1ពេលនោះ មានអ្នកខ្លះមកទូលព្រះយេស៊ូ អំពីអ្នកស្រុកកាលីឡេដែលលោកពីឡាតបានសម្លាប់ នៅពេលគេកំពុងតែថ្វាយយញ្ញបូជា។2ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «តើអ្នករាល់គ្នាស្មានថាអ្នកស្រុកកាលីឡេទាំងនោះជាមនុស្សបាប ច្រើនជាងអ្នកស្រុកកាលីឡេឯទៀតៗឬបានជាគេស្លាប់របៀបនេះ?3ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូចគេមិនខាន។4ចុះមនុស្សដប់ប្រាំបីនាក់ដែលបានស្លាប់ ដោយប៉មស៊ីឡោមរលំសង្កត់លើ តើអ្នករាល់គ្នាស្មានថា អ្នកទាំងនោះមានទោសធ្ងន់ជាងអ្នកក្រុងយេរូសាឡឹមឯទៀតៗឬ?5ទេ មិនមែនទេ! ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាបើអ្នករាល់គ្នាមិនកែប្រែចិត្ដគំនិតទេ អ្នករាល់គ្នានឹងត្រូវវិនាសអន្ដរាយដូច្នោះដែរ»។6បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះទៅគេថា៖ «មានឧទុម្ពរ មួយដើម ដុះក្នុងចំការបុរសម្នាក់។ ម្ចាស់ចំការមករកបេះផ្លែពីដើមឧទុម្ពរនោះ តែគ្មានផ្លែសោះ7គាត់ក៏ប្រាប់អ្នកថែចំការថា៖ «មើល៍ ខ្ញុំមករកបេះផ្លែ ឧទុម្ពរនេះបីឆ្នំាហើយ តែមិនឃើញមានផ្លែសោះ។ ចូរកាប់វាចោលទៅ ទុកនាំតែខាតដីទេ!»។8អ្នកថែចំការឆ្លើយ តបថា៖ «សូមលោកទុកវាមួយឆ្នំាទៀតសិន ចំាខ្ញុំជ្រួយដីជុំវិញ ហើយដាក់ជី។9ប្រហែលជាឆ្នំាក្រោយនឹងមានផ្លែ បើមិនផ្លែទេ សឹមកាប់វាចោលទៅចុះ!»។10ថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូកំពុងតែប្រៀនប្រដៅគេក្នុងសាលាប្រជុំ ។11នៅទីនោះ មានស្ដ្រីម្នាក់ដែលត្រូវ វិញ្ញាណអាក្រក់ធ្វើអោយពិការ អស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ នាងកោងខ្នងងើបត្រង់ពុំកើត។12ពេលព្រះយេស៊ូទតឃើញស្ដ្រីនោះ ព្រះអង្គហៅនាងមក ហើយមានព្រះបន្ទូលថា៖«នាងអើយ! នាងបានជាសះស្បើយហើយ»។13ព្រះអង្គដាក់ព្រះហស្ដលើនាង នាងក៏ឈរត្រង់វិញបានមួយរំពេច ព្រមទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។14ប៉ុន្ដែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺអោយបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបាន ចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។15ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់អ្នកទទួលខុសត្រូវលើសាលាប្រជុំនោះថា៖ «មនុស្សមានពុតអើយ! តើអ្នករាល់គ្នាមិនស្រាយគោ ឬ លា បញ្ចេញពីក្រោលដឹកទៅផឹកទឹកនៅថ្ងៃសប្ប័ទទេឬអី?។16ឯស្ដ្រីនេះជាពូជពង្សរបស់លោកអប្រាហំា មារសាតាំងបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នំាមកហើយ តើមិនគួរអោយខ្ញុំស្រាយចំណងនាងនៅថ្ងៃសប្ប័ទទេឬអី?»។17កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ អ្នកប្រឆាំងនឹងព្រះអង្គអៀនខ្មាសយ៉ាងខ្លាំង រីឯបណ្ដាជនទាំងមូលវិញ គេរីករាយនឹងការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ។18ព្រះយេស៊ូមានព្រះបន្ទូលថា៖ «តើព្រះរាជ្យព្រះជាម្ចាស់ប្រៀបបានទៅនឹងអ្វីខ្លះ? តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ ទៅនឹងអ្វី?។19ព្រះរាជ្យព្រះជាម្ចាស់ប្រៀបបីដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដំាក្នុងចំការរបស់ខ្លួន។ គ្រាប់នោះក៏ដុះឡើង បានទៅជាដើមឈើមួយ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យ នៅតាមមែក របស់វា»។20ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «តើខ្ញុំប្រដូចព្រះរាជ្យព្រះជាម្ចាស់ទៅនឹងអ្វី?