ បណ្ដេញអារក្សទាំងអស់ និង មើលជំងឺផ្សេងៗអោយបានជា។2ព្រះអង្គចាត់គេអោយចេញទៅប្រកាស អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់ ព្រមទាំងមើលអ្នកជំងឺអោយបានជាផង។3ទ្រង់មានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬ ប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។4បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។5បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលី ដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ »។6ពួកសិស្ស នាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅ ភូមិមួយទាំងផ្សព្វផ្សាយដំណឹងល្អ និង មើលអ្នកជំងឺគ្រប់កន្លែងអោយបានជាផង។7កាលព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ ជ្រាបហេតុការណ៍ទាំងនោះហើយ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណាដ្បិតមានអ្នកខ្លះនិយាយថា"លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ"។8អ្នកខ្លះទៀតនិយាយថា"ព្យាការី អេលីយ៉ាបានបង្ហាញខ្លួនអោយគេឃើញ" ហើយអ្នកខ្លះទៀតនិយាយថា "មានព្យាការីមួយរូបពីសម័យបុរាណ បានរស់ឡើងវិញ"។9រីឯព្រះបាទហេរ៉ូដមានរាជឱង្ការថា៖ «យើងបានអោយគេកាត់ក យ៉ូហានស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះ ជានរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។10សាវ័ក នាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ទូលព្រះយេស៊ូ នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ ព្រះអង្គនាំគេចេញដាច់ឡែកពីមហាជន តំរង់ទៅភូមិមួយឈ្មោះបេតសៃដា11តែមហាជនដឹង ក៏នាំគ្នាទៅតាមព្រះអង្គ។ ព្រះយេស៊ូទទួលពួកគេ ហើយមានព្រះបន្ទូលអំពីព្រះរាជ្យ របស់ព្រះជាម្ចាស់អោយគេស្ដាប់ព្រមទាំងប្រោសអ្នកជំងឺអោយបានជាផង។12ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីររូបចូលទៅទូលព្រះអង្គថា៖ «សូមព្រះអង្គប្រាប់អោយបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់ តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។13ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារអោយគេបរិភោគទៅ»។ ពួកសិស្សទូលព្រះអង្គថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និង ត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសំរាប់ប្រជាជនទាំងនេះ!»។14នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេអោយអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។15ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេអោយអង្គុយចុះទាំងអស់គ្នា។16ព្រះយេស៊ូយកនំបុ័ងទាំងប្រាំដុំ និង ត្រីពីរកន្ទុយនោះមកកាន់ ទ្រង់ងើបព្រះភ័ក្ដ្រឡើងលើសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានអោយសិស្ស ដើម្បីអោយគេចែកបណ្ដាជនបរិភោគ។17គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។18ថ្ងៃមួយ ពេលព្រះយេស៊ូនៅអធិស្ឋាន ដាច់ឡែកពីបណ្ដាជនពួកសិស្ស ក៏នៅជាមួយព្រះអង្គដែរ។ ព្រះអង្គមាន ព្រះបន្ទូលសួរគេថា៖«តើមហាជនទាំងឡាយថាខ្ញុំជានរណា?»។19ពួកសិស្សទូលឆ្លើយថា៖«អ្នកខ្លះថាលោកគ្រូជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថា លោកជាព្យាការីអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកជាព្យាការីមួយរូបពីសម័យ បុរាណដែលរស់ឡើងវិញ»។20ព្រះយេស៊ូសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកពេត្រុសទូលព្រះអង្គថា៖ «លោកជាព្រះគ្រិស្ដ ដែលព្រះជាម្ចាស់ចាត់អោយមក»។21ព្រះយេស៊ូក៏ហាមប្រាមគេ មិនអោយនិយាយប្រាប់អ្នកណាជាដាច់ខាត។22ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «បុត្រមនុស្ស ត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ ពួកអាចារ្យ នឹងបោះបង់លោកចោល ថែមទាំងសម្លាប់លោកទៀតផង។ ប៉ុន្ដែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។23បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន រៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ24ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្ដែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។25បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្ដិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិត នោះមានប្រយោជន៍អ្វី។26បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រមនុស្ស យាងមកប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ព្រមទាំងសិរីរុងរឿងរបស់ព្រះបិតា និង របស់ទេវតា ដ៏វិសុទ្ធ ទ្រង់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។27ប្រាកដមែន ខ្ញុំសុំប្រាប់អោយអ្នករាល់ គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះរាជ្យ របស់ព្រះជាម្ចាស់»។28ប្រមាណជាប្រាំបីថ្ងៃក្រោយ ពីព្រះយេស៊ូមានព្រះបន្ទូលទាំងនោះមក ព្រះអង្គនាំលោកពេត្រុស លោកយ៉ូហាន និង លោកយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន ។29ពេលកំពុងអធិស្ឋាន ស្រាប់តែព្រះភ័ក្ដ្ររបស់ព្រះអង្គប្រែជាមានរស្មី ហើយព្រះពស្ដ្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សត្រចះត្រចង់។30ពេលនោះ មានបុរសពីរនាក់ គឺលោកម៉ូសេ និង ព្យាការីអេលីយ៉ា