1មានថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លំាមើលព្រះអង្គ។2មានបុរសម្នាក់កើតទាច ឈរនៅមុខព្រះអង្គ។3ព្រះយេស៊ូមានព្រះបន្ទូលសួរទៅពួកបណ្ឌិតខាងវិន័យ និង ពួកខាងគណៈផារីស៊ី ថា៖ «តើយើងមានសិទ្ធិមើលអ្នកជំងឺអោយបានជា នៅថ្ងៃសប្ប័ទឬទេ?»។4គេនៅស្ងៀមទាំងអស់គ្នា ព្រះយេស៊ូហៅអ្នកជំងឺមក ហើយប្រោសគាត់អោយជា រួចអោយគាត់ត្រឡប់ទៅវិញ។5បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានកូន ឬ គោធ្លាក់អណ្ដូង ទោះបីថ្ងៃនោះជាថ្ងៃសប្ប័ទក៏ដោយ ក៏អ្នកនោះស្រង់វាឡើងជាបន្ទាន់មិនខាន»។6គេពុំអាចឆ្លើយ តបនឹងព្រះអង្គអំពីសេចក្ដីទាំងនេះបានឡើយ។7ព្រះយេស៊ូសង្កេតឃើញភ្ញៀវៗចេះតែរើសកន្លែងកិត្ដិយសអង្គុយ ព្រះអង្គក៏មានព្រះបន្ទូលជាប្រស្នាទៅគេថា៖8«បើមានគេអញ្ជើញអ្នកទៅជប់លៀង ក្នុងពិធីមង្គលការណាមួយ សុំកុំទៅអង្គុយកន្លែងដែលគេបំរុងទុក សំរាប់ភ្ញៀវ កិត្ដិយស ក្រែងលោគេបានអញ្ជើញភ្ញៀវម្នាក់ទៀត មានឋានៈខ្ពស់ជាងអ្នក។9ប្រសិនបើម្ចាស់ផ្ទះបានអញ្ជើញអ្នកផង អញ្ជើញភ្ញៀវមានឋានៈខ្ពស់នោះផង គាត់មុខជាសុំអោយអ្នកទុកកន្លែងកិត្ដិយសជូនអ្នកមានឋានៈខ្ពស់ជាមិនខាន។ ពេលនោះអ្នកនឹងត្រូវអាម៉ាស់មុខ ហើយទៅអង្គុយកន្លែងអន់ជាងគេវិញ។10ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា "សំឡាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ" ពេលនោះ អ្នកនឹងមានកិត្ដិយស នៅចំពោះមុខភ្ញៀវទាំងអស់ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។11អ្នកណាលើកតម្កើងខ្លួនអ្នកនោះនឹងត្រូវគេបន្ទាបចុះ។ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវគេលើកតម្កើងវិញ»។12បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់អ្នកដែលបានយាងព្រះអង្គមកសោយព្រះស្ងោយនោះថា៖«កាលណាអ្នកអញ្ជើញភ្ញៀវមកជប់លៀង ទោះបីថ្ងៃត្រង់ក្ដីល្ងាចក្ដី កុំអញ្ជើញមិត្ដភក្ដិបងប្អូន ញាតិសន្ដានរបស់អ្នក ឬ អ្នកជិតខាងដែលមានសម្បត្ដិស្ដុកស្ដម្ភនោះឡើយ ដ្បិតអ្នកទាំងនោះអញ្ជើញអ្នកតបស្នងវិញបាន។13ផ្ទុយទៅវិញ ពេលណាអ្នកធ្វើពិធីជប់លៀងត្រូវអញ្ជើញអ្នកក្រីក្រ មនុស្សពិការ ខ្វិនខ្វាក់។14ធ្វើដូច្នេះ អ្នកនឹងមានសុភមង្គល ជាមិនខាន ដ្បិតអ្នកទាំងនោះពុំអាចតបស្នងអ្នកបានឡើយ គឺព្រះជាម្ចាស់វិញទេដែលនឹងតបស្នងជូនអ្នក នៅពេលមនុស្សសុចរិតរស់ឡើងវិញ»។15ក្រោយបានឮព្រះបន្ទូលទាំងនេះហើយ បុរសម្នាក់ដែលអង្គុយរួមតុជាមួយព្រះយេស៊ូ ទូលព្រះអង្គថា៖«អ្នកណាបានចូលរួមពិធីជប់លៀងក្នុងព្រះរាជ្យ របស់ព្រះជាម្ចាស់ អ្នកនោះប្រាកដជា មានសុភមង្គល ហើយ!»។16ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មានបុរសម្នាក់រៀបពិធីជប់លៀងមួយយ៉ាងធំ ហើយលោកបានអញ្ជើញ ភ្ញៀវជាច្រើន។17លុះដល់ម៉ោងជប់លៀង លោកចាត់អ្នកបំរើអោយទៅប្រាប់ភ្ញៀវថា "ម្ហូបអាហារបានរៀបចំស្រេច ហើយសូមអញ្ជើញមក!"