។21ព្រះរាជ្យ ព្រះជាម្ចាស់ប្រៀបបីដូចជាមេម្សៅ ដែលស្ដ្រីម្នាក់យកទៅលាយជាមួយនឹងម្សៅពីរតៅធ្វើអោយម្សៅ នោះដោរឡើង»។22ព្រះយេស៊ូធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡឹមកាត់តាមក្រុង តាមភូមិនានា ព្រមទាំងប្រៀនប្រដៅអ្នកស្រុកផង។23មានបុរសម្នាក់ទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! អ្នកដែលព្រះជាម្ចាស់សង្គ្រោះមានចំនួនតិចទេឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖24«ចូរខំប្រឹងចូលតាមទ្វារចង្អៀត។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាមានមនុស្សជាច្រើនខំចូលដែរ ក៏ប៉ុនែ្ដគេមិនអាចចូលបានឡើយ។25កាលណាម្ចាស់ផ្ទះក្រោកទៅបិទទ្វារជិតហើយ អ្នករាល់គ្នានឹងឈរនៅខាងក្រៅគោះទ្វារផ្ទះទាំងអង្វរថា "ឱព្រះអម្ចាស់អើយ សូមបើកទ្វារអោយយើងខ្ញុំផង"។ ម្ចាស់ផ្ទះនឹងតបមកអ្នករាល់គ្នាថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។26អ្នករាល់គ្នាមុខជាជំរាបលោកថា "យើងខ្ញុំធ្លាប់បរិភោគជាមួយព្រះអង្គ ហើយព្រះអង្គក៏ធ្លាប់ប្រៀនប្រដៅយើងខ្ញុំ នៅតាមភូមិដែរ"។27លោកនឹងប្រាប់អ្នករាល់គ្នាវិញថា "ពួកអ្នកប្រព្រឹត្ដអំពើទុច្ចរិតអើយ! ចូរថយចេញអោយឆ្ងាយពីយើងទៅ យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ!"។28កាលអ្នករាល់គ្នាឃើញលោកអប្រាហំា លោកអ៊ីសាក លោកយ៉ាកុប និង ព្យាការី ទាំងឡាយ ស្ថិតនៅក្នុងព្រះរាជ្យ ព្រះជាម្ចាស់ តែព្រះអង្គចោល អ្នករាល់គ្នាអោយនៅខាងក្រៅ អ្នករាល់គ្នានឹងយំសោកខឹងសង្កៀតធ្មេញ។29មានមនុស្សមកពីទិសទាំងបួន ចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យព្រះជាម្ចាស់។30ពេលនោះ អ្នកខ្លះដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកខ្លះដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយវិញ»។31នៅពេលនោះ មានពួកខាងគណៈផារីស៊ី ខ្លះមកទូលព្រះយេស៊ូថា៖«សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។32ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «ចូរអ្នករាល់គ្នាទៅប្រាប់ស្ដេចកំហូច នោះថា ថ្ងៃនេះ និង ថ្ងៃស្អែក ខ្ញុំបណ្ដេញអារក្ស ខ្ញុំមើលអ្នកជំងឺអោយជា លុះដល់ខានស្អែកខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ។33ប៉ុន្ដែនៅថ្ងៃនេះ ស្អែក និង ខានស្អែក ខ្ញុំត្រូវតែបន្ដដំណើររបស់ខ្ញុំទៅមុខទៀត ដ្បិតមិនគួរអោយព្យាការី ស្លាប់នៅខាងក្រៅក្រុងយេរូសាឡឹមឡើយ។34អ្នកក្រុងយេរូសាឡឹម អ្នកក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នាបានសម្លាប់ពួកព្យាការី ហើយយកដុំថ្មគប់សម្លាប់អស់អ្នកដែលព្រះជាម្ចាស់បានចាត់អោយមករកអ្នក រាល់គ្នា។ ច្រើនលើកច្រើនសាមកហើយ ដែលខ្ញុំចង់ប្រមូលផ្ដុំអ្នករាល់គ្នា ដូចមេមាន់ក្រុងកូនវានៅក្រោមស្លាប តែអ្នករាល់គ្នាពុំព្រមសោះ។35ផ្ទះរបស់អ្នករាល់គ្នានឹងត្រូវបោះបង់ចោល។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹង លែងឃើញខ្ញុំទៀតហើយ រហូតដល់ពេលអ្នករាល់គ្នាពោលៈ "សូមព្រះជាម្ចាស់ប្រទានពរដល់ ព្រះអង្គដែលយាងមកក្នុងនាមព្រះអម្ចាស់!" »។