សន្ទនាជាមួយព្រះយេស៊ូ។31លោកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយមានប្រសាសន៍អំពីដំណើរដែលព្រះអង្គត្រូវសោយទិវង្គតនៅក្រុងយេរូសាឡឹម។32លោកពេត្រុស និង មិត្ដភក្ដិរបស់លោកសំរាន្ដលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ និង ឃើញលោកទាំងពីរឈរជាមួយព្រះអង្គ។33កាលលោកម៉ូសេ និង ព្យាការីអេលីយ៉ាកំពុងតែចាកចេញពីព្រះយេស៊ូទៅ លោកពេត្រុសទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសំរាប់ព្រះគ្រូ មួយសំរាប់លោកម៉ូសេ និង មួយទៀតសំរាប់ព្យាការីអេលីយ៉ា»។ លោកពេត្រុសមានប្រសាសន៍ទាំងពុំដឹងថាខ្លួននិយាយអ្វី ឡើយ។34កាលលោកពេត្រុសកំពុងតែមានប្រសាសន៍ស្រាប់តែមានពពក មកគ្របបាំងគេទាំងអស់គ្នា ធ្វើអោយសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។35មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «ព្រះអង្គនេះជាបុត្រដែលយើងបានជ្រើសរើស ចូរស្ដាប់ព្រះអង្គចុះ!»។36បន្ទាប់ពីបានឮព្រះសូរសៀងនេះហើយ គេឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះ។ នៅគ្រានោះសិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។37នៅថ្ងៃបន្ទាប់ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកព្រះអង្គ។38មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «លោកគ្រូអើយ! សូមមេត្ដាប្រោស ប្រណីដល់កូនប្រុសខ្ញុំប្របាទផង ព្រោះខ្ញុំប្របាទមានកូនតែមួយនេះគត់។39ពេលវិញ្ញាណអាក្រក់ចូលម្ដងៗវាស្រែក រើបំរះប្រកាច់ប្រកិនបែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយវិញ្ញាណអាក្រក់ក៏ចេញទៅ ទុកអោយកូនខ្ញុំប្របាទនៅគ្រាំគ្រា។40ខ្ញុំប្របាទបានអង្វរសិស្សរបស់លោកអោយដេញវិញ្ញាណអាក្រក់នោះដែរ ប៉ុន្ដែ គេមិនអាចដេញវាចេញបានសោះ»។41ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវអោយខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។42ពេលក្មេងនោះដើរចូលមកជិតព្រះយេស៊ូ ស្រាប់តែអារក្សផ្ដួលវាធ្វើអោយវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ ព្រះយេស៊ូមានព្រះបន្ទូលគំរាមទៅវិញ្ញាណអាក្រក់ ព្រះអង្គប្រោសក្មេងនោះអោយបានជា ហើយប្រគល់ទៅអោយឪពុកវាវិញ។43មនុស្សគ្រប់គ្នាស្ងើចអំពីមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែរបស់ព្រះជាម្ចាស់។ នៅពេលមនុស្ស គ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែងនឹងការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖44«ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ដ គឺបុត្រមនុស្ស នឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។45ពួកសិស្សពុំបានយល់ព្រះបន្ទូលនេះទេព្រោះព្រះជាម្ចាស់មិនទាន់សំដែងអត្ថន័យអោយគេយល់ ប៉ុន្ដែ ពួកគេមិនហ៊ានទូលសួរព្រះអង្គអំពីរឿងនេះឡើយ។46ខណៈនោះ ពួកសិស្ស ជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។47ព្រះយេស៊ូឈ្វេងយល់ គំនិតរបស់គេ ក៏យកក្មេងម្នាក់មកអោយឈរក្បែរព្រះអង្គ48រួចមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលក្មេង នេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលព្រះអង្គដែលបានចាត់ខ្ញុំអោយមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។49លោកយ៉ូហានទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអារក្ស ក្នុងនាមព្រះគ្រូ។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមព្រះគ្រូដូចយើងខ្ញុំ»។50ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។51លុះជិតដល់ថ្ងៃកំណត់ដែលព្រះយេស៊ូត្រូវយាងចាកចេញពីលោកនេះទៅ ព្រះអង្គសំរេចព្រះហឫទ័យយាងទៅក្រុងយេរូសាឡឹម52ព្រះអង្គបានចាត់អ្នកខ្លះអោយទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងថ្វាយព្រះអង្គ។53ប៉ុន្ដែ អ្នកស្រុកពុំ្រពមទទួលព្រះអង្គអោយស្នាក់ឡើយ ព្រោះព្រះអង្គយាងឆ្ពោះទៅក្រុងយេរូសាឡឹម។54ពេលសិស្សពីរនាក់ គឺលោកយ៉ាកុប និង លោកយ៉ូហានឃើញដូច្នោះក៏ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គសព្វព្រះហឫទ័យអោយយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។55ព្រះយេស៊ូបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។56បន្ទាប់មក ព្រះអង្គយាងឆ្ពោះ ទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស ។57កាលព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ទូលព្រះអង្គថា៖«ខ្ញុំប្របាទសុខចិត្ដទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។58ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្ស គ្មានទីជំរកសំរាកសោះឡើយ»។59ព្រះអង្គមានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖«សូមលោកមេត្ដាអនុញ្ញាតអោយខ្ញុំប្របាទទៅបញ្ចុះសពឪពុកសិន»។60ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ទុកអោយមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹង អំពីព្រះរាជ្យ របស់ព្រះជាម្ចាស់»។61មានម្នាក់ទៀតទូលព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្ដទៅតាមលោកដែរ ប៉ុន្ដែ សូមអនុញ្ញាតអោយខ្ញុំប្របាទទៅជំរាបលាក្រុមគ្រួសារសិន»។62ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាក មើលក្រោយ អ្នកនោះ គ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យ របស់ព្រះជាម្ចាស់ឡើយ»។