។18ប៉ុន្ដែ ភ្ញៀវទាំងនោះដោះសាបន្ដបន្ទាប់គ្នា ម្នាក់និយាយទៅកាន់អ្នកបំរើថា "ខ្ញុំទើបនឹងទិញដីចំការមួយកន្លែង ខ្ញុំត្រូវតែចេញទៅមើលឥឡូវនេះ សូមមេត្ដាអភ័យទោសអោយខ្ញុំផង"។19ម្នាក់និយាយថា "ខ្ញុំទើបនឹងទិញគោប្រាំនឹម ខ្ញុំត្រូវតែទៅទឹមវាសាក លមើលសូមមេត្ដាអភ័យទោសអោយខ្ញុំផង"។20ម្នាក់ទៀតពោលថា "ខ្ញុំទើបនឹងរៀបការប្រពន្ធខ្ញុំពុំអាចទៅចូលរួមក្នុងពិធីជប់លៀងបានឡើយ"។21អ្នកបំរើវិលទៅជួបម្ចាស់ របស់ខ្លួនវិញ ហើយជំរាបលោកតាមដំណើររឿង។ ម្ចាស់ផ្ទះក៏ខឹង លោកប្រាប់ទៅអ្នកបំរើថា "ចូរប្រញាប់ចេញទៅ តាមទីផ្សារ ទៅតាមផ្លូវនានាក្នុងទីក្រុង ហើយប្រមូលមនុស្សក្រីក្រ មនុស្សពិការ និង មនុស្សខ្វាក់ខ្វិនមក"។22បន្ដិចក្រោយមក អ្នកបំរើជំរាបចៅហ្វាយវិញថា "លោកម្ចាស់! ខ្ញុំបាទបានធ្វើតាមបង្គាប់របស់លោកហើយតែកន្លែងអង្គុយនៅមាន សល់ទៀត"។23ម្ចាស់ផ្ទះប្រាប់ទៅអ្នកបំរើទៀតថា "ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាអោយចូលមកពេញផ្ទះខ្ញុំ។24ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ក្នុងចំណោមអស់អ្នកដែលខ្ញុំបានអញ្ជើញកាលពីមុននោះ គ្មាននរណាម្នាក់បានបរិភោគក្នុងពិធីជប់លៀងរបស់ខ្ញុំឡើយ!"»។25មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ដ្រទៅរកគេ ហើយមានព្រះបន្ទូលថា៖26«បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លំាងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និង ជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។27អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសិស្សរបស់ខ្ញុំបានដែរ។28ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិនដើម្បីអោយដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬ យ៉ាងណា29ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកអោយមិនខាន។30គេនឹងពោល "មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!"។31ម៉្យាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ទ្រង់ត្រូវគង់គិតគូរជាមុនសិនថា បើទ្រង់មានទ័ពមួយម៉ឺននាក់ តើទ្រង់អាចតទល់នឹងបច្ចាមិត្ដដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា32បើឃើញថាមិនអាចតទល់បានទេ នោះទ្រង់នឹងចាត់រាជទូតអោយទៅសុំចរចារកសន្ដិភាព ក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។33ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសិស្ស របស់ខ្ញុំបានឡើយ»។34«អំបិលជារបស់មួយសំខាន់ណាស់។ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើធ្វើម្ដេចនឹងអោយវាប្រៃវិញបាន?។35វាគ្មានសារប្រយោជន៍អ្វីទៀតទេ ទោះបីយកទៅលាយដីឬ លាយជី ក៏មិនកើតដែរ មានតែចាក់ចោលទៅខាងក្រៅប៉ុណ្ណោះ។ អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។